ភ្នំពេញ៖ អ្នកប្រើប្រាស់បណ្តាញសង្គម និងពលរដ្ឋនៅក្នុងខេត្តកំពង់ចាមបានស្នើដល់រាជរដ្ឋាភិបាល ដកមន្ត្រីពាក់ព័ន្ធនៅក្នុងខេត្តកំពង់ចាមឱ្យអស់ ករណី មិនបានយកចិត្តទុកដាក់ ត្រួតពិនិត្យនៅក្នុងមូលដ្ឋានរបស់ខ្លួន ដោយ បានឱ្យ បុគ្គល ទន់ ឆៃអ៊ាង ដែលមានងារជាឧកញា ចាក់ថ្មចូលទន្លេមេគង្គយកធ្វើជាកម្មសិទ្ធិប្រវែង ៥៥ម៉ែត្រ ។
គណនីហ្វេសបុក ដែលមាន « លាភ កូន » បានសរសេរនៅលើទំព័រហ្វេសប៊ុករបស់ខ្លួនថា «ក្នុងនាមខ្ញុំជាអ្នកស្រុកខេត្តកំពង់ចាម ស្នើសុំដល់ថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធទាំងអស់ សូមចាត់វិធានការតាមផ្លូវច្បាប់ឱ្យុបានម៉ឹងម៉ាត់បំផុត កុំឱ្យអ្នកប្រព្រឹត្តខុសមើលដល់ច្បាប់»។
គណនីហ្វេសប៊ុកមួយទៀត ឈ្មោះ Sopheak OK Serei បានសរសេរថា៖«The Kingdom of Wonder…រឿងអ្វីក៏ខ្មែរអាចធ្វើបាន។ ម្នាក់នោះចាប់ផ្តើមចាក់ថ្មចូលទន្លេមេគង្គតាំងពីថ្ងៃទី2 ខែមករា រហូតមកដល់ថ្ងៃទី22 ខែកុម្ភៈ ទើបមានចំណាត់ការចុះទៅហាមឃាត់។តើអាជ្ញាធម៌មូលដ្ឋានធ្វើអីជិតពីរខែនោះ? ដូចជាជ្រុលពេកហើយ!»។
គណនីហ្វេសប៊ុកមួយទៀត ឈ្មោះ Reth Mony បានបង្ហោះថា ៖«ត្រឹមបាយ៣ពេលសោះ មនុស្សអើយមនុស្សអីក៏លោភលន់ម្ល៉េស ! លោក ទន់ ឆៃអ៊ាង ចាក់ថ្មចូលទន្លេមេគង្គ ខេត្តកំពង់ចាម រំលោភយកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន នៅស្រុកស្រីសន្ធរ ត្រូវអាជ្ញាធរចាត់វិធានការ ហើយទុកពេលឱ្យ៧០ថ្ងៃកាយចេញឱ្យអស់ បើមិនដូច្នោះទេ ប្រឈមនឹងផ្លូវច្បាប់ហើយ »។
គណនីហ្វេសប៊ុកទៀត ឈ្មោះ Long Saran ដែលមានអ្នកFollowers 8.6 k បានសរសេរថា ៖«តើមេភូមិ,មេឃុំ,អភិបាលស្រុក អាចហៅថា«មន្ត្រីបំបង់បាយ»ដែរទេ? បានធ្វើឱ្យមាន សកម្មភាពចាក់ដីថ្មចូលទន្លេយកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន ដែលមានទីតាំងនៅភូមិព្រៃទទឹង ឃុំឫស្សីស្រុក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាមនេះ គឺចាប់ផ្ដើមតាំងពីថ្ងៃទី០២ ខែមករា ឆ្នាំ២០២៤មកម្លេះ ហើយជនល្មើមានគម្រោងចាក់ដីថ្មចូលទន្លេមានប្រវែងរហូតដល់២៩៤,៦០ម៉ែត្រឯណោះ តែបច្ចុប្បន្នទើបតែចាក់បានប្រវែង១៣០ម៉ែត្រប៉ុណ្ណោះ។
