នាយករដ្ឋមន្ត្រីម៉ាឡេស៊ី៖ដំណើរទស្សនកិច្ចរបស់សម្តេច ហ៊ុន ម៉ាណែត នឹងធ្វើឱ្យទំនាក់ទំនងរវាងកម្ពុជា-ម៉ាឡេស៊ី នឹងកាន់តែរឹងមាំ

ម៉ាឡេស៊ី៖ លោក ដាតុ ស៊េរី អាន់វ៉ា អ៉ីប្រាហ៊ីម (Dato’ Seri Anwar Bin Ibrahim) នាយករដ្ឋមន្រ្តី នៃប្រទេសម៉ាឡេស៊ីបានចាត់ទុកថា  តាមរយៈដំណើរទស្សនកិច្ចផ្លូវការរបស់ សម្តេចធិបតី នាឱកាសនេះ ទំនាក់ទំនងទ្វេភាគីកម្ពុជា-ម៉ាឡេស៊ី នឹងកាន់តែរីកចម្រើន និង រឹងមាំបន្ថែមទៀត។

លោក ដាតុ បានចាត់ទុកបែបនេះ នៅពេលដែល សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា បានជួបប្រជុំពិភាក្សាការងារទ្វេភាគី ក្នុងឱកាសនៃដំណើរបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេសម៉ាឡេស៊ីនៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤ ។

ជាការឆ្លើយតប សម្តេច ហ៊ុន ម៉ាណែតបញ្ជាក់ដែរថា តាមរយៈការធ្វើទស្សនកិច្ចផ្លូវការរបស់ឯកឧត្តមនាយករដ្ឋមន្ត្រីកាលពីខែមីនា ឆ្នាំមុន និងដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេចធិបតី នាឱកាសនេះ នឹងរួមចំណែកក្នុងការធ្វើឱ្យទំនាក់ទំនងដ៏យូរលង់រវាងកម្ពុជា-ម៉ាឡេស៊ី កាន់តែស៊ីជម្រៅថែមទៀត។

សមភាគីទាំងពីរ បានវាយតម្លៃខ្ពស់លើលទ្ធផលនៃកិច្ចសហប្រតិបត្តិការទ្វេភាគីកន្លងមក និងបានផ្លាស់ប្ដូរយោបល់ពីការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ លើវិស័យជាច្រើន ដែលរួមមាន៖ វិស័យនយោបាយ ការពារជាតិ សន្តិសុខ ពាណិជ្ជកម្ម និងវិនិយោគ ទេសចរណ៍ ការងារ ឧស្សាហកម្មអាហារហាឡាល់ ទូរគមនាគមន៍ និងបច្ចេកវិទ្យាព័ត៌មាន បច្ចេកវិទ្យាឌីជីថល និងសន្តិសុខថាមពល។

ក្នុងជំនួបនេះ សមភាគីទាំងពីរ ក៏បានពិភាក្សាក្នុងការពិនិត្យលទ្ធភាពពង្រីកនូវជើងហោះហើរផ្ទាល់ពីម៉ាឡេស៊ីទៅកាន់តំបន់ទេសចរណ៍សំខាន់ៗកម្ពុជា ដូចជាខេត្តសៀមរាប ផងដែរ។

ក្នុងក្របខ័ណ្ឌ នៃវិស័យការពារជាតិ និងសន្ដិសុខ សមភាគីទាំងពីរ បានឯកភាពលើការបន្តជំរុញនូវកិច្ចសហប្រតិបត្តិការរួមមាន៖ ការបណ្តុះបណ្តាលធនធានមនុស្ស ការកសាងសមត្ថភាព ការផ្លាស់ប្តូរព័ត៌មាន និងការធ្វើលំហាត់រួមគ្នា។ ដោយឡែក លើវិស័យសន្តិសុខថាមពល សមភាគីទាំងពីរ ក៏បានឯកភាពក្នុងការគាំទ្រការសម្របសម្រួលសម្រាប់គម្រោងខ្សែបញ្ជូនថាមពលក្រោមសមុទ្រ (ឡាវ-កម្ពុជា-សិង្ហបុរី) ដោយឆ្លងកាត់បាតសមុទ្ររបស់ប្រទេសម៉ាឡេស៊ី។

ជាងនេះទៅទៀត សមភាគីទាំងពីរបានឯកភាពក្នុងការពិនិត្យលទ្ធភាពរៀបចំកិច្ចប្រជុំ នៃគណៈកម្មការចម្រុះកិច្ចសហប្រតិបត្តិការទ្វេភាគី (JCBC) នាពេលខាងមុខ ដែលដឹកនាំរួមគ្នាដោយរដ្ឋមន្ត្រីការបរទេសនៃប្រទេសទាំងពីរ។ ជាទីបញ្ចប់ ថ្នាក់ដឹកនាំទាំងពីរបានសម្តែងនូវសុទិដ្ឋិនិយមថា ទំនាក់ទំនងរវាងកម្ពុជា-ម៉ាឡេស៊ី នឹងកាន់តែរឹងមាំ និងអាចឈានដល់កម្រិតទំនាក់ទំនងខ្ពស់បន្ថែមទៀត ៕