ភ្នំពេញ៖ លោក ឃឹម ហ្វីណង់ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបដិសេធចំពោះការលើកឡើងរបស់ លោក ចក់ ដែលជាអ្នកអត្ថាធិប្បាយកីឡា ពាក់ព័ន្ធនឹងវិស័យកសិកម្មកម្ពុជា មិនមានទីផ្សារ ។
លោក ឃឹម ហ្វីណង់ នៅថ្ងៃទី ៤ ខែមីនា ឆ្នាំ ២០២៤ នេះ បញ្ជាក់ថា បញ្ហាប្រឈមពិតជានៅមាន តែការយល់ឃើញដ៏ចង្អៀត និងមិនគ្រប់ជ្រុងជ្រោយរបស់លោកចក់ មិនបានផ្តល់យុត្តិធម៌ដល់ការខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលនោះទេ។
បើតាម លោក ឃឹម ហ្វីណង់ ការនាំចេញមានការកើនឡើង ទីផ្សារបើកថ្មីជាច្រើន គោលនយោបាយរក្សាស្ថេរភាពថ្លៃកសិផល ការពង្រាយមន្ត្រីកសិកម្មឃុំដើម្បីគាំទ្រដល់កសិករ ជាពិសេស គោលនយោបាយសហគមន៍កសិកម្មទំនើប តើទាំងអស់នេះយកទៅបោះចោលនៅឯណា? ការរិះគន់ក្នុងន័យស្ថាបនាគួរផ្សារភ្ជាប់ទៅនឹងការទទួលស្គាល់ពីវឌ្ឍនភាពដែរ។
លោក ឃឹម ហ្វីណង់សង្កត់ធ្ងន់ទៀតថា កសិផលមិនមែនលក់តែខែធ្លាក់ថ្លៃនោះទេ ក្នុង១ឆ្នាំៗក៏មានពេលដែលតម្លៃល្អ ហើយកសិករបានចំណេញច្រើនដែរ ហើយបើបូកជារួមគឺកសិករនៅតែចំណេញ។ ២០២៣នេះ កម្ពុជានាំកសិផល ៨,៥លានតោនចេញទៅ ៧៨ប្រទេស កើនឡើងជិតមួយជាពីរធៀបនឹង៥ឆ្នាំមុន គិតជាលុយស្មើនឹងជាង ៤០០០លានដុល្លារ។
លោក ឃឹម ហ្វីណង់ថ្លែងថា៖« ខ្ញុំនៅតែជឿថា បើមិនចំណេញនឹងគ្មានអ្នកបង្កើនការផលិត និងអ្នកប្រឹងនាំចេញទេ»៕