អគ្គលេខាធិការដ្ឋានព្រឹទ្ធសភារៀបចំកម្មវិធីបរិច្ចាគឈាម ដើម្បីជួយសង្គ្រោះជីវិតមនុស្ស

ភ្នំពេញ៖ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា សហការជាមួយមជ្ឈមណ្ឌលជាតិផ្ដល់ឈាម នាព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២នេះ បានរៀបចំកម្មវិធីបរិច្ចាគឈាម ដើម្បីជួយសង្គ្រោះ​ជីវិតមនុស្សមនុស្ស ក្រោមប្រធានបទ៖ ខ្ញុំ និងអ្នក យើងទាំងអស់គ្នា រួមគ្នាលើកកម្ពស់វប្បធម៌ផ្តល់ឈា​ម​សង្រ្គោះជីវិត ក្រោមអធិបតីភាពលោក អ៊ុំ សារឹទ្ធ អគ្គលេខាធិការព្រឹទ្ធសភា ដោយមានការអញ្ជើ​ញចូលរួមថ្នាក់ដឹកនាំ មន្ត្រីរាជការ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា បុគ្គលិកវិមាន ៧មករា និងយុវជនស.ស​​.យ.ក ខណ្ឌជ្រោយចង្វារ ដែលជាអ្នកស្ម័គ្រចិត្តបរិច្ចាគឈាម នៅវិមានព្រឹទ្ធសភា។

ក្នុងឱកាសនោះ លោក អ៊ុំ សារឹទ្ធ អគ្គលេខាធិការព្រឹទ្ធសភា បានថ្លែងនូវការកោតស​រ​សើ​រដល់ក្រុមការងារពាក់ព័ន្ធដែលបានសហការគ្នារៀបចំឱ្យមានកម្មវិធីនេះឡើង ព្រមទាំងបានថ្លែងអំណ​​រ​គុណ និងវាយតម្លៃខ្ព​ស់​ចំពោះមន្រ្តីនៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា បុគ្គលិកវិមាន៧មករា និងសមា​ជិក ស​មាជិកានៃសហភា​ព​សហព័ន្ធយុវជនកម្ពុជាខណ្ឌជ្រោយចង្វារ ព្រមទាំងអ្នកស្ម័គចិត្តទាំងអស់ដែល​បានចូ​លរួមធ្វើអំណោយឈាមនៅពេលនេះ។

លោក អ៊ុំ សារឹទ្ធ បានគូសបញ្ជាក់ថា កម្មវិធីបរិច្ចាគឈាមនៅពេលនេះ មានគោលបំណងសំខាន់ពីរគឺ ទី១​-ធ្វើ​អំណោយឈាមជូនមជ្ឈមណ្ឌលជាតិផ្តល់ឈាមដើម្បីយកទៅប្រើប្រាស់ក្នុងការជួយសង្គ្រោះជីវិតម​នុ​ស្ស ទី២-ចូលរួមផ្សព្វផ្សាយអំពីអត្ថប្រយោជន៍នៃការបរិច្ចាគឈាម និងចូលរួមលើកកម្ពស់វប្បធម៌នៃការធ្វើ​អំណោយឈាម។ លោកសង្ឃឹមថា ការបរិច្ចាគឈាមនឹងក្លាយជាកិច្ចការមនុស្សធម៌មួយដ៏សំខាន់ស​ម្រា​ប់ប្រ​ជាជនយើងទូទៅរួមចំណែកធ្វើ ដើម្បីជួយសង្គ្រោះជីវិតមនុស្ស។

លោក អ៊ុំ សារឹទ្ធ បានសង្កត់ធ្ងន់ថា ឈាមជាអំណោយដ៏មានតម្លៃ មិនអាចមានអ្វីមកប្រៀបបានឡើយ។ វិ​ទ្យាសាស្ត្រមិនទាន់អាចផលិតឈាមបាននោះទេ។ ដូច្នេះហើយយើងត្រូវការជាចាំបាច់នូវការធ្វើអំណោ​យ​​ឈាមពីសប្បុរសជន ដើម្បីជួយសង្គ្រោះអាយុជីវិតជនរងគ្រោះដែលត្រូវការឈាម។ ការធ្វើអំណោយឈា​ម មិនត្រឹមតែជាការប្រោសជីវិតជនរងគ្រោះដែលត្រូវការការឈាមប៉ុណ្ណោះទ តែក៏ជាការប្រោសឱ្យ​មា​ន​ក្តីសង្ឃឹម និងស្នាមញញឹមសម្រាប់ក្រុមគ្រួសារជនរងគ្រោះទាំងមូល ឱ្យរួចផុតពីទុក្ខនៃការបាត់បង់សមាជិកក្រុមគ្រួសារខ្លួន។ ជាងនេះទៀត ការផ្ដល់ឈាម ក៏ជាការជួយសង្គ្រោះធនធានមនុស្សជាតិយើងផងដែរ។ ក្នុងន័យនេះ លោកបានលើកទឹកចិត្តមន្រ្តី បុគ្គលិក ជាពិសេសយុវជនយើងទាំងអស់ ចូលរួមឱ្យ​កាន់តែសកម្មថែមទៀតក្នុងការធ្វើអំណោយឈាមដោយសុវត្ថិភាព ស្របតាមការណែនាំរបស់មជ្ឈ​ម​ណ្ឌ​លជាតិផ្ដល់ឈាម។

បើតាមលោកវេជ្ជបណ្ឌិត លី សុវិទ្យ អនុប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាម បានឱ្យដឹងថា ការបរិច្ចាគឈាមមានអត្ថប្រយោជន៍ច្រើនសម្រាប់សុខភាព ដូចជា៖ ការបរិច្ចាគឈាមម្តងមានចំនួនក្រើនរំលឹកសុខភាពម្តង ដឹងពីស្ថានភាពជំងឺផ្សេងៗដូចជា ជំងឺថ្លើមប្រភេទ B ប្រភេទC  ស្វាយ អេដស៍ ។ល។ ជួយកាត់បន្ថយជំងឺមហារីកនានា កាត់បន្ថយកំហាប់ក្នុងឈាម ការលើសជាតិដែកដែលធ្វើឱ្យមានផលប៉ះពាល់ដល់ថ្លើម និងលំពែង ជួយធ្វើឱ្យប្រសើរឡើងសុខភាពបេះដូង កាត់បន្ថយការឡើងទម្ងន់ ជំងឺដាច់សសៃឈាមក្នុងខួរក្បាល៕

ដោយ៖ គង់ សេដ្ឋាមុនី