សម្តេច ហ៊ុន ម៉ាណែត៖ ខ្ញុំសុខចិត្តឱ្យគេចោតខ្ញុំថា ផ្តាច់ការ នៅពេលដែលខ្ញុំនិយាយពីសន្ដិភាពរបស់ប្រទេសកម្ពុជា

កោះកុង៖ សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា  បានថ្លែងថា សម្តេចព្រមទទួលយកនូវការចោប្រកាន់លើរូបសសម្តេចថា ជាមនុស្សផ្តាច់ការ ពាក់ព័ន្ធនឹងការនិយាយពីការរក្សាសន្តិភាពនៅក្នុងប្រទេស  ដើម្បីផ្តល់សេចក្តីសុខជូនប្រពលរដ្ឋ និងការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមរបស់ប្រទេស។

សម្តេច ហ៊ុន ម៉ាណែត បានថ្លែងបែបនេះ នៅព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣នេះក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបិទស្ទឹងសាងសង់ទំនប់វារីអគ្គិសនីស្ទឹងតាតៃលើ ស្ថិតក្នុងស្រុកថ្មបាទ ខេត្តកោះកុង។

បើតាមសម្តេច ហ៊ុន ម៉ាណែត បើសិនជាគ្រាន់តែការពារសន្តិភាពដែលកើតមាននៅកម្ពុជា ត្រូវគេលាបពណ៌ថាសម្ដេចជាជនផ្តាច់ការនោះសម្ដេចសុខចិត្តទទួលយក។

សម្ដេច ហ៊ុន ម៉ាណែត បញ្ជាក់ថា «ខ្ញុំសុខចិត្តឱ្យអ្នកខ្លះហៅខ្ញុំថា ផ្ដាច់ការទៅចុះ នៅពេលដែលខ្ញុំនិយាយពីសន្ដិភាពរបស់ប្រទេសកម្ពុជា ជាជាងមិនអាចស្វែងរកសន្ដិភាពជូនដល់ប្រជាជន»។

នាឱកាសនោះដែរ សម្តេច ហ៊ុន ម៉ាណែត បានលើកឡើងពីតម្លៃនៃសន្តិភាពចំពោះការរីកចម្រើនរបស់កម្ពុជា និងបានប្រកាសធានារក្សានៅសន្តិភាពនិងការអភិវឌ្ឍរបស់ប្រទេសឲ្យមានបន្តទៅទៀត។ ជាមួយគ្នានោះសម្តេចនឹងមិនឲ្យកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលអាណត្តិមុន ដែលបានបញ្ចប់សង្គ្រាមជាង៥០០ឆ្នាំរបស់កម្ពុជារលាយបាត់បង់ទៅវិញនោះទេ៕