លោក ទាវ វណ្ណុលត្រូវបានសាលាដំបូងរាជធានីភ្នំពេញចេញដីកាកោះហៅឱ្យចូលបំភ្លឺនៅថ្ងៃទី១០ ខែមេសា

ភ្នំពេញ៖ លោក ទាវ វណ្ណុល ប្រធានគណបក្ស ភ្លើងទៀន ត្រូវបានតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចេញដីកាកោះ ឱ្យចូលទៅកាន់ អយ្យកាអមសាលាដំបូងរាជធានីភ្នំពេញ នៅវេលាម៉ោង ៨ និង ៣០ នាទីព្រឹក ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤ ពាក់ព័ន្ធបណ្ដឹងរបស់មេធាវីតំណាងរាជរដ្ឋាភិបាលកម្ពុជា។  នេះ បើតាមសេចក្តីប្រកាសព័ត៌មានរបស់គណបក្សភ្លើងទៀន។

សេចក្តីប្រកាសព័ត៌មានរបស់គណបក្សភ្លើងទៀននៅថ្ងៃទី ៥ ខែមេសា ឆ្នាំ ២០២៤នេះ បញ្ជាក់ថា លោក ទាវ វណ្ណុល ត្រូវបានមេធាវីតំណាងរាជរដ្ឋាភិបាលកម្ពុជា ប្តឹងពីបទធ្វើឲ្យប៉ះពាល់ដល់កិត្តិយសប្រមុខរាជរដ្ឋាភិបាល និងរាជរដ្ឋាភិបាលកម្ពុជា នៅក្នុងការផ្ដល់បទសម្ភាសន៍ដល់សារព័ត៌មាន Nikkei Asia របស់ជប៉ុន និងវិទ្យុបារាំង RFI ក្នុងខណៈពេលដែលលោក ទាវ វណ្ណុល ទៅបំពេញបេសកកម្មការងារនៅប្រទសជប៉ុន កាលពីពេលថ្មីៗកន្លងមកនេះ។

ជុំវិញបញ្ហានេះ អ្នកនាំពាក្យរាជរដ្ឋាភិបាល នៅព្រឹកថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៤ នេះ បានចេញសេចក្តីថ្លែងការណ៍ ច្រានចោលចំពោះការចោទប្រកាន់របស់ប្រធានគណបក្សភ្លើងទៀន លោក ទាវ វណ្ណុល ។

សេចក្តីថ្លែងការណ៍ឱ្យដឹងថា ការលើកឡើងរបស់ លោក ទាវ វណ្ណុល ប្រធានគណបក្សភ្លើងទៀនកាលពីថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៤ ជាមួយសារព័ត៌មាន Nikkei Asia របស់ជប៉ុន និងផ្សាយបន្តដោយវិទ្យុបារាំងអន្តរជាតិ RFI ជាខេមរភាសាដោយខ្លឹមសារនៃបទសម្ភាសន៍នោះមានលក្ខណៈជាការចោទប្រកាន់មកលើរាជរដ្ឋាភិបាលទាំងបំពាន និងដោយខុសពីការពិត។