ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)ចាប់ផ្តើមចុះបញ្ជីគណបក្សនយោបាយ ឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌអាណត្តិទី៤ ឆ្នាំ២០២៤ចាប់ពីថ្ងៃទី២ ខែមីនា ដល់ថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៤។
លោក ឌឹម សុវណ្ណារុំ សមាជិក គ.ជ.ប និងជាប្រធានក្រុមប្រតិកម្មព័ត៌មាន គ.ជ.ប នៅក្នុងកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធនឹងការបោះឆ្នោត នៅថ្ងៃទី ១ ខែមីនា ឆ្នាំ ២០២៤ ថ្លែងថា ការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ មានរយៈពេល ៥ថ្ងៃ ដោយត្រូវចាប់ផ្តើមពីថ្ងៃទី២ ខែមីនា និងត្រូវបញ្ចប់នៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៤។
លោក ឌឹម សុវណ្ណារុំ សង្កត់ធ្ងន់ថា៖« ការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ ត្រូវធ្វើឡើងតាមទម្រង់បែបបទលេខ ១០០៨ ដែលកំណត់ដោយ គ.ជ.ប។ទម្រង់បែបបទ (ទ.១០០៨) មានផ្តល់ជូនដោយឥតគិតថ្លៃ ដែលគណបក្សនយោបាយ អាចមកទទួលយកនៅទីស្តីការ គ.ជ.ប លេខាធិការដ្ឋាននៃគណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត (លគធ.ខប) ឬអាចទាញយកពីគេហទំព័ររបស់ គ.ជ.ប www.nec.gov.kh»។
តាមរយៈសេចក្តីប្រកាសព័ត៌មានរបស់គ.ជ.ប នៅថ្ងៃទី ១ ខែមីនា លោក ឌឹម សុវណ្ណារុំ បានលើកឡើង ថា ប្រជាពលរដ្ឋខ្មែរទាំងពីរភេទ ដែលមានបំណងឈរឈ្មោះជាបេក្ខជនសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា អាណត្តិទី៤ ត្រូវបំពេញលក្ខខណ្ឌ និងមានលក្ខណសម្បត្តិ រួមមាន មានសញ្ជាតិខ្មែរពីកំណើត មានអាយុយ៉ាងតិច ២៥ (ម្ភៃប្រាំ) ឆ្នាំ គិតដល់ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ មានសិទ្ធិបោះឆ្នោត និងមានលក្ខណសម្បត្តិគ្រប់គ្រាន់តាមលក្ខខណ្ឌដែលកំណត់ដោយច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ និងច្បាប់ស្តីពីវិសោធនកម្មនៃច្បាប់នេះ (ច.ប.ក)។
ប្រភពដដែលនេះ បន្ថែមថា៖«ចំពោះភាពគ្មានសិទ្ធិឈរឈ្មោះជាបេក្ខជន គឺ សមាជិករដ្ឋសភា សមាជិកព្រឹទ្ធសភា ក្រុមប្រឹក្សា-ធម្មនុញ្ញ រាជរដ្ឋាភិបាល ចៅក្រម សមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម អភិបាល អភិបាលរងរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ សមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ សមាជិក គ.ជ.ប គណៈកម្មការរៀបចំការបោះឆ្នោត និងមន្រ្តី បុគ្គលិកបម្រើការងាររៀបចំការបោះឆ្នោតគ្រប់លំដាប់ថ្នាក់ មន្រ្តីរាជការ ស៊ីវិល មន្រ្តីតុលាការ កងយោធពលខេមរភូមិន្ទ និងនគរបាលជាតិក្នុងមុខតំណែង។ល។»។
បើតាម លោក ឌឹម សុវណ្ណារុំ ដើម្បីជួយសម្រួលដល់គណបក្សនយោបាយក្នុងការរៀបចំបញ្ជីបេក្ខជនរបស់ខ្លួន គ.ជ.ប បានដាក់ឱ្យប្រើប្រាស់កម្មវិធីគ្រប់គ្រងការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ។
លោក ឌឹម សុវណ្ណារុំ សង្កត់ថា ៖១កម្មវិធីនេះបានជួយសម្រួលដល់ការត្រួតពិនិត្យ ផ្ទៀងផ្ទាត់ភាពត្រឹមត្រូវនៃបញ្ជីបេក្ខជនរបស់ គណបក្សនយោបាយនីមួយៗ។ មកទល់ពេលនេះមានគណបក្សនយោបាយចំនួន ២ ហើយដែលបានដាក់ពាក្យស្នើសុំប្រើប្រាស់កម្មវិធីរៀបចំការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ និងត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់ដោយ គ.ជ.ប គឺ គណបក្ស ប្រជាជនកម្ពុជា និង គណបក្ស ឆន្ទៈខ្មែរ»។
លោក គីមសួរ ភីរិទ្ធ ប្រធានក្រុមប្រឹក្សាវិន័យគណបក្ស ឆន្ទៈខ្មែរ នៅថ្ងៃទី ២ ខែមីនា នេះ ប្រាប់ថា គណបក្សរបស់លោក ក៏នឹងចុះឈ្មោះ និងដាក់បញ្ជីបេក្ខជន សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌអាណត្តិទី៤ ឆ្នាំ២០២៤ នេះដែរ ដើម្បីតស៊ូមតិតាមរយៈការបោះឆ្នោត ហើយ មកទល់ពេលនេះ គណបក្សបានរៀបចំទាំងបញ្ជី និងបេក្ខជន ស្ទើតែបាន ៩០ % ហើយ សម្រាប់ការបោះឆ្នោតដ៏សំខាន់មួយនេះ ។ ដូច្នេះ គ.ជ.បកំណត់ឱ្យ ៥ ថ្ងៃនេះ មិនជាបញ្ហាទេ ព្រោះគណបក្សបានត្រៀមខ្លួនតាំងពី២ ខែមុនមកម្លេះ ។
បើតាមគ.ជ. ប ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៤ នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤៕