ប្រទះឃើញបុរសម្នាក់ស្លាប់ទាំងពាក់មួកសុវត្ថិភាពកប់នៅក្នុងប្រឡាយទឹក

ភ្នំពេញ៖ ប្រទះឃើញបុរសម្នាក់ស្លាប់ផ្កាប់មុខទាំងពាក់មួកសុវត្ថិភាព កប់ក្រោមកំប្លោកនៅក្នុងប្រឡាយទឹកមួយកន្លែងស្ថិតនៅតាមមហាវិថីឈ្នះឈ្នះ ស្ថិតនៅក្នុងភូមិស្រែរាជ្ជះ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ និងពុំទាន់ដឹងថាគាត់ស្លាប់ដោយសារតែអំពើឃាតកម្មឬជាករណីអ្វីនៅឡើយទេ  ខណៈសមត្ថកិច្ចកំពុងធ្វើកោសល្យវិច័យ។ ហេតុការណ៍នេះ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៩ព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣ ។

ប្រភពពីអ្នកស្គាល់បញ្ជាក់ថា បុរសខាងលើឈ្មោះ រិន ណៃរ៉ុន ភេទប្រុស អាយុជាង២០ឆ្នាំ ជាសិស្សនៅសាលាពហុបច្ចេកទេសកម្ពុជា ហៅសាលាកូរ៉េ សពបុរសខាងលើពាក់អាវយឺតពណ៍ខៀវដៃខ្លី ស្លៀកខោខូវប៊យជើងវែង ពាក់ស្បែកជើងផ្ទាត់ ព្រមទាំងពាក់មួកសុវត្ថិភាពពណ៍ផ្កាឈូក មានស្រុកកំណើតនៅខេត្តកំពង់ចាម ជិះម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥ ស៊េរីឆ្នាំ២០១៥ មួយគ្រឿង ហើយជំហ៊ានដំបូងសង្ស័យជិះម៉ូតូធ្លាក់ទឹក ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅវេលាម៉ោងខាងលើមានអ្នកដំណើរ១ក្រុមជិះរថយន្ត១គ្រឿងធ្វើដំណើរតាមមហាវិថីឈ្នះឈ្នះ ទៅឈប់បត់ជើងតូចនៅត្រង់ចំណុចកើតហេតុនោះ ហើយបានប្រទះឃើញសាកសពបុរសខាងលើ ក៏បានស្រែកហៅអ្នកលក់ប្រេងនៅជិតនោះឲ្យជួយទៅមើល។បន្ទាប់មកអ្នកលក់ប្រេងក៏បានទូរស័ព្ទប្រាប់នគរបាលប៉ុស្តិ៍សំរោងក្រោមឲ្យទៅពិនិត្យភ្លាមៗផងដែរ ហើយក្រោយពេលទទួលបានដំណឹងនោះ នគរបាលបានចុះទៅចងខ្សែហ៊ុមព័ទ្ធកន្លែងកើតហេតុរួចរាយការណ៍ជូននគរបាលការិយាល័យបច្ចេកទេសវិទ្យាសាស្រ្តនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីធ្វើកោសល្យវិច័យ៕