ភ្នំពេញ៖ ក្រសួងបរិស្ថាន ចាប់ផ្តើមយុទ្ធនាការផ្ទៃទឹកស្អាត កាត់បន្ថយការបំពុលក្នុងផ្ទៃទឹក ដើម្បីសុខភាពប្រជាជន ព្រោះទឹកស្អាតជាប្រភពដ៏សំខាន់សម្រាប់ទ្រទ្រង់ជីវិត ។
ស្របនឹងឃ្លាដែលបានលើកឡើងនេះ ក្រសួងបរិស្ថានបានឈានមួយជំហានឆ្ពោះទៅការទប់ស្កាត់ការបំពុលទៅក្នុងផ្ទៃទឹក តាមរយៈការកាត់បន្ថយប្រភពបំពុលទៅក្នុងទឹក ដើម្បីជួយបង្ការសុខភាពប្រជាពលរដ្ឋកម្ពុជាពីការទទួលទាន និងប្រើប្រាស់ទឹកដែលមានប្រភពមិនស្អាត។
លើសពីនេះ ក៏ដូចជាការការពារដល់ជីវចម្រុះដែលមានជីវិតក្នុងទឹកដូចជាត្រី រុក្ខជាតិ និងធនធានធម្មជាតិនៅក្នុងទឹក ជាច្រើនទៀត។ នេះបើយោងតាមការថ្លែងឱ្យដឹងពី លោក អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ក្នុងពិធី ផ្សព្វផ្សាយបើកយុទ្ធនាការសម្អាតទន្លេ និងយុទ្ធនាការបំពាក់ឧបករណ៍តាមដានស្វ័យប្រវត្តិ និងប្រព័ន្ធគ្រប់គ្រងទិន្នន័យនៅតាមរោងចក្រ សហគ្រាស នៅទីស្តីការក្រសួង នាថ្ងៃទី ០១ ខែមីនា ឆ្នាំ ២០២៤។
ជាមួយគ្នានេះ លោកមរដ្ឋមន្រ្តីក៏បានអំពាវនាវ និងជំរុញដល់រោងចក្រ សហគ្រាសទាំងអស់ចូលរួមជាមួយយុទ្ធនាការកាត់បន្ថយការបំពុលទៅក្នុងបរិស្ថាន តាមរយៈការបំពាក់នូវឧបករណ៍តាមដានស្វ័យប្រវត្តិ និងប្រព័ន្ធគ្រប់គ្រងទិន្នន័យនៅតាមរោងចក្រ សហគ្រាសលើការបង្ហូរកាកសំណល់ចេញ មុនការអនុវត្តច្បាប់ជា-កាតព្វកិច្ច ដើម្បីការពារសុខភាពប្រជាពលរដ្ឋផង និងការពារប្រយោជន៍ជូនដល់រោងចក្រ សហគ្រាសផង។
ផ្អែកលើការងារនេះ ក្រសួងបរិស្ថានក៏បានគិតគូរ និងរៀបចំសម្រួលជួយដល់អ្នកវិនិយោគទាំងអស់ ឱ្យទទួលបានការបំពាក់នូវឧបករណ៍តាមដានស្វ័យប្រវត្តិ និងប្រព័ន្ធគ្រប់គ្រងទិន្នន័យនៅគ្រប់រោងចក្រ សហគ្រាសទាំងអស់នៅទូទាំងប្រទេស។
ស្របនឹងការថ្លែងឡើងរបស់ឯកឧត្តមរដ្ឋមន្រ្តី ក្រុមហ៊ុន រោងចក្រ សហគ្រាស បានគាំទ្រនឹងវិធានការតម្រូវឱ្យបំពាក់ឧបករណ៍តាមដានស្វ័យប្រវត្តិ និងប្រព័ន្ធគ្រប់គ្រងទិន្នន័យ ដែលបានដាក់ចេញនេះ និងបានស្នើសុំឱ្យក្រសួងបរិស្ថាន ពិនិត្យ និងសម្រួលលើបញ្ហាតម្លៃបំពាក់ឧបករណ៍ដំបូង និងតម្លៃថែទាំឧបករណ៍ផងដែរ ដើម្បីជំរុញឱ្យការវិនិយោគរបស់ពួកគេប្រកបដោយភាពទទួលខុសត្រូវនៅក្នុងសង្គម៕