ជប៉ុន៖ សម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាល កំពុងពិនិត្យលទ្ធភាពក្នុងការបង្កើតសួនឧស្សាហកម្ម កម្ពុជា-ជប៉ុន និងការកសាងផែនការមេក្នុងវិស័យឡូជីស្ទីក ដើម្បីប្រែក្លាយកំពង់ផែស្វយ័តក្រុងព្រះសីហនុ ទៅជាកំពង់ផែស្នូលដ៏សំខាន់មួយនៅក្នុងតំបន់។
សម្ដេចថ្លែងបែបនេះ ក្នុងជំនួបជាមួយលោកអូបាយ៉ាស៊ី តាកេអុ (OBAYASHI TAKEO) ប្រធានផ្នែកទំនាក់ទំនងអន្តរជាតិ តំណាងសហព័ន្ធសេដ្ឋកិច្ចតំបន់កាន់សៃ និងជាប្រធានក្រុមហ៊ុន OBAYASHI CORPORATION កាលពីព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន។
ក្នុងឱកាសនោះ លោក អូបាយ៉ាស៊ី តាកេអុ បានជម្រាបជូនសម្ដេច អំពីសកម្មភាពអាជីវកម្មរបស់សហព័ន្ធសេដ្ឋកិច្ចតំបន់កាន់សៃ ជាពិសេស សកម្មភាពការងារមួយចំនួនដែលបានអនុវត្តនៅក្នុងប្រទេសកម្ពុជា តួយ៉ាងដូចជា៖ ការជួលជុលស្ពានមិត្តភាពកម្ពុជា-ជប៉ុនជ្រោយចង្វារ ជាដើម ។ ជាមួយគ្នានោះ លោក អូបាយ៉ាស៊ី តាកេអុ បានបញ្ជាក់ ពីបំណងពង្រីកវិនិយោគរបស់ខ្លួន ក៏ដូចជាជំរុញទឹកចិត្ត ឱ្យក្រុមហ៊ុនជប៉ុនដទៃផ្សេងទៀត មកវិនិយោគនៅប្រទេសកម្ពុជាបន្ថែម។
លើសពីនេះទៀត លោកប្រធានក្រុមហ៊ុន OBAYASHI CORPORATION ក៏បានបញ្ជាក់បន្ថែមទៀតផងដែរ អំពីគម្រោងពិព័រណ៍សាកលនៅក្នុងសហព័ន្ធសេដ្ឋកិច្ចតំបន់កាន់សៃ នាឆ្នាំ២០២៤ ខាងមុខនេះ ជាមួយក្តីសង្ឃឹមថា កម្ពុជានឹងចូលរួមក្នុងព្រឹត្តិការណ៍ដ៏សំខាន់នេះ។
ជាការឆ្លើយតប សម្តេច សម្តែងនូវសេចក្តីសោមនស្សរីករាយចំពោះ សហព័ន្ធសេដ្ឋកិច្ចតំបន់កាន់សៃ ដែលប្រមូលផ្តុំនូវក្រុមហ៊ុន ឬសហគ្រាសជាច្រើនក្នុងតំបន់កាន់សៃ ដែលមានបំណងបោះទុនវិនិយោគនៅកម្ពុជា។ ជាមួយគ្នានេះ សម្តេច ហ៊ុន ម៉ាណែត បានលើកទឹកចិត្ត សហព័ន្ធសេដ្ឋកិច្ចតំបន់កាន់សៃ ឱ្យបន្តជួយផ្សព្វផ្សាយអំពីសក្តានុពលរបស់កម្ពុជាទៅដល់វិនិយោគិនជប៉ុន ដើម្បីទទួលបាននូវការចាប់អារម្មណ៍ និងឱកាសក្នុងការពង្រីកវិនិយោគរបស់ខ្លួននៅកម្ពុជា ។
ឆ្លៀតក្នុងឱកាសនោះ សម្តេច ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ក្រសួងពាណិជ្ជកម្មកម្ពុជា នឹងរៀបចំក្នុងការចូលរួមព្រឹត្តិការណ៍ពិព័រណ៍សាកលក្នុងសហព័ន្ធសេដ្ឋកិច្ចតំបន់កាន់សៃ នាពេលខាងមុខនេះ ។ លើសពីនេះទៀត សម្តេច បញ្ជាក់បន្ថែមថា រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងយកចិត្តទុកដាក់នៅក្នុងការធានានិរន្តរភាពនៃបរិយាកាសអំណោយផលសម្រាប់ធុរកិច្ច និងវិនិយោគ តាមរយៈការដាក់ចេញនូវគោលនយោបាយ យន្តការអនុវត្ត និងក្របខ័ណ្ឌគតិយុត្តថ្មីៗ ព្រមជាមួយនឹងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ និងឡូជីស្ទីកសំខាន់ៗ ដូចជា ផ្លូវលឿន ផ្លូវដែក និងកំពង់ផែ ជាដើម ។
សម្ដេច នាយករដ្ឋមន្រ្តី សង្កត់ធ្ងន់ថា «ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាល ក៏កំពុងពិនិត្យលទ្ធភាពក្នុងការបង្កើតសួនឧស្សាហកម្មកម្ពុជា-ជប៉ុន និងការកសាងផែនការមេក្នុងវិស័យឡូជីស្ទីក ដើម្បីប្រែក្លាយកំពង់ផែស្វយ័តក្រុងព្រះសីហនុ ទៅជាកំពង់ផែស្នូលដ៏សំខាន់មួយនៅក្នុងតំបន់»។បរិយាកាសទាំងនេះ ជាការជួយសម្រួល និងផ្តល់នូវការលើកទឹកចិត្តប្រកបដោយភាពអនុគ្រោះ និងភាពទាក់ទាញដល់វិនិយោគិនដែលមកវិនិយោគនៅក្នុងប្រទេសកម្ពុជា»៕