ប្រភពដដែលបន្ថែមថា៖«ករណីនេះប្រសិនបើគ្មានប្រជាពលរដ្ឋ និងអ្នកសារព័ត៌មាន ប្រតិកម្មផុស្ត ឬផ្សាយដឹងដល់ឯកឧត្តមអភិបាលខេត្តកំពង់ចាម នាថ្ងៃទី២១/២២ ខែកុម្ភះ ឆ្នាំ២០២៤ថ្មីៗនេះទេ តើអស់លោកមេភូមិព្រៃទទឹង មេឃុំឫស្សីស្រុក ឬអភិបាលស្រុកស្រីសន្ធរ ពិតជាមិនបានដឹងរឿងអ្វីបន្តិចសោះមែនទេ ឬមួយដឹងដែរតែដុល្លារបិទមាត់ជិតអស់ហើយ បានជាមិនទប់ស្កាត់ ឬមិនរាយការទៅថ្នាក់ខេត្ត???»។
ប្រភពដដែលសង្កត់ធ្ងន់ថា៖«រឿងមន្ត្រីអសកម្មខ្លាំងបែបនេះ បើឯកឧត្តមអភិបាលខេត្តគ្មានវិធានការរដ្ឋបាលតឹងរឹងចំពោះពួកគាត់ទេ វាអាចនឹងក្លាយទៅជាគំរូដ៏អាក្រក់សម្រាប់មន្ត្រីផ្សេងទៀតនាពេលអនាគតបាន។ដោយលែកចំពោះជនល្មើសវិញ បើត្រឹមតែសម្របសម្រួល ឬធ្វើកិច្ចសន្យាធម្មតាៗ ដោយគ្មានចំណាត់ការផ្លូវច្បាប់ទេ ថ្ងៃក្រោយក៏មិនរាងចាលដែរ ពីព្រោះប្រព្រឹត្តខុសហើយគ្មានទោសនោះ»។
ប្រភពដដែលសរសេរទៀតថា៖«ដើម្បីជៀសវាងកុំឲ្យសង្គមធ្លាក់ចូលក្នុងភាពអនាធិបតេយ្យ រដ្ឋាភិបាលត្រូវតែបំបាត់ឲ្យអស់នូវនិទណ្ឌភាព ហើយឈានទៅអនុត្តច្បាប់ដោយតម្លាភាព និងស្មើៗភាពគ្នាសម្រាប់ជនជាតិខ្មែរគ្រប់ៗរូប ក៏ដូចជាជនបរទេសដែលស្នាក់អាស្រ័យ ឬធ្វើការងារគ្រប់ប្រភេទនៅក្នុងទឹកដី នៃព្រះរាជាណាចក្រកម្ពុជា»។
ជាមួយគ្នានេះ ក្រុមអ្នកតាមដានបញ្ហាសង្គម ក៏បានស្តីបន្ទោសចំពោះអាជ្ញាធរមូលដ្ឋាន ដែលមិនបានយកចិត្តទុកដាក់លើការគ្រប់គ្រងនៅមូលដ្ឋានរងបស់ខ្លួន ។ ជាក់ស្តែង លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា ដែលតែងតែឈឹឆ្អាល់រឿងអសកម្ម និងមិនប្រក្រតីមួយចំនួននៅកម្ពុជា បញ្ជាក់ថា ករណីចាក់ថ្មចូលទន្លេមេគង្គ ធ្វើជាកម្មសិទ្ធិរបស់ជនខិលខូច នេះ វា ខុសទៅនឹងច្បាប់ភូមិបានដែលបានចែងថា ដីចំណីទន្លេ ស្ទឹង បឹងបួរ និងសមុទ្រជាដើម មិនអាចរំលោភយកធ្វើជាកម្មសិទ្ធិឯកជននោះទេ ។
