ភ្នំពេញ៖ លោក ហុង សារ៉ុម ត្រូវបានដកតំណែងពីនាយប៉ុស្តិ៍នគរបាលសំព្រោជ នៃអធិការដ្ឋាននគរបាលស្រុកស្ទោង ឱ្យមកជាមន្រ្តី ដោយសារជននេះល្មើសនឹងវិន័យរបស់កងកម្លាំងនគរបាលជាតិ ។នេះ បើតាមសេចក្តីសម្រេចរបស់លោក ស ថេត អគ្គស្នងការនគរបាលជាតិនៅថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ ២០២៣។
ការសម្រេចដកលោក ហុង សារ៉ុមពីតួនាទីនេះ បន្ទាប់ពីសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត នៅថ្ងៃទី១០ ខែកញ្ញា បានបញ្ជាឱ្យើផល ស ថេត ពិនិត្យស្រាវជ្រាវជុំវិញការតែងតាំងមេប៉ុស្តិ៍នៅឃុំសំព្រោជ ស្រុកស្ទោង ខេត្តកំពង់ធំ ដែលធ្លាប់មានប្រវត្តិប្រព្រឹត្តបទឧក្រិដ្ឋ និងត្រូវបានផ្តន្ទាទោសជាប់ពន្ធនាគារ។
សូមបញ្ជាក់ថា តុលាការ សម្រេចផ្តន្ទាទោសឈ្មោះ ហុង សារ៉ុម ភេទប្រុស អាយុ៤០ឆ្នាំ សញ្ចាតិខ្មែរទីកន្លែង កំណើត ភូមិស៊ីវុត្ថា ឃុំប្រាសាទ ស្រុកសន្ទុក ខេត្តកំពង់ធំ ដាក់ពន្ធនាគារកំណត់រយៈពេល ០៥ ឆ្នាំ តែទោសនេះត្រូអនុវត្តក្នុង ពន្ធនាគារកំណត់រយៈពេល ០៣ ឆ្នាំ ទោសដែលនៅសល់ត្រូវការអនុវត្តធម្មតា ក្រោម បទៈ សមគំនិតក្នុងបទលួច មានស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា ប្រព្រឹត្តនៅចំណុចផ្សារស្ទោង ភូមិកំពង់ ឃុំ កំពង់ចិនត្បូង ស្រុកស្ទោង ខេត្តកំពង់ធំ កាលពីថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៥ បទល្មើសព្រហ្មទណ្ឌដែលមាន ចែងនិងឲ្យផ្ដន្ទាទោសតាមមាត្រា ២៩.១០៧ និងមាត្រា ៣៥៧ នៃក្រមព្រហ្មទណ្ឌ ។
លោក ហុង សារ៉ុម បានទទួលរងទណ្ឌកម្មគ្រប់ចំនួន ០៣ ឆ្នាំ គិតពីថ្ងៃឃុំខ្លួនតាមអំណាចសាល ដីកាខាងលើរួចហើយ ។ ដោយមើលឃើញដូចនេះ តុលាការខេត្តកំពង់ធំសម្រេចបង្គាប់ ឱ្យដោះលែងលោក ហុង សារ៉ុម បន្ទាន់ប្រសិនបើ ឈ្មោះនេះមិនត្រូវបានឃុំខ្លួនពីបទល្មើសផ្សេងទៀតទេ ។ នេះ បើតាមសេចក្តីសម្រេច របស់តំណាងអយ្យកាខេត្តកំពង់ធំចុះថ្ងៃទី៣១ ខែធ្នូ ឆ្នាំ ២០១៨ ។