ភ្នំពេញ៖ វេទិកាជំរុញ និងទាក់ទាញវិនិយោគកម្ពុជា-កូរ៉េនឹងពាំនាំមកនូវផ្លែផ្កាវិជ្ជមានសម្រាប់រុញច្រានរំហូរវិនិយោគពីកូរ៉េមកកាន់កម្ពុជាឱ្យកាន់តែមានកំណើនគួរឱ្យកត់សម្គាល់។ នេះ បើតាម ជំនួបពិភាក្សារវាងលោក សួន សុផល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា (គ.វ.ក.) និងលោក Hacheong Yun អគ្គនាយក KOTRA ភ្នំពេញនៅ ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៤។
ជំនួបពិភាក្សាខាងលើនេះធ្វើឡើងក្នុងគោលបំណងពិភាក្សាអំពីកិច្ចសហប្រតិបត្តិការចំពោះមុខពាក់ព័ន្ធនឹងសកម្មភាពជំរុញ និងទាក់ទាញវិនិយោគមកកាន់ទឹកដីនៃព្រះរាជាណាចក្រកម្ពុជា។
នាឱកាសនោះ លោក សួន សុផលបានរំលឹកឡើងវិញអំពីអត្ថិភាពនៃតុវិនិយោគកូរ៉េ (Korea Desk) ដែលជាមរតកដ៏មានតម្លៃនៃកិច្ចសហប្រតិបត្តិការរវាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េពាក់ព័ន្ធនឹងកិច្ចការវិនិយោគឯកជន។
បន្ថែមពីនេះ លោក សួន សុផលក៏បានថ្លែងអំណរគុណជូនចំពោះភាគីមិត្តដែលមានបំណងរៀបចំវេទិកាជំរុញ និងទាក់ទាញវិនិយោគមកកាន់កម្ពុជានាពេលដ៏ខ្លីខាងមុខ សំដៅបញ្ជ្រាបការឈ្វេងយល់ដល់ធុរជន និងវិនិយោគិនកូរ៉េអំពីកាលានុវត្តភាព និងបរិយាកាសវិនិយោគនៅកម្ពុជា។
ជាមួយគ្នានេះ លោក សួន សុផលមានសុទិដ្ឋិនិយមថាវេទិកានាពេលខាងមុខនឹងពាំនាំមកនូវផ្លែផ្កាវិជ្ជមានសម្រាប់រុញច្រានរំហូរវិនិយោគពីកូរ៉េមកកាន់កម្ពុជាឱ្យកាន់តែមានកំណើនគួរឱ្យកត់សម្គាល់។
ជាការឆ្លើយតប សមភាគីបានសម្តែងនូវការពេញចិត្តជូនចំពោះក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាដែលជានិច្ចកាលតែងតែផ្តល់កិច្ចសហការយ៉ាងជិតស្និទ្ធក្នុងការរៀបចំសកម្មភាពគាំទ្រនានា។ ក្នុងស្មារតីនេះ សមភាគីបានបង្ហាញជំនឿចិត្តយ៉ាងមុតមាំថាផែនការសកម្មភាពជំរុញ និងទាក់ទាញវិនិយោគនឹងសម្រេចជោគជ័យតាមការគ្រោងទុក៕