ព្រះសីហនុ៖ បញ្ជូន ជនង្ស័យពីរនាក់ទៅអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ ក្នុងករណី ហិង្សាលើអ្នកកាន់កាប់អចលនវត្ថុដោយសុចរិត នៅថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ ២០២៣ បន្ទាប់ពី ឃាត់ខ្លួនបានថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៣ តាមមបណ្តឹងរបស់ម្ចាស់ដី។
របាយការណ៍កងរាជអាវុធហត្ថខេត្តព្រះសីហនុ នៅថ្ងៃទី ១០ ខែវិច្ឆិកានេះ បញ្ជាក់ថា នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣ កម្លាំងការិយាល័យព្រហ្មទណ្ឌ បានទទួលបណ្ដឹងពី ឈ្មោះ អ៊ុក ឧត្តម ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិខ្មែរ ប្តឹងពាក់ព័ន្ធករណី ហិង្សាលើអ្នកកាន់កាប់អចលនវត្ថុដោយសុចរិត និងធ្វើអោយខូចខាតដោយចេតនា (ដកបង្គោលរបងថ្មព័ទ្ធលួស និងបំផ្លិចបំផ្លាញដំណាំហូបផ្លែជាច្រើនដើម) ។
របាយការណ៍ដដែលបន្ថែមថា ក្រោយពីទទួលបានបណ្តឹង កម្លាំងជំនាញបានធ្វើការស្រាវជ្រាវជាបន្តបន្ទាប់ រហូតដល់ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង៩:០០នាទី ដោយមានការអនុញ្ញាតពីតំណាងអយ្យការ អមសាលាដំបូងខេត្តព្រះសីហនុ កម្លាំងជំនាញបានចុះទៅចំណុចក្រុមទី២១ ភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដែលជាទីតាំងកើតហេតុ ក្នុងនោះកម្លាំង
ជំនាញបាននាំខ្លួនមនុស្ស ចំនួន០២នាក់ មកសួរនាំ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះសីហនុ រួមមាន៖
១-ឈ្មោះ ខេង សុខុម ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងសំណង់ ទីលំនៅបច្ចុប្បន្នក្រុមទី២១ ភូមិ៣ សង្កាត់លេខ១ ក្រុង-ខេត្តព្រះសីហនុ។ និង២-ឈ្មោះ ឡុញ សុខហេង ភេទប្រុស អាយុ៤៤ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់អីវ៉ាន់អនឡាញ ទីលំនៅបច្ចុប្បន្នភូមិទទឹម ឃុំវត្តអង្គខាងត្បូង ស្រុកបន្ទាយមាស ខេត្តកំពត។ ក្រោយឃាត់ខ្លួន បានចាប់យកវត្ថុតាងរួមមាន ទូរស័ព្ទដៃ ចំនួន០៥គ្រឿង។
ក្រោយពីបានធ្វើការស្តាប់ចម្លើយរបស់ដើមបណ្តឹង ឯកសារភស្តុតាងទាក់ទងនឹងការកាន់កាប់លើទីតាំងដី ព្រមទាំងបានស្តាប់ចម្លើយសារភាពរបស់ជនសង្ស័យទាំងពីរខាងលើ មានភាពស៊ីសង្វាក់គ្នាថា៖ ពួកខ្លួនពិតជាបានយកគ្រឿងចក្រទៅវាយកម្ទេចរបងនៅទីតាំងកន្លែងកើតហេតុនោះពិតប្រាកដមែន និងបានសាងសងរបងថ្មីលើទីតាំងខាងលើផងដែរ ហើយពួកខ្លួនធ្វើតាមការបញ្ជា និងចង្អុលបង្ហាញពីមេរបស់ខ្លួនឈ្មោះ ហង្ស បូរី ភេទស្រី ជនជាតិខ្មែរ និងឈ្មោះ ហោ សុខជា ភេទប្រុស ជនជាតិខ្មែរ ហើយការវាយនេះពួកខ្លួនពុំមានឯកសារណាមួយដែលបញ្ជាក់ពីកម្មសិទ្ធរបស់ឈ្មោះ ហង្ស បូរី នោះទេ។
បន្ទាប់ពីបានស្តាប់ចម្លើយ ពិនិត្យឯកសារភស្តុតាង និងចម្លើយសារភាពរបស់ជនសង្ស័យរួចមក ការិយាល័យជំនាញ បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យ និងវត្ថុតាង ទៅអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ ដើម្បីបន្តនីតិវិធីតែម្តង៕