ភ្នំពេញ៖ នៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៤ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិលស្រាល បានឃាត់ខ្លួនជនសង្ស័យម្នាក់ ពីបទ ហិង្សា ដោយចេតនា ប្រព្រឹត្តនៅចំណុចបន្ទប់ជួលលេខ១០០៩ ផ្លូវលំ ភូមិស្វាយតាអុក១ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ កាលពីថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោងប្រហែល១៧:១៥ នាទី (ម៉ោង១៦:១៥ នាទី ម៉ោងនៅលើកាមេរ៉ាសុវត្ថិភាព)។
លោក ម៉ម សាវន នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិលស្រាល បានដឹងថា ជនសង្ស័យមានឈ្មោះ គង់ សុខសែង ហៅ DEN SONY ភេទ ប្រុស ជនជាតិ ខ្មែរ មុខរបរ អាជីវករ មានទីលំនៅផ្ទះលេខ២៧V ផ្លូវលេខ១៩៥ ភូមិវាលស្បូវ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ។ លោក បន្ថែមថា បច្ចុប្បន្នជនសង្ស័យខាងលើ កម្លាំងជំនាញការិយាល័យ កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី។
កាលពីយប់ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៤ លោក ជួន ណារិន្ទ ស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាលោក ប៊ុន សត្យា ស្នងការរង ទទួលផែនការងារព្រហ្មទណ្ឌ ដឹកនាំកម្លាំងចុះស្រាវជ្រាវ និងឃាត់បុរសនោះយកមកសាកសួរនោះហើយ និងបានបញ្ជាឲ្យបុរសនោះចូលខ្លួនមកសារភាពនៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ឬ នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ មុនពេលសមត្ថកិច្ចទៅឃាត់ខ្លួន ។
សូមបញ្ជាក់ថា តាមរយៈវីដេអូឃ្លីបមួយ កាលពីថ្ងៃទី៣ មេសា បុរសឈ្មោះ ដែន សូនី និងនារីរងគ្រោះ ក្នុងវីដេអូវាយតបគ្នានោះ បានចេញមុខអះអាងថា ពួកគេទាំងពីរ ថតវីដេអូលេងសើច (Prank) ដោយសម្ដែងជាតួប្តីប្រពន្ធឈ្លោះគ្នា ដោយប្តីប្រើអំពើហិង្សាទៅលើប្រពន្ធ។ ប៉ុន្តែក្រោយថតវីដេអូនោះហើយ ស្រាប់តែបាត់ទូរសព្ទ ទាំងវីដេអូថតហើយ មិនទាន់កាត់ឱ្យបានត្រឹមត្រូវ នៅក្នុងនោះដែរ ហើយត្រូវគេយកទៅបង្ហោះលើបណ្ដាញសង្គម នាពេលថ្មីៗនេះតែម្ដង។
តែយ៉ាងណា ស្នងការនគរបាលជាតិ លោក ជួន ណារិន្ទបញ្ជាក់ ថា សមត្ថកិច្ចអត់មានពេល PRANK ជាមួយទេ ៕