ប្រិយមិត្តជាទីគោរពរាប់អាន ! គ្រោះថ្នាក់ចរាចរណ៍គឺឃាតកលាក់មុខ ដែលតែងតែកើតមានឡើងជាញឹកញាប់នៅតាមដងផ្លូវ ដោយសារ ការធ្វេសប្រហែសក្នុងការបើកបរ ឬកត្តាផ្សេងៗ។ ខណៈគ្រោះថ្នាក់កើតឡើងម្ដងៗ ភាគីរងគ្រោះ និង ភាគីបង្កជជែក យកឈ្នះ យកចាញ់រហូតឈានដល់ប្តឹងផ្ដល់គ្នាតាមផ្លូវច្បាប់ ដើម្បីទាមទារសំណងតែរៀងៗខ្លួន។ ដើម្បីឱ្យជ្រាបច្បាស់នូវផ្លូវច្បាប់មួយចំនួនទាក់ទងគ្រោះថ្នាក់ចរាចរណ៍នេះ សារព័ត៌មានខ្មែរឈានមុខ មានអ្នកជំនាញបកស្រាយតាមព្រឹត្តិការណ៍នីមួយៗដូចតទៅ !
តើឧបទ្ទេវហេតុ គ្រោះថ្នាក់ចរាចរណ៍ បណ្តាលឱ្យមនុស្សស្លាប់ អ្នកបើកបរ ឬ/និង ម្ចាស់រថយន្ត មានករណីកិច្ច និងការទទួលខុសត្រូវអ្វីខ្លះ?
ថ្មីៗនេះ រថយន្តរបស់លោកអភិបាលខេត្តមណ្ឌលគិរី បានជួបគ្រោះថ្នាក់ចរាចរណ៍នៅខេត្តត្បូងឃ្មុំ ហើយក្នុងឧបទ្ទេវហេតុនោះបណ្តាលឱ្យយុវជនពីរនាក់ ជាអ្នកបើកបរម៉ូតូសណ្តោងរ៉ឺម៉ក ស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ។ ក្រោយគ្រោះថ្នាក់ អ្នកបើកបររថយន្តបានរ៉េចង្កូតធ្លាក់ផ្លូវ បានចុះដោះស្លាកលេខរថយន្ត និងគេចខ្លួនបាត់ ដោយមិនអាចកំណត់អត្តសញ្ញាណអ្នកបើកបរបានឡើយ។
ក្រោយកើតហេតុ មានសារព័ត៌មានអនឡាញមួយចំនួន បានដាក់ការសង្ស័យ លើលោកអភិបាលខេត្តមណ្ឌលគិរី និងដាក់បន្ទុកថា រថយន្តលោកអភិបាលខេត្តមណ្ឌលគិរី ជាអ្នកបង្កហេតុ បណ្តាលឱ្យមនុស្សស្លាប់។ ហើយមានព័ត៌មានទាំងផ្លូវការ និងមិនផ្លូវការ បានបកស្រាយថា លោកអភិបាលខេត្ត មិននៅក្នុងរថយន្ត នៅពេលគ្រោះថ្នាក់នោះទេ គឺលោកបានឱ្យអ្នកបើកបរម្នាក់ យករថយន្តទៅធ្វើនៅភ្នំពេញ ដោយលោកប្រើប្រាស់រថយន្តមួយផ្សេងទៀត។
តើឧបទ្ទេវហេតុ គ្រោះថ្នាក់ចរាចរណ៍ បណ្តាលឱ្យមនុស្សស្លាប់ អ្នកបើកបរ ឬ/និង ម្ចាស់រថយន្ត មានករណីកិច្ច និងការទទួលខុសត្រូវអ្វីខ្លះ?
