តំណាងអយ្យការរាជធានីភ្នំពេញកំពុងចាត់ការតាមផ្លូវច្បាប់លើ មន្ត្រីយោធា ដែលវាយសន្តិសុខម្នាក់ មួយពិលបណ្តាលឲ្យបែកក្បាល

ភ្នំពេញ៖ លោក ប្លង់ សុផល អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញនៅថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ ២០២៣ នេះ បានមានប្រសាសន៍ថាតំណាងអយ្យការរាជធានីភ្នំពេញកំពុងចាត់ការតាមផ្លូវច្បាប់លើ មន្ត្រីយោធា ដែលវាយសន្តិសុខម្នាក់ មួយពិលបណ្តាលឲ្យបែកក្បាល។

លោក ប្លង់ សុផល បានឆ្លើយទៅនឹងសំនួរអ្ន​កសារព័ត៌មានយ៉ាងខ្លី ចំពោះករណីខាងលើនេះថា​៖«  តំណាងអយ្យការ  កំពុងយកចិត្តទុកដាក់ចាត់ការលើករណីនេះតាមច្បាប់  »។ និង បន្ទាប់ពីមន្ត្រីយោធារូបនោះ ត្រូវបាននគរបាលខណ្ឌពោធិ៍សែនជ័យ បញ្ជូនទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ។

មន្រ្តីយោធាដែលបបង្កអំពើហិង្សាលើសន្តិសុខ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ចាប់ខ្លួន ក្រោយជនបង្ករូបនេះបានប្រើហិង្សាដោយ វាយសន្តិសុខមួយពិលបណ្តាលឱ្យបែកលើផ្ទៃមុខរងរបួសធ្ងន់ កាលពីវេលាម៉ោង ១រំលងអាធ្រាត្រាចូលថ្ងៃទី២៤ ខែ វិច្ឆិកា ឆ្នាំ២០២៣ នៅចំណុចផ្លូវច្រកចូលបុរីពិភពថ្មី ភូមិត្រពាំងថ្លឹង៤ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ការចាប់ខ្លួនមន្រ្តីយោធារូបនេះ បានធ្វើឡើងក្រោយវាយសន្តិសុខការពារនៅច្រកទ្វារចូលបុរីពិភពថ្មី បណ្តាលឲ្យបែកមុខ រួចជេរប្រមាថ និងគំរាមបាញ់នគរបាលមូលដ្ឋាន ដែលបានចុះទៅជួយអន្តរាគមន៍ទៀតផង។ មិនតែប៉ុណ្ណោះ ជននេះបានវាយជនរងគ្រោះមួយពិលហើយ ថែមទាំងឲ្យជនរងគ្រោះសងថ្លៃពិលទៀតផង ទាំងអការៈស្រវឹងត្រេតទ្រោត និងទូរស័ព្ទហៅខាងនគរបាលព្រហ្មទណ្ឌមកជួយទៀត៕