លោក សុខ ឥសាន៖ ជំនួបរវាងសម្តេច ហ៊ុន សែន ជាមួយសមាជិករាជរដ្ឋាភិបាលចាស់-ថ្មីនៅថ្ងៃ១០ សីហាជាការចែករំលែកបទពិសោធន៍

ភ្នំពេញ៖ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានអះអាងថា ជំនួបសំណេះសំណាល រវាង សម្តេច ហ៊ុន សែន ដែលជាប្រធានគណបក្សប្រជាជនកម្ពុជានិង សមាជិករាជរដ្ឋាភិបាលក្នុងអាណត្តិចាស់ និងសមាជិករាជរដ្ឋាភិបាលអាណត្តិថ្មី នៅថ្ងៃទី១០ ខែសីហាឆ្នាំ ២០២៣ខាងមុខនេះ នៅវិមាន៧មករា ដើម្បីចែករំលែកបទពិសោធន៍ការងារដឹកនាំរដ្ឋាភិបាលជូនថ្នាក់ដឹកនាំរាជរដ្ឋាភិបាលថ្មី ។

លោក សុខ ឥសាន ប្រាប់អង្គភាពសារព័ត៌មាន Khmer CM នៅថ្ងៃទី៨ ខែសីហានេះ ឱ្យដឹងថា ជំនួបរវាងថា្នក់ដឹកនាំរាជរដ្ឋាភិបាលចាស់ និងថ្នាក់ដឹកនាំរាជរដ្ឋាភិបាលថ្មីនេះ ស្ថិតនៅក្នុងពេលអន្តរកាល នៃការផ្ទេរពីនីតិកាលមួយទៅ នីតិកាលមួយទៀត ជាពិសេសជាការជួបសំណេះសំណាល ដើម្បីឱ្យសមាភាព គណៈរដ្ឋមន្ត្រីថ្មី យល់ដឹងអំពីកិច្ចការរមួយចំនួនពាក់ព័ន្ធនឹងការដឹកនាំរដ្ឋាភិបាលនៅពេលខាងមុខ ។

ទាក់ទងនឹងទៅនឹងបញ្ហានេះ លោក យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា ប្រាប់ អង្គភាពKhmer CM នៅថ្ងៃទី៨ ខែសីហានេះ ឱ្យដឹងដែរថា ជំនួបរវាង សម្ដេច ហ៊ុន សែន និងថ្នាក់ដឹកនាំរាជរដ្ឋាភិបាលចាស់-ថ្មីនៅពេលនេះ គឺជាជំនួបរវាងប្រធានគណបក្ស ថ្នាក់ដឹកនាំគណបក្ស ជាមួយសហសេវឹក ក្នុងនាមគណបក្សដែលឈ្នះឆ្នោត ហើយទទួលបានអាសនៈច្រើនជាងគេ ក្នុងការដឹកនាំរាជរដ្ឋាភិបាលអាណត្តិទី៧ និងជាការចែករំលែកបទពិសោធន៍ពីថ្នាក់ដឹកនាំជំនាន់មុន ទៅកាន់អ្នកជំនាន់ក្រោយ។

ជាមួយគ្នានេះលោកថា ក្នុងអាណត្តិរាជរដ្ឋាភិបាលថ្មីនេះ គឺជាការផ្ទេរតំណែងភាគច្រើនបំផុតនៅក្នុងការដឹកនាំរាជរដ្ឋាភិបាល ពីនីតិកាលទី ៦ ដែលមានថ្នាក់ដឹកនាំចាស់ ឬថ្នាក់ដឹកនាំជំនាន់មុន មកថ្នាក់ដឹកនាំជំនាន់ថ្មី នៅនីតិកាលទី៧ ដែលនឹងមានសុពលភាពចាប់ពីស្បថចូលកាន់តំណែងចាប់ពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ ខាងមុខនេះ។ ដូច្នេះ ជំនួបនេះ គឺជាការតម្រង់ទិសមួយមួយដ៏សំខាន់មួយសម្រាប់ថ្នាក់ដឹកនាំជំនាន់ថ្មី ។

សូមបញ្ជាក់ថា អាណត្តិថ្មីនៃរាជរដ្ឋាភិបាលកម្ពុជា ដែលនឹងមានសុពលភាពចាប់ពីថ្ងៃទី២២ ខែសីហា តទៅ គឺមានការផ្លាស់ប្តូរក្បាលម៉ាស៊ីនដឹកនាំថ្មីស្ទើរតែទាំងស្រុងដោយមានលោកបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី។ ការផ្លាស់ប្តូរជាប្រវត្តិសាស្ត្រនៃការដឹកនាំប្រទេសមកពីគណបក្សប្រជាជនកម្ពុជា គណបក្សដែលឈ្នះឆ្នោតនេះ ត្រូវបានសម្ដេច ហ៊ុន សែន ចាត់ទុកជាការផ្លាស់ប្តូរ ដើម្បីធានានូវស្ថេរភាពសង្គម និងការអភិវឌ្ឍន៍មួយយូរអង្វែង៕