លោកបណ្ឌិត យង់ ពៅ សង្កត់ទៀតថា ករណីចាក់ថ្មចូលទន្លេ សមត្ថកិច្ចមូលដ្ឋានគួរតែបានដឹងព័ត៌មាននេះ ច្បាស់ ពីព្រោះការចាក់ថ្មចូលទន្លេនេះ មិនមែន ១ ថ្ងៃ ឬ ២ ថ្ងៃ អាចចាក់បានច្រើនបែបនេះទេ ។ បើខ្លួនមិនមានសមត្ថភាពក្នុងការហាមឃាត់ បុគ្គល ដែលមានងារជា ឧកញ៉ា ឬមានយសស័ក្តិធំទេ គួរតែធ្វើរបាយការណ៍ ទៅថ្នាក់លើតាមដាប់ដំដោយដែលមានសមត្ថភាពគ្រប់គ្រាន់ ដើម្បីមានវិធានការ ។
លោកបណ្ឌិត យង់ ពៅ បញ្ជាក់បន្ថែមថា បើមិនមានបណ្តាញសង្គមទេ ប្រហែលជាមិនអាចមានវិធានការទាន់ពេលទេ ។ ដូច្នេះ គួរតែអាជ្ញាធរ និងសមត្ថកិច្ចមូលបានដឹងច្បាស់ ពីព្រោះនេះមិនមែនថ្មមួយដុំ ឬពីរដុំទេ បើពិនិត្យជាក់ស្តែងគឺមានចំនួនច្រើន។
ជាមួយគ្នានេះ លោកបណ្ឌិត បានស្នើដល់អ្នកមានបុណ្យស័ក្តិ និងយសខ្ពង់ខ្ពស់ ព្រមទាំងមានទ្រព្យសម្បតិ្តស្តុកស្តម្ភ គួរតែយល់ដឹងពីច្បាប់ នានា ជាពិសេសច្បាប់ភូមិបាលដោយកុំបំពានទន្លេ ស្ទឹងបឹងបួរ និង សម្បត្តិធម្មជាតិផ្សេងៗទៀត ដើម្បីទុកជាធម្មជាតិសម្រាប់អ្នកជំនាក់ជំនាន់ក្រោយ។
បន្ថែមពីនេះ លោក បណ្ឌិត ក៏បានគាំទ្រចំណាត់ការលើផ្លូវច្បាប់ដល់ជនចាក់ថ្មចូលទៅក្នុងទន្លេ និងមានវិធានការចំពោះសមត្ថកិច្ចពាក់ព័ន្ធពាក់ ដូចប្រជាពលរដ្ឋដែរ ដើម្បីជាការព្រមានដល់អ្នកផ្សេងទៀត ។ បើមិនដូច្នោះ ទេ នឹងធ្វើឱ្យអ្នកផ្សេងទៀត នឹងធ្វើតាម ធ្វើឱ្យប៉ះពាល់ដល់ធនធានកម្ពុជា ។
ជុំវិញបញ្ហានេះ សេចក្តីប្រកាសព័ត៌មានរបស់សាលាខេត្តកំពង់ចាម នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានបញ្ជាក់ថា បន្ទាប់ពីទទួលបានព័ត៌មានពីករណីចាក់ថ្មចូលផ្ទៃទន្លេមេគង្គនៅទីតាំងភូមិព្រៃទទឹង ឃុំឫស្សីស្រុក ភ្លាមៗរដ្ឋបាលខេត្ត បានចាត់តាំងលោក ស្រី សុភ័ក្រ្ត អភិបាលរងខេត្តកំពង់ចាម ដឹកនាំក្រុមការងារចុះពិនិត្យ ផ្តិតយករូបភាព ជួបជាមួយនឹងភាគីពាក់ព័ន្ធ និងបានរកឃើញថាពិតជាមានសកម្មភាពចាក់ថ្មចូលផ្ទៃទន្លេពិតប្រាកដមែន ដោយសកម្មភាពនេះបានដំណើរការជិត២ខែមកហើយ ពោលតាំងពីថ្ងៃទី២ ខែមករា ឆ្នាំ២០២៤មកម្ល៉េះ។
ការចាក់ថ្មនេះ គឺចាក់ចូលទៅក្នុងផ្ទៃទន្លេប្រវែង ៥៥ម៉ែត្រ និងគ្រោងចាក់បណ្ដោយទន្លេប្រវែង ២៩៤.៦ម៉ែត្រ (បច្ចុប្បន្នទើបចាក់បានប្រវែង ១៣០ម៉ែត្រ)។ សកម្មភាពនៃការចាក់ថ្មចូលទន្លេនេះ គឺពុំមានច្បាប់អនុញ្ញាតឡើយ។
