ជនជាតិវៀតណាម៤នាក់រងការចោទ ពីបទផលិត រក្សាទុក ជួញដូរគ្រឿងញៀនទម្ងន់ប្រមាណ១២គីឡូក្រាម

ភ្នំពេញ៖ សាលាដំបូងរាជធានីភ្នំពេញ សម្រេចចោទប្រកាន់លើ ជនសង្ស័យជនជាតិវៀតណាមចំនួន ០៤នាក់ និងបក្ខពួក ពីបទ ផលិត រក្សាទុក ជួញដូរដោយខុសច្បាប់នូវសារធាតុ ញៀន ទម្ងន់ប្រមាណ១២គីឡូក្រាម រួមជាមួយបទល្មើសសម្អាតប្រាក់។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញនៅថ្ងៃទី ៤ ខែមេសានេះ បញ្ជាក់ថា កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៤ សមត្ថកិច្ចជំនាញការិយាល័យប្រឆាំង គ្រឿងញៀនឆ្លងដែន (ក១០) បានបង្ក្រាបករណីគ្រឿងញៀន នៅចំណុចទីតាំងទី១ បណ្តោយផ្លូវ៤៣២ សង្កាត់ទួលទំពូង២ ខណ្ឌចំការមន រាជធានីភ្នំពេញ នៅចំណុចទីតាំងទី២ បន្ទប់លេខ៥០៣ ជាន់ទី៥ អាផាតមិនភ្នំពេញស្តារ ផ្លូវលេខ៩៩ សង្កាត់បឹង ត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ និងនៅចំណុចទីតាំងទី៣ បន្ទប់លេខ១៣a-A ជាន់ទី១៣ ខុនដូរអ័ររៀនរិត ផ្លូវ លេខ១៥០ សង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ប្រភពដដែលបន្ថែមថា ជាលទ្ធផល សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យជនជាតិវៀតណាម ចំនួន០៤នាក់ រកឃើញសារធាតុ ញៀន ប្រភេទកេតាមីន មានទម្ងន់ ១.១៤៤ក្រាម ប្រភេទនីមេតាហ្សីប៉ាម មានទម្ងន់២.០៣២ក្រាម និងសារធាតុ មិនច្បាស់លាស់ទម្ងន់៨.៤៥៨ក្រាម ព្រមទាំងភស្តុតាងមួយចំនួនដែលសង្ស័យជាប់ពាក់ព័ន្ធនឹងការសម្អាតប្រាក់ ក្រោយបញ្ចប់ប្រតិបត្តិការនេះ សមត្ថកិច្ចបានកសាងសំណុំរឿង និងបញ្ជូនជនសង្ស័យខាងលើ មកកាន់អយ្យការ អមសាលាដំបូងរាជធានីភ្នំពេញ។

បើតាមប្រភពដដែល ចំណែកឯបក្ខពួក ដែលពាក់ព័ន្ធនឹងករណីគ្រឿងញៀនខាងលើនេះ សមត្ថកិច្ចបាន នឹងកំពុងស្រាវជ្រាវបញ្ជូនមកអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការស្របតាមនីតិវិធីច្បាប់។ក្រោយពីបានទទួល និងពិនិត្យលើសំណុំរឿងនេះ តំណាងអយ្យការ បានសម្រេចចោទប្រកាន់លើ ជនសង្ស័យជនជាតិវៀតណាមចំនួន ០៤នាក់ និងបក្ខពួក ពីបទ ផលិត រក្សាទុក ជួញដូរដោយខុសច្បាប់នូវសារធាតុ ញៀន និងសម្អាតប្រាក់ ជាបទល្មើសព្រហ្មទណ្ឌ និងត្រូវផ្តន្ទាទោសតាមបញ្ញត្តិមាត្រា ៤៧ មាត្រា៤៨ នៃច្បាប់ស្តីពី ការត្រួតពិនិត្យគ្រឿងញៀន និងមាត្រា ៣៨ នៃច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម។

បើតាមន្ទីរប្រឆាំងគ្រឿងញឿន ជនជាតិវៀតណាមទាំង៤នាក់៖  ១៖ ឈ្មោះ ង្វៀង កាវយូយ ភេទប្រុស ជនជាតិវៀតណាម ឆ្នាំកំណើត១៩៩៦ ២៖ ឈ្មោះ ង្វៀង ម៉ាយសុងហៀន ភេទប្រុស ជនជាតិវៀតណាម ឆ្នាំកំណើត២០០២ ៣៖ ឈ្មោះ ង្វៀង ហ៊យយី ភេទប្រុស ជនជាតិវៀតណាម ឆ្នាំកំណើត១៩៩០ និង ៤៖ ឈ្មោះ ង្វៀង យីតាំ ភេទប្រុស ជនជាតិវៀតណាម ឆ្នាំកំណើត១៩៩៥៕