អ្នកនាំពាក្យ៖ក្នុងមួយសប្តាហ៍! យានយន្តជាង ១០ម៉ឺន គ្រឿង បានធ្វើដំណើរលើផ្លូវល្បឿនលឿន

ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងសាធារណៈការ និងដឹកជញ្ជូន លោក ផន រឹម បានលើកឡើងថា របាយការណ៍លំហូរចរាចរណ៍ប្រចាំសប្តាហ៍ គិតចាប់ពីថ្ងៃទី១២ ខែកុម្ភៈ រហូតដល់ ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤ មានយានយន្តធ្វើដំណើរលើផ្លូវល្បឿនលឿនសរុបចំនួន ១០៦ ៥៩៣ គ្រឿង។

លោក ផន រឹម បន្ថែមថា របាយការណ៍បញ្ជាក់ថា មានការស្វែងរកជំនួយតាមទូរស័ព្ទសង្គ្រោះ១៣៩៩ ចំនួន ១៤៦ ខ្សែ (បញ្ហាគ្រោះថ្នាក់ចរាចរណ៍ចំនួន ២ករណី ស្វែងរកជំនួយចំនួន ៦០ករណី និងប្រឹក្សាយោបល់សួរព័ត៌មានចំនួន ៨៤ករណី)។

ក្រុមហ៊ុនផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋគ្រប់រូប មេត្តាអនុវត្តតាមលក្ខខណ្ឌក្នុងការប្រើប្រាស់ផ្លូវល្បឿនលឿន ព្រមទាំងចូលរួមគោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ឱ្យបានខ្ជាប់ខ្ជួន កុំបើកបរលើសល្បឿនកំណត់ និងកុំបើកបរបញ្ច្រាសទិសចរាចរណ៍។