រដ្ឋបាលខេត្តកំពង់ចាម បានតម្រូវឱ្យភាគីម្ចាស់ដី ដែលកំពុងធ្វើសកម្មភាពចាក់ថ្មចូលទន្លេនេះអនុវត្តដូចខាងក្រោម៖*ទី១៖ បញ្ឈប់សកម្មភាពចាក់ថ្មចូលផ្ទៃទន្លេដោយគ្មានច្បាប់អនុញ្ញាត ទោះក្នុងហេតុផលណាមួយក៏ដោយ*ទី២៖ ត្រូវធ្វើការកាយ និងយកថ្ម ដែលបានចាក់រួចហើយនេះចេញវិញឲ្យអស់យ៉ាងយូរក្នុងរយៈពេល ៧០ថ្ងៃកំណត់ និងមិនត្រូវកាយពង្រាយទម្លាក់ចូលក្នុងទឹកទន្លេឡើយ ដើម្បីបញ្ចៀសផលប៉ះពាល់ទៅថ្ងៃក្រោយ សម្រាប់ការធ្វើចរាចរណ៍តាមផ្លូវទឹក *ទី៣៖ ភាគីម្ចាស់ដី ត្រូវធ្វើសេចក្តីរាយការណ៍មករដ្ឋបាលខេត្តកំពង់ចាម ក្នុងរយៈពេល០១ខែម្តង (រៀងរាល់ចុងខែនីមួយៗ) ពីវឌ្ឍនភាពនៃការកាយថ្មចេញពីទន្លេ។ ក្រុមការងាររបស់រដ្ឋបាលខេត្តកំពង់ចាម នឹងចុះធ្វើការពិនិត្យ តាមដានការអនុវត្តវិធានការនេះ នៅរៀងរាល់មួយសប្តាហ៍ម្ដង ឬពេលវេលាជាក់ស្តែង។
លោក វង្ស សំអាង និងលោក កៅ ម៉េងសៀង ជាតំណាងរបស់លោក ទន់ ឆៃអ៊ាង ជាភាគីម្ចាស់ដី បានទទួលស្គាល់នូវសកម្មភាពនៃការចាក់ថ្ម និងការរកឃើញរបស់ក្រុមការងាររបស់រដ្ឋបាលខេត្តដូចបានបញ្ជាក់ខាងលើ ព្រមទាំងយល់ព្រមអនុវត្តវិធានការរបស់រដ្ឋបាលខេត្តទាំង០៣ចំណុច ដូចខាងលើ។
ករណីខាងលនេះ លោក យ៉ែម បុញ្ញារិទ្ធិ អ្នកនយោបាយចាស់វស្សា បានគំទ្រនូវចំណាច់ការបស់អាជ្ញាធរខេត្តកំពង់ចាម ដោយបានអះអាងថា៖«ទើបដឹងថាមានចាក់ថ្មរំលោភចូលទន្លេ…! ហេតុអ្វីបានជាអាចធ្វើបាន? សកម្មភាពចាក់ថ្មរំលោភចូលផ្ទៃទន្លេមេគង្គ តាំងពីថ្ងៃទី០២ ខែមករា ឆ្នាំ២០២៤ ប្រុងយកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន ប្រវែង៥៥ម៉ែត្រ និងគ្រោងចាក់បណ្ដោយទន្លេប្រវែង ២៩៤.៦ម៉ែត្រ (បច្ចុប្បន្នទើបចាក់បានប្រវែង ១៣០ម៉ែត្រ) នៅភូមិព្រៃទទឹង ឃុំឫស្សីស្រុក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។ គាំទ្រចំណាត់ការរដ្ឋបាលខេត្តកំពង់ចាម (សេចក្ដីប្រកាសព័ត៌មាន នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤)»៕