សមត្ថកិច្ចកំពុងសួរនាំ ឧកញ៉ា ហ៊ី គីមហុង ម្ចាស់ក្រុមហ៊ុនពិភពដីមាស ក្រោយឃាត់ខ្លួនពីម្សិលមិញ

ភ្នំពេញ៖ លោក សាន សុខសីហា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានអះអាងថា ក្រោយការឃាត់ខ្លួនកាលពីម្សិលមិញ សមត្ថកិច្ចកំពុងសួរនាំ ឧកញ៉ា ហុី គីមហុង ម្ចាស់ក្រុមហ៊ុនពិភពដីមាស និងបក្ខពួក១៤នាក់ផ្សេងទៀត នៅស្នងការដ្ឋាននរគបាលរាជធានីភ្នំពេញ។

លោក សាន សុខសីហា ប្រាប់ KhmerCM នៅព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៣នេះ យ៉ាងខ្លីថា នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៣ សមត្ថកិច្ចរាជធានីភ្នំពេញបានឃាត់ខ្លួន ម្ចាស់ក្រុមហ៊ុន ពិភពដីមាស និងបក្ខពួក ហើយបាននំាមដល់ស្នងការដ្ឋានរាជធានីភ្នំពេញ ដើម្បីសាកសួរ មុននឹងបញ្ជូនទៅតុលាការ។

សេចក្តីរាយការណ៍នានាបាន ឱ្យដឹងថា នគរបាលរាជធានីភ្នំពេញចាប់ខ្លួន ឧកញ៉ា ហ៉ី គីមហុង ម្ចាស់ក្រុមហ៊ុនពិភពដីមាស និងភរិយា នៅថ្ងៃទី០៧ ខែសីហា នៅភូមិត្រពាំងថ្លាន់ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ តាមដីការបស់ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ពីបទឆបោក ឬលក់ដីខ្យល់ឱ្យប្រជាពលរដ្ឋ។ ដោយឡែក ក្រុមអង្គរក្ស របស់អ្នកឧកញ៉ា ក៏ត្រូវបានឃាត់ខ្លួនផងដែរ ដោយសារតែអង្គរក្ស ទាំងនេះប្រឆាំងរារាំងសមត្ថកិច្ចពេលចុះអនុវត្តន៍ដីកា៕