រដ្ឋបាលស្រុកអូររាំងស្នើសុំដាក់ពិន័យអភិបាលរងស្រុកមា្នក់ក្រោយដកអាវុធខ្លី ភ្ជង់មេបញ្ជាសឹករងស្រុក និងអធិការស្រុក

មណ្ឌលគិរី៖  ថ្មីៗនេះ មានបណ្តាគេហទំព័រព័ត៌មាន និងបណ្តាញទំនាក់ទំនងសង្គម Facebook បានចុះផ្សាយពាក់ព័ន្ធករណី អភិបាលរងស្រុកអូររាំងម្នាក់ លោក សុខ សុវណ្ណារិទ្ធ ប្រើប្រាស់អាវុធខ្លី ភ្ជង់មេបញ្ជាផ្នែកការសឹករងស្រុក និងអធិការស្រុកអូររាំង តាមដងផ្លូវ កាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ នៅចំណុចមុខសាលាឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី ។

សេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលស្រុកអូររាំង នៅថ្ងៃទី ១៩ ខែកុម្ភៈ ឆ្នាំ ២០២៤ បញ្ជាក់ថា ៖«ពាក់ព័ន្ធជាមួយករណីខាងលើ រដ្ឋបាលស្រុកអូររាំង បានកំពុងរៀបចំសំណើ ដើម្បីគោរពជូន ឯកឧត្តមអភិបាលខេត្តមណ្ឌលគិរី ពិនិត្យ និងសម្រេច ដាក់វិន័យរដ្ឋបាលចំពោះបុគ្គល ដែល មានកំហុសឆ្គងខាងលើ ។ ចំពោះ អាវុធត្រូវបានដកហូត និងរក្សាទុកនៅស្នងការដ្ឋាននគរបាលខេត្ត មណ្ឌលគិរី ដើម្បីចាត់វិធានការបន្តតាមនីតិវិធីច្បាប់» ។

អភិបាលរងស្រុកអូររាំង នៃខេត្តបណ្ឌលគិរីម្នាក់គឺលោក សុខ សុវណ្ណារិទ្ធ ត្រូវបានផ្សព្វផ្សាយថាស្ថិតក្នុងស្ថានភាពស្រវឹងអួទីនួកាលពីថ្ងៃទី ១៥ កុម្ភៈ បានដកកាំភ្លើងភ្ជង់គេឯងបណ្ដាលឲ្យមានការភ័យខ្លាចលើកំណាត់ផ្លូវជាតិលេខ ៧៦ ត្រង់ចំណុចខាងមុខវត្តអូររាំង ។

សាក្សីឃើញផ្ទាល់ភ្នែកបានរៀបរាបថា លោក សុខ សុវណ្ណារិទ្ធ បានប្រដេញរថយន្តមួយគ្រឿងដែលកំពុងបើកដោយមេបញ្ជាការយោធាស្រុកអូររាំងបញ្ជាឲ្យឈប់ហើយក៏ដកកាំភ្លើងខ្លីភ្ជង់ថែមទាំងប្រើពាក្យប្រមាថកាតទានផ្សេងៗ ។ បន្ទាប់មកគេក៏ឃើញលោកអធិការស្រុកចុះមកអន្តរាគមន៍តែក៏ត្រូវលោកធំ សុខ សុវណ្ណារិទ្ធ រេកាំភ្លើងភ្ជង់ទៀត ។ ហេតុការណ៍នេះ បានបង្ករឲ្យមានការភ្ញាក់ផ្អើលភ័យខ្លាច ដល់ពលរដ្ឋ និងអាសូរដល់សីលធម៌របស់មន្ត្រីខ្មែរដែលធ្លាក់ដាបចង់យ៉ាប់ជាងធូលីដីតាមចញ្ចើមផ្លូវ ៕