ករណីគ្រោះថ្នាក់ចរាចរណ៍បុកស្លាប់បុរសម្នាក់ល្បីតាមបណ្តាញសង្គម តុលាការចេញដីកាបញ្ជាបង្គាប់ឱ្យជនសង្ស័យបង្ហាញខ្លូន

ភ្នំពេញ៖ លោក ជិន ម៉ាលីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ បានអះអាងថា  ករណីគ្រោះថ្នាក់ចរាចរណ៍បុកស្លាប់បុរសម្នាក់ ហើយត្រូវបានភរិយារបស់ខ្លួនផុសលើនៅលើបណ្តាញសង្គមស្វែងរកយុត្តិធម៌ ត្រូវបានស្ថាប័នអយ្យការ នៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៣ បានចេញដីកាបញ្ជាបង្គាប់ឱ្យជនសង្ស័យបង្ហាញខ្លូននៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញមិនឱ្យលើសពីពីថ្ងៃទី ៩ ខែមករា ឆ្នាំ ២០២៤។

ការចេញដីកាបញ្ជា ឱ្យជនសង្ស័យបង្ហាញខ្លួននេះ ធ្វើឡើងបន្ទាប់ពី លោក ជិន ម៉ាលីន អះអាងថាលោក កើត រិទ្ធ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានណែនាំឱ្យព្រះរាជអាជ្ញារាជធានីភ្នំពេញ ធ្វើការពិនិត្យ ស្រាវជ្រាវ និងធ្វើការដោះស្រាយឱ្យបានត្រឹមត្រូវ និងម៉ឹងម៉ាត់តាមផ្លូវច្បាប់។

លោក ជិន ម៉ាលីន បានសរសេរនៅលើបណ្តាញសង្គមរបស់ខ្លួនបញ្ជាក់ថា៖«ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍នេះ ថ្ងៃនេះ ស្ថាប័នអយ្យការបានចេញដីកាបញ្ជាឱ្យចូលខ្លួន បង្គាប់ឱ្យជនសង្ស័យបង្ហាញខ្លូននៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ឱ្យបានមុនថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៤»។

លោក បន្តថា៖« ដីកាបញ្ជាឱ្យចូលខ្លួននេះ ក៏មានអនុភាពបញ្ជាឱ្យកម្លាំងសមត្ថកិច្ច ស្វែងរក និងនាំខ្លួនជនសង្ស័យមកកាន់អយ្យការផងដែរ ក្នុងករណីមិនព្រមចូលមកបង្ហាញខ្លួន។ ចំពោះលទ្ធផលនៃការអនុវត្តដីកាបញ្ជាឱ្យចូលខ្លួននេះ ខ្ញុំនឹងជូនព័ត៌មានបន្ថែមតាមក្រោយ»៕