អបអរសាទរ! កម្ពុជានាំយកអង្ករមានគុណភាព ដែលធ្លាប់ឈ្នះពាន់រង្វាន់អង្ករល្អបំផុតពិភពលោក ទៅតាំងបង្ហាញ ក្នុងពិព័រណ៍ម្ហូបអាហារអន្តរជាតិមួយនៅអាឡឺម៉ង់

ភ្នំពេញ ៖ សហព័ន្ធ ស្រូវអង្ករកម្ពុជា នឹងដឹកនាំក្រុមហ៊ុននាំចេញនាំមុខចំនួន៨ក្រុមហ៊ុន ដើម្បីចូលរួមតាំងបង្ហាញនូវផលិតផលអង្ករ ដែលមានគុណភាពល្អបំផុតរបស់កម្ពុជា និងធ្លាប់បានឈ្នះពាន់រង្វាន់អង្ករល្អបំផុតពិភពលោក នៅក្នុងព្រឹត្តិការណ៍ ពិព័រណ៍ម្ហូបអាហារអន្តរជាតិ (Anuga Food Trade Fair 2023) នៅទីក្រុងកូឡូញ នៃប្រទេសអាឡឺម៉ង់ ដែលកម្មវិធី នេះចាប់ប្រព្រឹត្តិឡើងពីថ្ងៃទី៧ ដល់ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣។នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មាន របស់សហព័ន្ធស្រូវអង្ករកម្ពុជា។

សេចក្ដីប្រកាសព័ត៌មានបានបញ្ជាក់ថា ការចូលរួមព្រឹត្តិការណ៍ Anuga Food Trade Fair 2023 នេះ គឺជាការចូលរួមលើកដំបូងរបស់ប្រទេសកម្ពុជា និងមានការចូលរួមដាក់តាំងបង្ហាញនូវផលិតផលរបស់ វិស័យឯកជនរួមគ្នាជាក្រុម នៅក្រោមដំបូលនៃពន្លារួមនៃទង់ជាតិកម្ពុជា ដែលព្រឹត្តិការណ៍ Aniuga Food Trade Fair មានប្រវត្តិនៃការរៀបចំព្រឹត្តិការណ៍នេះចំនួន ១១៣ឆ្នាំ ដែលបានចាប់បង្កើតដំបូងឡើងតាំងពីឆ្នាំ ១៩១៩ ហើយមានការវិវត្តរីកចម្រើន និងក្លាយខ្លួនជាវេទិកាប្រមូលផ្ដុំដ៏សំខាន់សម្រាប់ពិភពលោក របស់អ្នកជំនាញ និងអ្នកធ្វើការ សម្រេចចិត្តលើការរៀបចំគោលនិយោបាយផ្នែកចំណីអាហារ និងភេសជ្ជៈ។

សេចក្ដីប្រកាសព័ត៌មានបន្ថែមថា ព្រឹត្តិការណ៍ Anuga Food Fair 2023 គឺជាព្រឹត្តិការណ៍តាំងបង្ហាញម្ហូបអាហារដ៏ធំបំផុតរបស់ពិភពលោកដែលប្រព្រឹត្តិឡើងជារៀងរាល់២ឆ្នាំម្ដងលើផ្ទៃដីចំនួន ២៨៤០០០០ ម៉ែត្រការ៉េ នៅក្នុងសហសាលចំនួន១១ និងមានក្រុមហ៊ុនផ្នែកម្ហូបអាហារចំនួន៧៩០០ ក្រុមហ៊ុន មកជិត២០០ប្រទេសនៅជុំវិញពិភពលោក។ សម្រាប់ពន្លារបស់សហព័ន្ធស្រូវអង្ករកម្ពុជា ស្ថិតនៅទីតាំងស្តង់លេខ B00G អាគារទី (HALL) 07.1 ស្ថិតនៅក្នុងមជ្ឈមណ្ឌល ពិព័រណ៍ Koolrimesse, Fair Grounds, Cologne ទីក្រុងកូឡូញប្រទេសអាឡឺម៉ង់៕