តាមច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកឆ្នាំ២០១៧ មាត្រា ៨៣ ចែងថា “អ្នកបើកបរត្រូវមានទោសជាប់ពន្ធនាការពី១ឆ្នាំ ដល់៣ឆ្នាំ និងពិន័យជាប្រាក់ពី៤លាន ទៅ១៥លានរៀល” ព្រោះអ្នកបើកបរបណ្តាលឱ្យមានរបួសមនុស្សច្រើននាក់ និង រត់គេចខ្លួនពីកន្លែងកើតហេតុក្នុងគោលបំណងគេចវេសពីការទទួលខុសត្រូវ។ព្រមទាំងហាមឃាត់ចំពោះការប្រកបវិជ្ជាជីវៈ(បើកបរ)រយៈពេល៥ឆ្នាំ។ ហាមឃាត់ចំពោះការបើកបរយានយន្ត ទោះបីជាប្រភេទណាក៏ដោយសម្រាប់រយៈពេល៥ឆ្នាំយ៉ាងច្រើន។ ព្យួរលិខិតបើកបររយៈពេលដល់៥ឆ្នាំ និង ការបិទផ្សាយសេចក្តីសម្រេចផ្តន្ទារទោស ជាសាធសារណៈ តាមបណ្តាញផ្សព្វផ្សាយផ្សេងៗរយៈពេលយ៉ាងយូរ៨ថ្ងៃ។
បើម្ចាស់រថយន្តជាអ្នកផ្សេង ម្ចាស់រថយន្តនោះត្រូវសងសំណងដល់ជនរងគ្រោះដែលទទួលមរណភាពទាំងពីរនាក់នោះ ទៅតាមស្ថានភាពប្រាក់ចំណូល កម្លាំងពលកម្ម ភាពល្បីល្បាញនិងសាច់ញាតិដែលរំពឹងទទួលផលប្រយោជន៍ពីអ្នកស្លាប់នោះ។ ពុំមែនម្ចាស់ថរយន្តសងតាមការកំណត់ខាងលើត្រឹមតែ១៥លានរៀលនោះទេ ទឹកប្រាក់ចំនួន១៥លានរៀលនោះ គឺពិន័យចូលរដ្ឋ ដើម្បីចាត់ចែងរបបសន្តិសុខសង្គម ឬតាមការកំណត់របស់ច្បាប់រដ្ឋ។
ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ ការឆ្លើយបបំភ្លឺទាក់ទងនឹងគ្រោះថ្នាក់នោះ ដូចជាអត្តសញ្ញាណជនរងគ្រោះ មូលហេតុនៃឧបទ្ទេវហេតុ ការដាក់ការសន្និដ្ឋានលើអ្នកបង្ក(អាចជាជនល្មើស ឬជនរងគ្រោះផ្ទាល់) គឺជាសមត្ថកិច្ចផ្តាច់មុខរបស់នគរបាលចរាចរណ៍ផ្លូវគោគ នៃដែនដីទីកន្លែងកើតហេតុ។
អ្នកសារព័ត៌មាន គ្រាន់តែអាចរាយការណ៍អំពី ស្ថានភាពគ្រោះថ្នាក់ដូចជា រវាងយានយន្តអ្វី ប៉ះឬបុកជាមួយយានយន្តអ្វី អ្នកណាគ្រោះថ្នាក់អ្វី? នៅវេលាណា? ទីកន្លែងណា? មូលហេតុអ្វី? បានសង្គ្រោះ ឬទេ? អ្នកសារព័ត៌មាន ពុំអាចដាក់ការសន្និដ្ឋានលើបុគ្គលណាម្នាក់ជាដាច់ខាត់ ព្រោះវាជាសមត្ថកិច្ចផ្តាច់មុខរបស់មន្ត្រីនគរបាល ចរាចរណ៍ផ្លូវគោក ដែលទទួលបានសម្បទា ជាមន្ត្រីនគរបាលយុត្តិធម៌ ក្នុងការធ្វើកំណត់ហេតុ ឬការបកស្រាយ។
តើអ្នកសារព័ត៌មាន អាចមានសិទ្ធិថតរូប ជនរងគ្រោះ ឬជនសង្ស័យបង្កបានដែរឬទេ? អាចថតបាន! តែមិនអាចផុសជាសាធារណៈ លើទំព័រសារព័ត៌មានរបស់ខ្លួនបានឡើយ លើកលែងតែមានការយល់ព្រមពីសាមីខ្លួន។ បើសាមីខ្លួនស្លាប់ ត្រូវសុំពីគ្រួសារសព ឬអាចផុសបានដែរ តែត្រូវបាំងមុខកុំឱ្យសម្គាល់អត្តសញ្ញាណបុគ្គល ឬស្ថានភាពអាក្រាត និងមុខរបួសដែលរន្ធត់ តក់ស្លុតជាដើម។
ការដាក់ការសង្ស័យ ឬចោទប្រកាន់ លើបុគ្គលណាមួយ ជាសាធារណៈ ដោយខ្វះមូលដ្ឋាន អាចប្រឈមមុខនឹងបទល្មើសចំពោះអ្នកសារព័ត៌មានដែលបានបំពានសិទ្ធិបុគ្គល និងច្បាប់ជាធរមាន។
ចុះតើម្ចាស់រថយន្ត បើពុំបានបើកបរ ឬនៅលើរថយន្តនៅពេលជួបឧបទ្ទេវហេតុទេ ត្រូវមានកាតព្វកិច្ចអ្វីខ្លះ? ដូចបានជម្រាបជូនខាងលើ កាតព្វកិច្ចច្បង គឺត្រូវដោះស្រាយសំណងដល់ជនរងគ្រោះ (បើរបួស នាំទៅពេទ្យ បើស្លាប់រៀបចំពិធីបុណ្យសព) ដើម្បីបង្ហាញពីការទទួលខុសត្រូវ និងអំពើមនុស្សធម៌។ លើសពីនេះ ម្ចាស់យានយន្ត ត្រូវរាយការណ៍ និងបង្ហាញភស្តុតាង អំពីអវត្តមានរបស់ខ្លួននៅលើរថយន្តនាពេលកើតហេតុ ហើយត្រូវបង្ហាញឈ្មោះ និងភស្តុតាងអំពីអត្តសញ្ញាណអ្នកដែលទទួល កាន់កាប់ និងគ្រប់គ្រងយានយន្តរបស់ខ្លួនចាប់ពីពេលប្រគល់ រហូតដល់ពេលយានយន្តនោះជួបគ្រោះថ្នាក់ ឬបង្កគ្រោះថ្នាក់ចរាចរណ៍។ ដើម្បីឱ្យសមត្ថកិច្ចនាំទៅបំភ្លឺ ឬសួរចម្លើយអំពីគ្រោះថ្នាក់នោះ ឬក៏ទទួលទោស បើខ្លួនបានបង្ក ដើម្បីទទួលបានស្ថានសម្រាល។
បើនគរបាលចរាចរណ៍ មិនទាន់ចេញររបាយការណ៍ និងការសន្និដ្ឋានទេ ពុំអាចចោទប្រកាន់អ្នកណាមួយថាជាជនល្មើស ឬអ្នកបង្កបានឡើយ។ មានតែតុលាការទេ ដែលអាចសម្រេចចោទប្រកាន់អ្នកណាមួយបាន យោងលើកំណត់ហេតុមន្ត្រីនគរបាលចរាចរណ៍ផ្លូវគោគ។ ពុំមែនអ្នកនៅរស់សុទ្ធតែជាអ្នកបង្កគ្រោះថ្នាក់ទេ។ អាចអ្នករងគ្រោះ បើកបរដោយធ្វេសប្រហែស បណ្តាលឱ្យគេបុកស្លាប់ក៏អាចកើតឡើងបានដែរ។
ត្រង់ចំណុចនេះ មនុស្សគ្រប់រូប ត្រូវតែប្រុងប្រយ័ត្នឱ្យបានខ្ពស់បំផុតនៅពេលបើកបរ។ ប្រព័ន្ធយុត្តិធម៌ គួរតែកាត់សេចក្តីដោយឈរលើការពិចារណាឱ្យបានមធ្យ័តដើម្បីការពារបុគ្គលដែលគោរពច្បាប់ អាចរួចពីការទទួលខុសត្រូវដោយសារកំហុសជនរងគ្រោះ នឹងទទួលបានសំណងថែមទៀត បើជនរងគ្រោះរហូតដល់ស្លាប់ រងរបួសនោះ បានបង្កព្យសនកម្ម ឬការខូចខាតដល់គេ។ ពុំនោះទេ អាណាព្យាបាល ឬសន្តតិជនរបស់ជនរងគ្រោះត្រូវសងជំនួស បើជនរងគ្រោះបានស្លាប់បាត់ទៅហើយ។ នៅអារ្យប្រទេស គ្រប់យានជំនិះត្រូវមានធានារ៉ាប់រង ដែលសម្រាប់សងសំណងដល់អ្នកដែលរងគ្រោះ ដោយសារកំហុសអចេនា ឬកំហុសភាគីម្ខាងទៀត៕ ដោយ៖ សារព័ត៌មានខ្មែរឈានមុខ