កម្លាំងជំនាញមន្ទីរប្រឆាំងគ្រឿងញៀនបង្រ្កាបចាប់ខ្លួនជនជាតិចិនតៃវ៉ាន់៣នាក់ រឹបអូសគ្រឿងញៀនជិត៥គីឡូក្រាម

រាជធានីភំ្នពេញ ៖ អនុវត្តតាមបញ្ជា លោក នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងលោក ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់របស់ លោក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំង បទល្មើសគ្រឿងញៀន កម្លាំងជំនាញការិយាល័យ(ក១) របស់មន្ទីប្រឆាំងបទល្មើសគ្រឿងញៀន បានស្រាវជ្រាវ និងចាប់ខ្លួនមុខសញ្ញារក្សាទុក និងដឹកជញ្ជូនដោយខុសច្បាប់នូវសារធាតុញៀនចំនួន៣នាក់ និងដកហូតវត្ថុតាងគ្រឿងញៀនជិត៥គីឡូក្រាម។

អគ្គស្នងការនគរបាលជាតិនៅថ្ងៃទី ៣ ខែសីហា ឆ្នាំ ២០២៣ នេះ បញ្ជាក់ថា ការឃាត់ខ្លួនជនសង្ស័យនិងវត្ថុតាងខាងលើនេះ ធ្វើឡើងកាលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោង ០១និង២៥នាទី ដោយមានការសម្របសម្រួលពីលោក វង្ស សាវ៉ាត ព្រះរាជាអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដែលដឹកនាំលោក ពុធ ស៊ុនរស្មី នាយករងមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន និងលោក គង់ សីវឌ្ឍនា នាយការិយាល័យ(ក១) នៃមន្ទីប្រឆាំងបទល្មើសគ្រឿងញៀន បានចុះបង្រ្កាបនិងចាប់ខ្លួនមុខសញ្ញា និងដកហូតវត្ថុតាងម្សៅហ្មត់ពណ៌សមួយចំនួន នៅចំណុចជិតផ្សាររាត្រី សង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ប្រភពដដែលនេះ បន្តថា ជនសង្ស័យរួមមាន ឈ្មោះ ចេន ហុងយេន (Chen Hong Yen) ភេទប្រុស ជនជាតិចិនតៃវ៉ាន់ ឈ្មោះ ចេន កៃស៊ាន ( Chen Kai Xang) ភេទប្រុស ជនជាតិចិនតៃវ៉ាន់ និង ឈ្មោះ ចេន យីទីង ( Chen Yi Ting) ភេទស្រី ជនជាតិចិនតៃវ៉ាន់

ក្រោយពេលឃាត់ខ្លួនជនសង្ស័យខាងលើ សមត្ថកិច្ចបាន ដកហូតវត្តតាង ប្រភេទ Ketamin សរុបរួមសារធាតុញៀន ទម្ងន់ ៤គីឡូ៨៦៦ ក្រាម ។បច្ចុប្បន្ន ជនសង្ស័យនិងវត្ថុតាង បានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភំ្នពេញ ចាត់ការតាមនីតិវិធី៕