ភ្នំពេញ៖ សម្តេច ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា បានចេញមុខប្រតិកម្មចំពោះក្រុមមនុស្សដែលមាននិន្នការប្រឆាំងដោយសម្តេច បានលើកឡើងថា ការលើកឡើងបំបែកបំបាក់ផ្ទៃក្នុងរបស់គណបក្សប្រជាជនកម្ពុជា របស់មជ្ឈដ្ឋានដែលមាននិន្នាការប្រឆាំង ជាការប៉ុនប៉ងទាំងល្ងិតល្ងង់ក្នុងគ្រាអស់សង្ឃឹម។
សម្តេច ស ខេង សរសេរ សារផ្ញើជូនបងប្អូនជនរួមជាតិ ជាទីគោរព និងជាមេត្រី!នៅថ្ងៃទី ១១ខែកញ្ញា ឆ្នាំ ២០២៣ ឱ្យដឹងថា នៅក្នុងរយៈពេលចុងក្រោយនេះ ជាពិសេសក្រោយពេលដែលរាជរដ្ឋាភិបាល អាណត្តិទី៧ នៃរដ្ឋសភាត្រូវបានបង្កើតឡើង មជ្ឈដ្ឋានដែលមាននិន្នាការប្រឆាំងនៅតែបន្តលើកឡើងដដែលៗតាមរយៈបណ្តាញសង្គម សារព័ត៌មាននានា និងជាពិសេសតាមការឃោសនាអកុសល ប្រតិដ្ឋនូវព័ត៌មាននានាក្នុងបំណងដ៏កខ្វក់ដើម្បីបំបែកបំបាក់ផ្ទៃក្នុងគណបក្សប្រជាជនកម្ពុជា ហើយបានយកឈ្មោះសម្តេច ជាប្រធានបទមួយសម្រាប់បម្រើមហិច្ឆតាទុច្ចរិត និងស្មោកគ្រោករបស់ពួកគេ ។
សម្តេច សង្កត់ធ្ងន់ថា៖ «ក្នុងនាមខ្ញុំជាអនុប្រធានគណបក្សប្រជាជនកម្ពុជា ខ្ញុំសូមជម្រាបជូនប្រជាពលរដ្ឋខ្មែរទាំងអស់ ជាពិសេសបងប្អូនជនរួមជាតិដ៏ច្រើនលើសលប់ដែលគាំទ្រគណបក្សប្រជាជនកម្ពុជា មេត្តាជ្រាបថា៖ ការលើកឡើងរបស់មជ្ឈដ្ឋានដែលមាននិន្នាការប្រឆាំងនេះ ជាការប៉ុនប៉ងទាំងល្ងិតល្ងង់ក្នុងគ្រាអស់សង្ឃឹម និងជាការបំផុសបំផុលដ៏គ្រោះថ្នាក់ដល់ប្រទេសជាតិ»។
ជាមួយគ្នានេះ សម្តេច ស ខេង បាន អំពាវនាវឲ្យក្រុមជនអគតិ និងទុច្ចរិតទាំងនោះ បញ្ឈប់ជាបន្ទាន់រាល់ទង្វើទាំងឡាយណាដែលប៉ះពាល់ដល់សន្តិភាព ស្ថិរភាពនយោបាយ និងរាំងស្ទះដល់ការអភិវឌ្ឍសង្គម សេដ្ឋកិច្ចកម្ពុជា និងធ្វើឲ្យសាធារណជនមានការភ័ន្តច្រឡំលើគោលការណ៍ដឹកនាំដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេច ហ៊ុន សែន ជាប្រមុខ។
ជាថ្មីម្តងទៀត សម្តេច ស ខេង បាន អះអាងឡើងវិញនូវគោលជំហរដ៏ពេញទំហឹងឥតងាររេរបស់ខ្ញុំថា សម្តេច នៅតែបន្តគាំទ្រ និងលើកទឹកចិត្តតាមការដែលអាចធ្វើបាន រាជរដ្ឋាភិបាលអាណត្តិទី៧ នៃរដ្ឋសភា ដែលមានសម្តេច ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី បានបំពេញភារកិច្ចរបស់ខ្លួនឲ្យបានសម្រេច និងទទួលបានជោគជ័យយ៉ាងល្អប្រសើរ តាមយុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាល ដែលបានប្រកាសកាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣៕