ភ្នំពេញ៖ ក្រសួងបរិស្ថានគ្រោងដាក់ចេញនូវយុទ្ធនាការសម្អាតវត្ថុឬ ថង់ប្លាស្ទិកនៅលើផ្ទៃទឹកបឹងទន្លេសាប។នេះបើតាមការបង្ហើបឱ្យ ដឹងពីលោក អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ខណៈដែលលោក ដឹកនាំគណៈប្រតិភូអន្តរក្រសួង និងប្រតិភូសហភាពអឺរ៉ុបប្រចាំកម្ពុជាទស្សនកិច្ចទៅកាន់តំបន់បឹងទន្លេសាបក្នុងតំបន់រ៉ាមសារព្រែកទាល់ក្នុងភូមិសាស្រ្តឃុំកោះជីវាំង ស្រុកឯកភ្នំ ខេត្តបាត់ដំបង កាលពីចុងសប្ដាហ៍នេះ។
លោក ខ្វៃ អាទិត្យា អ្នកនាំពាក្យក្រសួងបរិស្ថាន នៅថ្ងៃទី ៦ ខែកុម្ភៈនេះ ថ្លែងថា ក្រសួងពិតជាមានគម្រោងសម្អាតថង់ផ្លាស្ទិនៅក្នុងទន្លេសាបនៅពេលខាងមុខឆាប់ៗខាមុខនេះ ដោយក្នុងនោះ ក្រសួងបរិស្ថានបានកំណត់ទិសដៅស្អាត បៃតង និងចីរភាព ។ ដូច្នេះ នៅក្នុងមុំទីមួយ «ស្អាត» នៃយុទ្ធសាស្ត្រចក្រា ២០២៣-២០២៨ នេះ តម្រូវ ឱ្យមានភាពស្អាតទាំងនៅលើគោក ទាំងនៅក្នុងទឹក និងទាំងនៅលើអាកាស។
លោក ខ្វៃ អាទិត្យា បញ្ជាក់ថា ចំពោះ ស្អាតលើគោក ត្រូវបានចាប់ផ្តើមដំណើការកាលពីថ្ងៃទី ១ ខែកញ្ញា ឆ្នាំ ២០២៣ ក្រោយពេលបង្កើតរាជរដ្ឋាភិបាលអាណត្តិទី ៧ ដោយបានកំណត់នូវយុទ្ធនាការ កាត់បន្ថយការប្រើប្រាស់ថង់ផ្លាស្ទិក ក្រោមប្រធានបទ « ថ្ងៃនេះ ខ្ញុំមិនប្រើថង់ផ្លាស្ទិកទេ» ។ ជំហ៊ានបន្ទាប់ នេះក្រសួងនឹងសម្អាតនៅក្នុង ទឹក និងនៅលើអាកាសបន្តទៀត ។
លោក ថ្លែងថា៖ « អ៊ីចឹង យើងគ្រោង នៅពេលដែលយើងសម្រេចបាន នូវភាពស្អាតនៅលើគោក ដែលមានប្រជាពលរដ្ឋ បាន យល់ដឹង និងចូលរួម សម្អាត លើគោកនេះ បាន ៥០ % នៃចំនួន ប្រជាជនសរុប។ នោះក្រសួងបរិស្ថាននឹងដាក់ផែនការ សម្អាតក្នុងទឺក។ ដូច្នេះ គម្រោងសម្អាតថង់ផ្លាស្ទិកនេះ ជាផ្នែកមួយនៃ ជំហ៊ានទី២ ដែលនឹងចាប់ផ្តើមនៅពេលឆាប់ៗ ហើយក្រសួងបរិស្ថានបានកំណត់ទិសដៅហើយ »។
បើតាម លោក ខ្វៃ អាទិត្យា នៅក្នុងដំណើរចុះទៅពិនិត្យជាក់ស្តែងបឹងទន្លេសាបរបស់ លោក អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន ជាមួយ ប្រតិភូសហភាពអឺរ៉ុប កាលពីពេលថ្មីៗនេះ គឺបាន កត់សម្គាល់ឃើញផ្ទៃបឹងទន្លេសាបកំពុងតែគំរាមកំហែង ដោយសំរាម និងថង់ផ្លាស្ទិក ។ ដូច្នេះ បានជាក្រសួងកំណត់យុទ្ធសាស្ត្រ បន្ត សម្អាតនៅក្នុងទឹក ដោយផ្តើមពីទន្លេសាបមុនគេ ដោយក្នុងនោះនឹងចាប់ផ្តើមទប់ស្កាត់ពីបណ្តាព្រែក នានាដែលនាំចូលមកក្នុងទន្លេសាប ។
គម្រោងសង្គ្រោះបឹងទន្លេសាបពីសំរាម និងថង់ប្លាស្ទិក ធ្វើយ៉ាងណាទប់ស្កាត់ដែលត្រូវធ្វើជាចាំបាច់ ដើម្បីរក្សាបឹងទន្លេសាប សម្រាប់តជំនាន់។
គម្រោងនេះ នឹងរៀបចំសម្អាតទឹក សម្អាតទឹកមាន២ គឺទី១៖ សម្អាត់ថង់ប្លាស្ទិក លើផ្ទៃទឹក ហើយផ្ទៃទឹកអាទិភាពជាងគេ គឺទន្លេសាប ប្រជាជនយើងប្រមាណ ៦លាននាក់ នៅជុំវិញបឹងទន្លេសាប ត្រីគឺជាអាហារចំបង មិនចង់ឱ្យបាត់បង់បាត់បង់ ត្រីដោយសារការបំពុលបរិស្ថាន ដោយថង់ប្លាស្ទិក ត្រីស៊ីប្លាស្ទិក ហើយប្រជាពលរដ្ឋដែលបរិភោគសាច់ត្រីដែលមានផ្ទុកដោយមីក្រូប្លាស្ទិក នឹងទទួលរងនូវជំងឺនានាដូចជាជំងឺមហារីកជាដើម ដើម្បីកាត់បន្ថយលំហូរប្លាស្ទិក ចូលក្នុងបឹងទន្លេសាប ជំហានទី១ សំអាតតាមព្រែកនីមួយៗ ដែលហូរចូលមកបឹងទន្លេសាប នាំមកនូវសំរាម ថង់ប្លាស្ទិក មកបឹងទន្លេសាប តាមបច្ចេកវិទ្យាផ្សេងៗ ដើម្បីទប់ស្កាត់ការហូរចូលប្លាស្ទិក ចូលមកបឹងទន្លេសាបក្នុងយុទ្ធនាការសំអាតក្នុងទឹក យើងកំពុងតែធ្វើការសិក្សាថា តើនៅក្នុងប្រទេសកម្ពុជាមានរោងចក្រប៉ុន្មាន ដែលបង្ហូរទឹកចូលទៅក្នុងទន្លេបឹងបួរក្រោយពីធ្វើការសិក្សាលម្អិតរួចហើយក្រសួងនិងដាក់ប្រព័ន្ធតាមដានគ្រប់រោងចក្រទាំងអស់ ដើម្បីធ្វើយ៉ាងណាឱ្យទឹកចេញពីរោងចក្រចូលមកទន្លេបឹងបួ គឺជាទឹកល្អ មិនបំពុលបរិស្ថាន ៕