ភ្នំពេញ៖ មហាជន បានគាំទ្រចំពោះការស្នើរបស់លោក ស សុខា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលបានស្នើ ឱ្យពិចារណា និងពិនិត្យលើការបញ្ចុះតម្លៃសម្រាប់ធ្វើលិខិតឆ្លងដែន ដើម្បីផ្តល់ភាពកក់ក្តៅដល់ប្រជាពរដ្ឋ ខណៈការធ្វើលិខិតឆ្លងដែនរបស់ប្រទេសជិតខាងមានតម្លៃទាបជាងកម្ពុជា ។
លោក យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា ប្រាប់ Khmer CM នៅថ្ងៃទី៤ ខែកញ្ញានេះ ឱ្យដឹងថា លោក បានទទួលស្គាល់ថា ការធ្វើលិខិតឆ្លងដែននៅកម្ពុជា បើធៀបជាមួយនឹងបណ្តាប្រទេសជិតខាង គឺមានតម្លៃខ្ពស់។ ការនេះ លោកគាំទ្រចំពោះការលើកឡើងរបស់លោក ស សុខា ព្រោះការបញ្ចុះតម្លៃនេះ ត្រូវកែសម្រួលតាំងពីយូ។ តែទោះជាយ៉ាង ការស្នើសឱ្យពិចារណា និងពិនិត្យឱ្យមានការបញ្ចុះតម្លៃនៅពេលនេះ ក៏មិនទាន់ហួសពេលដែរ។
បើតាម លោក យង់ ពៅ នៅពេលដែលពលរដ្ឋមានលិខិតឆ្លងដែន ពួកគេនឹងអាចធ្វើដំណើកម្សាន្ត និង ទៅព្យាបាលជំងឺនៅក្រៅប្រទេស។ មិនត្រឹមតែប៉ុណ្ណោះ វានឹងជួយសម្រួលដល់ការចំណាយ និងជីវភាពរបស់ពលរដ្ឋ និងក៏ផ្តល់អាធិបតេយ្យរបស់ពលរដ្ឋនៅក្នុងរដ្ឋនីមួយៗផងដែរ។
លោកថ្លែងថា៖ « ខ្ញុំ ជាគោលការណ៍ខ្ញុំគាំទ្រ ឱ្យពិនិត្យមើល ឱ្យចុះតម្លៃ ឱ្យធូថ្លៃ មែនទែន ធៀបនឹងកម្រិតជីវភាព សេដ្ឋកិច្ចរបស់កម្ពុជាយើងតែម្តង យើងមិនចាំបាច់ ធៀបនឹងប្រទេសវៀតណាម ឬប្រទេសថៃទេ គឺយើងធៀបនឹងជីវភាពរបស់ប្រជាពលរដ្ឋយើង អាចថា ទាបជាងប្រទេសគេទៀត ព្រោះជីវភាពយើងនៅទាបជាងគេ ហើយបើធ្វើបាន វាជាការសាទររបស់ប្រជាពលរដ្ឋហើយ »។
ពាក់ព័ន្ធនឹងបញ្ហានេះ លោក ប៉ា ច័ន្ទរឿន នាយកប្រតិបត្តិវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា ប្រាប់ឱ្យដឹងដែរថា លោក ស្វាគមន៍ និងគាំទ្រ ចំពោះការលើកឡើងរបស់លោក ស សុខា ព្រោះបើធៀបជាមួយនឹងបណ្តាប្រទេសនៅក្នុងតំបន់អាស៊ាន កម្ពុជាមានតម្លៃខ្ពស់ ហើយបើធៀបជាមួយនឹងផលិតផលនៅក្នុងស្រុក (GDP) ថែមទៀត ដូចជានៅប្រទេសឡាវជាដើម កម្ពុជាក៏នៅមានកម្រិត។
លោកថ្លែងថា៖«ខ្ញុំ ជឿថា ការបញ្ចុះតម្លៃលិខិតឆ្លងដែន នេះ មិនបាច់ឱ្យថោកជាងប្រទេសជិតខាងទេ តម្លៃប្រហាក់ប្រហែលប្រទេសថៃ ឬវៀតណាមក៏បានដែរ ។ វានឹងចូលរួមចំណែកនៅក្នុងការកាត់បន្ថយការចំណាយរបស់ប្រជាពលរដ្ឋ យើង និង ជួយជំរុញឱ្យប្រជាពលរដ្ឋរបស់យើងធ្វើឯកសារ សម្រាប់ចេញក្រៅប្រទេស» ។
លោក ស សុខា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួង ថ្លែងនៅក្នុងឱកាសជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំក្រសួងមហាផ្ទៃនៅថ្ងៃទី៤ ខែសីហា ឆ្នាំ ២០២៣ នេះ បានស្នើឱ្យមន្ត្រីពាក់ព័ន្ បន្ដពិនិត្យឡើងវិញនូវតម្លៃនៃការធ្វើលិខិតឆ្លងដែន ជាពិសេសពិនិត្យប្រទេសក្នុងតំបន់អាស៊ាន ដូចជា ភូមា វៀតណាម ដែលមានតម្លៃមួយទាប ប្រទេសថៃ និងសិង្ហបុរីជាដើម ដែលមានតម្លៃមធ្យម ប៉ុន្ដែកម្ពុជាតម្លៃហាក់ខ្ពស់ សូមឲ្យអង្គភាពពាក់ព័ន្ធមេត្តាពិនិត្យ ពិចារណា»។
លោកសង្កត់ធ្ងន់ថា៖«ការងារនេះយើងដឹងទាំងអស់គ្នាថា មិនក្រោម១០០ដុល្លារទេ ហើយមិនបូកបញ្ចូលសេវាលឿននោះទេ។ ហើយលើកយោបល់ក្នុងការសម្រេច ហើយធ្វើយ៉ាងម៉ិច ផ្តល់ភាពកក់ក្តៅជូនប្រជាពលរដ្ឋ កុំឱ្យវិវត្តមួយអាណត្តិទៅ មួយអាណត្តិ លិខិតឆ្លងដែនមានការឡើងថ្លៃរហូត ។ ហើយយើងដឹងហើយ រាល់ការបោះពុម្ភ ឬការផលិត លិខិតឆ្លងដែននេះ មិនដល់តម្លៃនោះពេកទេ» ។
សូមបញ្ជាក់ថា ការធ្វើលិខិតឆ្លងដែន នៅកម្ពុជា បច្ចុប្បន្នតម្លៃសេវា មានចំនួន១១៥ដុល្លារក្នុងរយ:ពេល១ខែ ក្នុងនោះក៏មានតម្លៃផ្សេងទៀត ទៅតាមប្រភេទលឿនតាមតម្រូវការរបស់ប្រជាពលរដ្ឋផងដែរ។ លិខិតឆ្លងដែនទាំងអស់ មានសុពលភាព១០ឆ្នាំ នៃការប្រើប្រាស់ ។ លិខិតឆ្លងដែនេះ គឺជាឯកសារដ៏ចាំបាច់មួយសម្រាប់ប្រជាពលរដ្ឋ ដែលមានបំណងធ្វើដំណើរទៅក្រៅប្រទេស៕