រដ្ឋមន្រ្តីបរិស្ថាន៖ ក្រសួងបរិស្ថាននឹងអនុវត្តច្បាប់ ១០០% ដោយមិនលើកលែងចំពោះបុគ្គលដែលបង្កបទល្មើសធនធានធម្មជាតិ

អារ៉ាម់រួម៖ លោក អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងបញ្ជាក់ថា ក្រសួងបរិស្ថាន នឹងអនុវត្តច្បាប់ ១០០ភាគរយ ដោយមិនលើកលែងចំពោះបុគ្គលដែលបង្កបទល្មើសធនធានធម្មជាតិ។

ក្នុងជំនួបជាមួយ លោកស្រី Juliette Biao ប្រធានលេខាធិការដ្ឋាន នៃវេទិកាសហប្រជាជាតិ ស្តីពីព្រៃឈើ UN Forum on Forest (UNFF) ក្នុងឱកាសចូលរួមសន្និសីទកំពូលបណ្តាភាគីលើកទី២៨ (COP-28) នៃអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (UNCCC) នៅទីក្រុងឌូបៃ ប្រទេសអារ៉ាម់រួម កាលពីរសៀលថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៣ លោក អ៊ាង សុផល្លែត បានថ្លែងថា ក្រសួងបរិស្ថានទើបបានដាក់ចេញនូវយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថានឆ្នាំ២០២៣-២០២៨ ដែលក្នុងនោះបានកំណត់ដាក់ចេញនូវការងារអាទិភាពមានដូចជា យុទ្ធនាការកាត់បន្ថយប្លាស្ទិក ក្រោមប្រធានបទ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» ដែលបាននិងកំពុងមានការគាំទ្រ និងចូលរួម ពីសំណាក់លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស កម្មករ កម្មការនី រោងចក្រ និងអ្នកចូលរួមផ្សេងទៀត ដែលមានប្រជាជនសរុបចំនួន ៣,៤លាននាក់។

ជាមួយគ្នានោះ លោក អ៊ាង សុផល្លែត បានគូសបញ្ជាក់ អំពីជំហររបស់កម្ពុជាក្នុងការគ្រប់គ្រងធនធានធម្មជាតិ គឺការប្រកាសយុទ្ធនាការ «បណ្តុះកូនឈើ ១លានដើម ក្នុង១ឆ្នាំ» ជូនដល់ប្រជាពលរដ្ឋដាំ ក្នុងគោលបំណងដើម្បីបណ្តុះមនសិកាប្រជាពលរដ្ឋ ពិសេសសិស្សានុសិស្ស ឱ្យចូលរួមជាមួយក្រសួងបរិស្ថាន ស្រលាញ់ និងថែរក្សាព្រៃឈើដើម្បីជាប្រយោជន៍យូរអង្វែងសម្រាប់ប្រជាជនគ្រប់រូប។ រួមជាមួយគ្នានេះដែរ គឺការអនុវត្ត Article 6 តាមរយៈការប្រែគោលនយោបាយដែលមានស្រាប់ទៅជាការអនុវត្តជាក់ស្តែង។

លើសពីនេះលោករដ្ឋមន្រ្តី បញ្ជាក់បន្ថែមថា ទន្ទឹមនឹងនោះ ក្រសួងបរិស្ថាន នឹងអនុវត្តច្បាប់ ១០០% ដោយមិនលើកលែងចំពោះបុគ្គលដែលបង្កបទល្មើសធនធានធម្មជាតិផងដែរ។
ក្នុងឱកាសនោះ លោកស្រី Juliette Biao បានសម្តែងនូវការកោតសរសើរដល់ការផ្តួចផ្តើមរបស់ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងបរិស្ថាន ក្នុងការបង្កើតឱ្យមានយុទ្ធនាការទាំងនេះឡើង។

លោកស្រី បានបញ្ជាក់ថា ការដាក់ចេញនូវយុទ្ធនាការនេះគឺជាការសម្រេចចិត្ដដ៏ឆ្លាតវៃបំផុត គឺការបំផុសចលនាមហាជនឱ្យយកចិត្តទុកដាក់ និងចូលរួមជាមួយរដ្ឋាភិបាលក្នុងកិច្ចគាំពារបរិស្ថាន ការអភិរក្សធនធានធម្មជាតិ សម្រាប់ជាប្រយោជន៍យូរអង្វែងដល់ប្រជាជនកម្ពុជាគ្រប់ជំនាន់។ ជាមួយគ្នានោះ លោកស្រី ប្រធានលេខាធិការដ្ឋាន បានបង្ហាញពីការគាំទ្រ បញ្ជាក់ពីឆន្ទៈក្នុងការចូលរួមជាមួយក្រសួងបរិស្ថាន ក្នុងកិច្ចការគ្រប់គ្រងធនធានធម្មជាតិនេះ តាមរយៈការសិក្សា និងពិនិត្យលទ្ធភាពបន្ថែមទៀតក្នុងកិច្ចសហប្រតិបត្តិការជាមួយក្រសួងបរិស្ថាន។

ឆ្លៀតក្នុងឱកាសនោះផងដែរ លោករដ្ឋមន្រ្តីក្រសួងបរិស្ថាន ក៏បានគូសបញ្ជាក់ផងដែរថា ក្រសួងបរិស្ថាន ស្វាគមន៍ជានិច្ចចំពោះគ្រប់ដៃគូអភិវឌ្ឍន៍ វិស័យឯកជន និងភាគីពាក់ព័ន្ធផ្សេងទៀត ដែលមានបំណងចូលរួមជាមួយក្រសួងបរិស្ថាន ក្នុងការអនុវត្តយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ពិសេសគឺចូលរួមជំរុញការអនុវត្តយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ ឱ្យសម្រេចគោលដៅដើម្បីកម្ពុជាក្លាយជាប្រទេសអព្យាក្រឹត្យកាបូននៅឆ្នាំ២០៥០៕