សូមប្រុងប្រយ័ត្ន! ចាប់ពីថ្ងៃទី៧-៩ កម្ពុជាអាចនឹងមានភ្លៀងធ្លាក់ លាយឡំជាមួយផ្គររន្ទះ ខ្យល់កន្រ្តាក់

ភ្នំពេញ ៖ ក្រសួងធនធានទឹកនិងឧតុនិយម បានចេញសេចក្ដីជូនដំណឹង អំពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ ដោយកម្ពុជានឹងទទួលឥទ្ធិពលខ្សោយពីប្រព័ន្ធសម្ពាធទាប (ITCZ) អូសបន្លាយលើប៉ែកខាងក្រោមនៃអាងមេគង្គថៃ ឡាវ ជាមួយនឹងខ្យល់មូសុងនិរតី បក់មធ្យម។

ចំណែក ព្យុះទី១៤ ឈ្មោះ កយនុយ” Koinu” តាមការវិវត្តចុងក្រោយ ព្យុះនេះនឹងបន្តដំណើរឆ្ពោះមកទិសខាងលិច ហើយនឹងចូលដល់ឈូងតុងកឹង នៅថ្ងៃទី១១ ខែតុលា មុននឹងថមថយឥទ្ធិពលជាលំដាប់ ព្យុះនេះពុំមានឥទ្ធិពល មកដល់លើកម្ពុជាទេ។

តាមសេចក្ដីជូនដំណឹងបញ្ជាក់ថា ស្ថានភាពបែបនេះនឹងធ្វើឱ្យនៅកម្ពុជាចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៣នេះ រាជធានីភ្នំពេញនិងបណ្តាខេត្តនានា អាចមានភ្លៀងធ្លាក់នៅក្នុងកម្រិតពីខ្សោយទៅមធ្យម ក្នុងនោះក៏មានផ្នែកខ្លះមានភ្លៀងធ្លាក់ក្នុង កម្រិតបង្គួរ លាយឡំផ្គររន្ទះ និងខ្យល់កន្ត្រាក់ ជាមួយនឹងទំហំទឹកភ្លៀងធ្លាក់គ្របដណ្តប់លើផ្ទៃដីពី៥០-៦០%ផងដែរ៕