ភ្នំពេញ៖ ក្នុងឱកាសពិធីបុណ្យឯករាជ្យជាតិ និងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៣ នេះ តាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃ កម្ពុជា ព្រះករុណាព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ទ្រង់សព្វព្រះរាជហឫទ័យប្រោសប្រទានការបន្ធូរបន្ថយទោស និងលើកលែងទោសដល់ទណ្ឌិតសម្រាប់ពិធីបុណ្យទាំងពីរនេះ សរុបចំនួន ៥៣៨ នាក់ (ស្រី ៤៣ នាក់) ។
លោក គឹម សន្តិភាព រដ្ឋលេខាធិការ និងជា អ្នកនាំពាក្យក្រសួងយុត្តិធម៌ នៅថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ ២០២៣ នេះ បញ្ជាក់ថា ក្នុងនោះមានការបន្ថយទោស ៣ ខែ ចំនួន ៣៩១ នាក់ (ស្រី ៣១ នាក់) ការបន្ថយទោស ៦ ខែ ចំនួន ១៣២ នាក់ (ស្រី ១០ នាក់) ការបន្ថយទោស ៩ ខែ ចំនួន ១២ នាក់ (ស្រី ០១ នាក់) ការបន្ថយទោស ១២ ខែ ចំនួន ០១ នាក់ ( ស្រី ០០ នាក់) ការបន្ថយទោសមួយជីវិតមកនៅត្រឹម ៣០ឆ្នាំ ចំនួន ០១ នាក់ ( ស្រី ០០ នាក់) និង លើកលែងទោស ស្ត្រី០១ នាក់ (ជាករណីមនុស្សធម៌ ដោយទណ្ឌិតមានជម្ងឺមហារីកដំណាក់កាលចុងក្រោយ) ។
ជាមួយគ្នានេះ លោក គឹម សន្តិភាព បញ្ជាក់ជូនជាថ្មីថា គណៈកម្មការជាតិពុំលើកយកមកពិនិត្យពិចារណានោះឡើយ ចំពោះសំណើទាំងឡាយណាទាក់ទងនឹងទណ្ឌិតដែលបានប្រព្រឹត្តអំពើដូចខាងក្រោម៖ ១៖ ចំពោះបទល្មើសទូទៅដូចជា ឧក្រិដ្ឋជនគ្រឿងញៀន អំពើសាហាវយង់ឃ្នង ករណីមិនរាងចាល ប្រព្រឹត្តលើជនរងគ្រោះដែលជាសាច់ញាតិ ឬសហព័ទ្ធ ប្រព្រឹត្តលើជនរងគ្រោះជាមន្ត្រីរាជការ ឬមន្ត្រីសាធារណៈនិង ទណ្ឌិតធ្លាប់ទទួលបានការបន្ធូរបន្ថយទោសម្តងរួចមកហើយ។
២៖ ចំពោះបទល្មើសរំលោភផ្លូវភេទ រួមមាន ជនរងគ្រោះជាអនីតិជនអាយុក្រោម១៤ឆ្នាំ ជនរងគ្រោះជាជនមានវិបល្លាសស្មារតី ឬពិការ ជនរងគ្រោះជាសាច់សាលោហិត ករណីរំលោភបូក និង ករណីប៉ុនប៉ង ឬបៀតបៀនកេរ្តិ៍ខ្មាសលើជនរងគ្រោះជាសាច់សាលោហិត៕