ភ្នំពេញ៖ កម្លាំងជំនាញមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានបង្ក្រាបករណីរក្សាទុក ដឹកញ្ចូន និងជួញដូរសារធាតុញៀន ដោយឃាត់ខ្លួនជនសង្ស័យ៣នាក់ និងថ្នាំញៀនជិត ១គីឡូក្រាម។ នេះ បើតាមទំព័រហ្វេសបុករបស់មន្ទីរប្រឆាំងគ្រឿងញៀននៅថ្ងៃទី ១១ ខែធ្នូ ឆ្នាំ ២០២៣ ។
ប្រភពដដែលនេះបញ្ជាក់ថា ការបង្ក្រាបនេះអនុវត្តន៍តាមបទបញ្ជារបស់លោក ស ថេត អគ្គស្នងការនគរបាលជាតិ ការដឹកនាំបញ្ជារបស់លោក ម៉ក់ ជីតូ, លោក ព្រុំ សន្ធរ អគ្គស្នងការរងទទួលផែនប្រឆាំងគ្រឿងញៀន និងការដឹកនាំផ្ទាល់របស់លោក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន។
បើតាម មន្ទីរប្រឆាំងគ្រឿងញៀន កាលពីថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៣ ដោយមានការដឹកនាំ និងសម្របសម្រួលដោយលោក គឹម ហុងសាន ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ កម្លាំងជំនាញមន្ទីរប្រឆាំងគ្រឿងញៀន (ក៤) បានសហការជាមួយកម្លាំង នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ធ្វើការបង្ក្រាបនៅចំណុច ក្រោយវិទ្យាល័យសន្ធរម៉ុក ផ្លូវលេខ១៣៨ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ជនសង្ស័យ ៣នាក់ រួមមាន៖ ១. ឈ្មោះ បឿន សុខលាភ ភេទប្រុស ឆ្នាំកំណើត២០០៣ ជនជាតិខ្មែរ,២. ឈ្មោះ ហេង វណ្ណនិត ភេទប្រុស ឆ្នាំកំណើត១៩៩៨ ជនជាតិខ្មែរ និង ៣. ឈ្មោះ សុវណ្ណ រាជ ភេទប្រុស ឆ្នាំកំណើត១៩៩៨ ជនជាតិខ្មែរ។
ចំណែកវត្ថុតាង និងសម្ភារចាប់យកបានរួមមាន៖ ១.គ្រឿងញៀនអ៊ិចស្តាស៊ី (MDMA) ទម្ងន់៩៥០.៩៧ក្រាម និងគ្រឿងញៀនកេតាមីន (KETAMINE) ទម្ងន់៦.៨២ក្រាម។ ជនសង្ស័យ និងវត្ថុតាង សមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន បានកសាងសំណុំរឿង ទៅសាលាដំបូងរាជធានីភ្នំពេញ តាមនីតិវិធី៕