បង្ក្រាបបទល្មើសប្រមូលផលអនុផលព្រៃឈើរកឃើញវល្លិ៍រមៀត ខុសច្បាប់ ចំនួន៤តោន ក្នុងឧទ្យានជាតិវ៉ើនសៃ-សៀមប៉ាង

ស្ទឹងត្រែង៖ មន្ត្រីឧទ្យានអនុរក្សខេត្តស្ទឹងត្រែង បានចុះល្បាតទប់ស្កាត់ បង្ក្រាបបទល្មើសធនធានធម្មជាតិគ្រប់ប្រភេទ ក្នុងឧទ្យាជាតិវ៉ើនសៃ-សៀមប៉ាង ជាលទ្ធផល នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ បានចេញល្បាតដល់ចំណុចក្រោយភូមិសាម៉ា ដែលមាននិយាមកា (651827-1560645) ស្ថិតក្នុងភូមិសាស្ត្រភូមិសាម៉ ឃុំសេកុង ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង បានប្រទះឃើញគំនរ (វល្លិ៍រមៀត) មួយកន្លែង (អញ្ញាតជន) ហើយក៏បានសម្រាក់នៅទីនោះ។

យោងតាមរបាយការណ៍បានឱ្យដឹង នៅថ្ងៃទី ២៧ ខែកុម្ភៈនេះ ថា នៅថ្ងៃ២២ ខែកុម្ភៈ ឆ្នាំ២០២៤ មន្ត្រីអនុវត្តន៍ច្បាប់បានប្រមូលយក (វល្លិ៍រមៀត) ចំនួន៦៥ការ៉ុង ស្មើនឹង ៤០០០គីឡូក្រាម ដែលជនមិនស្គាល់អត្តសញ្ញាណបានលាក់ទុកក្នុងព្រៃបម្រុងដឹកជញ្ជូនយកទៅលក់បន្តទៅប្រទេសឡាវ។ ក្រុមការងារបានប្រមូលយកមករក្សាទុកនៅស្នាក់ការឧទ្យានជាតិវីរៈជ័យ-ស្រុកសៀមប៉ាង (វល្លិ៍រមៀត) ទាំងអស់នោះ មានប្រភពចេញពីឧទ្យានជាតិវ៉ើនសៃ-សៀមប៉ាង។

ករណីនេះ មន្ទីរបរិស្ថានខេត្ត សហការជាមួយអាជ្ញាធរពាក់ព័ន្ធនឹងចាត់វិធានការយ៉ាងតឹងរឹង និងម៉ឺងម៉ាត់ក្នុងការបង្ក្រាប និងស្រាវជ្រាវរកជនសង្ស័យ ដើម្បីកសាងសំណុំរឿងបញ្ចូនទៅតុលាការ អនុវត្តនីតិវិធីច្បាប់។

ក្រសួងបរិស្ថានបានបញ្ជាក់ថា ការកែច្នៃវល្លិ៍រមៀតគឺជាសកម្មភាពផ្ទុយនឹងច្បាប់ស្តីពីតំបន់ការ ការពារធម្មជាតិ ត្រង់មាត្រា ៦១ ដែលត្រូវផ្តន្ទាទោសជាបទល្មើស ធនធានធម្មជាតិថ្នាក់ទី៣ និងច្បាប់ស្តីពីព្រៃឈើ ត្រង់មាត្រា៩៧ ដែឡត្រូវផ្តន្ទាទោស ជាបទល្មើសព្រៃឈើ ថ្នាក់ទី១៕