មេខ្លោងគ្រឿងញៀន ៥នាក់ ត្រូវបានចាប់ខ្លួន និងរឹបអូសគ្រឿងញៀនបានជាង ១៨ គីឡូក្រាម

 ភ្នំពេញ៖ សមត្ថកិច្ចចេញប្រតិបត្តិការបង្ក្រាបករណីជួញដូរគ្រឿងញៀន នៅរាជធានីភ្នំពេញ និងខេត្តបន្ទាយមានជ័យ ដោយចាប់បានជនល្មើស ជាជនជាតិខ្មែរ ៥នាក់ (ប្រុសទាំងអស់) រឹបអូសបានគ្រឿងញៀនជាង១៨ គីឡូក្រាម។ នេះបើតាមការផ្សាយលើទំព័រហ្វេសប៊ុករបស់មន្ទីរប្រឆាំងគ្រឿងញៀន នៅថ្ងៃពុធ ទី២១ ខែកញ្ញា ឆ្នាំ២០២២។

មន្ទីរប្រឆាំងគ្រឿងញៀន បានអះអាងថា ប្រតិបត្តិការនេះធ្វើឡើងកាលពីថ្ងៃទី១៧ ខែកញ្ញា ហើយគោលដៅបង្រ្កាបករណីនេះ គឺនៅទីតាំង៥ផ្សេងៗគ្នាក្នុងនោះនៅរាជធានីភ្នំពេញ រួមមាន៖ គោលដៅទី១: នៅចំណុចបន្ទប់ជួលគ្មានលេខ ផ្លូវលំ ស្ថិតក្នុងសង្កាត់ ខណ្ឌកំបូល រាជធានីភ្នំពេញ។ ចំពោះគោលដៅទី២: ឆែកឆេរនៅចំណុច បន្ទប់ជួលគ្មានលេខ ផ្លូវលំ ស្ថិតក្នុងសង្កាត់គោករកា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ដោយឡែកនៅខេត្តបន្ទាយមានជ័យ ៣ទីតាំង រួមមាន៖ ដោលដៅទី១: នៅចំណុចភូមិបាលិលេយ្យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ។ ឯគោលដៅទី២: ឆែកឆេរនៅចំណុច បន្ទប់ជួលលេខ៣០៤ (ផ្ទះសំណាក់ប៉ោយប៉ែតស៊ីធី) ស្ថិតក្នុងភូមិក្បាលស្ពាន២ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ រីឯគោលដៅទី៣: នៅចំណុចផ្ទះគ្មានលេខ ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

មន្ទីរប្រឆាំងគ្រឿងញៀន បានគូសបញ្ជាក់ថា ប្រតិបត្តិការបង្រ្កាបគ្រឿងញៀននេះ សមត្ថកិច្ចបានចាប់ខ្លួនជនជាតិខ្មែរ ៥នាក់ និងវត្ថុតាងចាប់យក រួមមាន៖ មេតំហ្វេតាមីន(ICE)ទម្ងន់សុទ្ធ ១៦ គ.ក្រ ៦៩៤.៩ក្រាម, អ៊ិចស្តាស៊ី (MDMA) ទម្ងន់សុទ្ធ ១ គ.ក្រ ៥១៣.៤៣ក្រាម, កេតាមីន (KETAMIN) ទម្ងន់សុទ្ធ ២០ក្រាម, នីមេតាហ្សេប៉ាមទម្ងន់សុទ្ធ៦៥.៧ក្រាម, អាវុធខ្លី ១ដើម។

សូមបញ្ជាក់ថា បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងចាប់យកខាងលើ ត្រូវបានសមត្ថកិច្ចជំនាញ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ បន្តនីតិវិធីតាមច្បាប់ជាធរមាន។

សូមរម្លឹកថា នាពេលថ្មីៗនេះ នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២នេះ សមត្ថកិច្ចមន្ទីរប្រឆាំងគ្រឿងញៀន ចាប់ខ្លួនមេខ្លោងជនជាតិខ្មែរ ២នាក់ និងរឹបអូសគ្រឿងញៀនបាន៨គីឡូក្រាម រួចមកហើយ៕

ដោយ៖ ឆឹម ទិត​