ក្រុមកម្មករជីកប្រឡាយបង្ហូរលូប្រទះឃើញ គ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ៣៨គ្រាប់ រាយការណ៍ជូនសមត្ថកិច្ចនៅក្រុងបាត់ដំបង

បាត់ដំបង៖ នៅថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោងប្រមាណ១៣និង០០នាទី នៅចំណុចក្រុមទី ២១ ភូមិអញ្ចាញ សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ក្រុមកម្មករជីកប្រឡាយបង្ហូរលូទឹកស្អុយ របស់ក្រុមហ៊ុនលឿងជ័រ ដែលជីកដីធ្វើប្រឡាយបង្ហូរទឹក បានប្រទះឃើញគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះពេលកំពុងជីករណ្តៅដី ហើយបានមករាយការណ៍ជូនសមត្ថកិច្ចផ្នែកជំនាញសណ្តាប់ធ្នាប់និងចរាចរណ៍ នៃអធិការដ្ឋាននគរបាលក្រុងបាត់ដំបង។

ក្រោយទទួលដំណឹង សមត្ថកិច្ចបានចុះត្រួតពិនិត្យប្រទះឃើញគ្រាប់ (UXO) ចំនួន ៣៨គ្រាប់ ក្នុងនោះរួមមាន៖
-គ្រាប់ទំហំ 130mm ចំនួន ១គ្រាប់
-គ្រាប់ទំហំ 75mm ចំនួន ២គ្រាប់
-គ្រាប់ទំហំ 85mm ចំនួន ១គ្រាប់
-គ្រាប់ ទំហំ 105mm ចំនួន ៣២គ្រាប់
-គ្រាប់រ៉ុកកែត ទំហំ 122mm ចំនួន ១គ្រាប់
-ក្បាលផ្ទុះគ្រាប់ 105mm ចំនួន ១គ្រាប់ ។

សមត្ថកិច្ចបានចងខ្សែហ៊ុំព័ន្ធនិងដាក់ស្លាកសញ្ញា រួចរាយការណ៍បន្តជូនមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា CMAC ដើម្បីយកទៅកំទេចចោល។ ឆ្លៀតក្នុងឱកាសនោះ នគរបាលក្រុងបាត់ដំបងបានអំពាវនាវដល់ប្រជាពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋានទាំងអស់ សូមអោយមានការប្រុងប្រយ័ត្នខ្ពស់នូវយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ រឺអាវុធខូចគុណភាពផ្សេងៗត្រូវរាយការណ៍ជាបន្ទាន់ ជូនសមត្ថកិច្ចជៀសវាងការកើតមានគ្រោះថ្នាក់ដោយសារយុទ្ធភ័ណ្ឌ និងអាវុធទាំងនោះជាយថាហេតុ៕