អាជ្ញាធរជាតិអប្សរាអំពាវនាវឱ្យមានការចតយានជំនិះឱ្យមានរបៀបរៀបរយ

សៀមរាប៖ អាជ្ញាធរជាតិអប្សរាអំពាវនាវដល់សាធារណជនទូទៅចូលរួម ចតយានជំនិះឱ្យមានរបៀបរៀបរយ តាមអ្វីដែលក្រុមការងារ ឬភ្នាក់ងារប្រចាំការតាមប្រាសាទបានណែនាំឬកំណត់ឱ្យចូលចតយានជំនិះនៅតាមចំណត ជៀសវាងការចតតាមដងផ្លូវដែលប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ ព្រោះ ការចតយានជំនិះឱ្យមានរបៀបរៀបរយ ជាការចូលរួមលើកកម្ពស់សោភ័ណភាពនៅក្នុងតំបន់បេតិកភណ្ឌ។

លោកស្រី ចាន់ ឧត្តមបញ្ញា ប្រធានក្រុមរួមផ្នែកសណ្តាប់ធ្នាប់គ្រប់គ្រងគោលដៅក្រុងអង្គរធំ បានឱ្យដឹងថា ជារៀងរាល់ថ្ងៃ កិច្ចការងារស្នូលរបស់ក្រុមការងារសណ្តាប់ធ្នាប់ តែងតែរៀបចំការចតយានយន្ត រ៉ឺម៉ក ម៉ូតូឱ្យចូលចតនៅក្នុងចំណត និងរៀបចំការលក់ដូរនៅក្បែរៗនោះជាដើម។

លោកស្រីបន្តថា ចំពោះមុខ ក្រុមការងារនៅតែប្រឈមបញ្ហាខ្លះៗ ដោយសារអ្នកបើកបរដឹកភ្ញៀវទេសចរមួយចំនួនមិនសូវចូលរួមសហការ ក្រោយពេលដាក់ភ្ញៀវឱ្យចូលទស្សនាប្រាសាទហើយ ពួកគាត់មិនបានយកយានជំនិះចូលមកចតនៅក្នុងចំណតដែលបានរៀបចំឡើយ។ ដោយអ្នកបើកបរមួយចំនួន បែរជាទៅចតនៅតាមដងផ្លូវសាធារណៈ។

លោកស្រីបន្ថែមថា ចំណែកខ្លះទៀត ពេលឃើញភ្ញៀវចេញពីទស្សនាប្រាសាទ មិនបានឱ្យភ្ញៀវដើរមកកាន់ចំណតដើម្បីបន្តដំណើរទៅមុខ តែបែរជាបើកយានជំនិះទៅទទួលភ្ញៀវដល់បរិវេណខាងមុខប្រាសាទ។ ដែលនេះជាហេតុ ធ្វើឱ្យបាត់បង់សោភ័ណភាពតាមដងផ្លូវ អាចបង្កគ្រោះថ្នាក់ដោយយថាហេតុ និងកកស្ទះ ធ្វើឱ្យប៉ះពាល់ដល់ភ្ញៀវដទៃដែលធ្វើចរាចរណ៍លើដងផ្លូវ។ បើទោះបីជាកន្លងមក ធ្លាប់មានការណែនាំជាច្រើនលើកច្រើនសារក៏ដោយ បញ្ហានេះ នៅតែកើតឡើងស្ទើរតែជារៀងរាល់ថ្ងៃ។

ប្រធានក្រុមរួមផ្នែកសណ្តាប់ធ្នាប់គ្រប់គ្រងគោលដៅក្រុងអង្គរធំ បានបញ្ជាក់ថា គ្រប់ទីតាំងប្រាសាទនីមួយៗក្នុងរមណីយដ្ឋានអង្គរ តែងតែមានចំណតសម្រាប់ភ្ញៀវទេសចរ ឬអ្នកដឹកភ្ញៀវចូលចតនៅទីនោះ ដោយមិនតម្រូវឱ្យបង់ថវិកាឡើយ។ ជាក់ស្តែង បរិវេណក្រុងអង្គរធំ មានទីតាំងចំណតចំនួន៣កន្លែងរួមមាន៖ នៅខាងកើតប្រាសាទបាយ័ន និងខាងលិចនៃប្រាសាទ និងចំណតមួយទៀតនៅក្បែរប្រាសាទព្រះវិធូរ ជាចំណតធំទូលាយ អាចដាក់យានយន្តបានច្រើនជាងគេ