សម្តេច ហ៊ុន សែន បង្ហើបថា បក្សភ្លើងទៀនអាចនឹងត្រូវរំលាយចោល

ភ្នំពេញ ៖ ទោះជាមិនបញ្ចេញចំឈ្មោះថាជាគណបក្សនយោបាយណាមួយក្តី តែសម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីចាំផ្ទះ បានថ្លែងសំដៅទៅគណបក្សភ្លើងទៀនដែលជាប់ពាក់ព័ន្ធឲ្យមន្រ្តីខ្លួនញុះញុង់ឱ្យពលរដ្ឋគូសសន្លឹកឆ្នោតចោលកាលពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ អាចនឹងត្រូវរំលាយចោល។

ក្នុងឱកាសចូលរួមសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវក្រវ៉ាត់ក្រុងទី៣ ស្ថិតក្នុងខេត្តកណ្ដាល នាព្រឹកថ្ងៃ៣ សីហា បានគូសបញ្ជាក់ទៅកាន់បក្សមួយដែលសម្តេចមិនបញ្ចេញឈ្មោះ តែក្នុងន័យដល់គណបក្សភ្លើងទៀននោះថា “ប្រសិនបើមេចៅ ហ្វាយ(លោកសម រង្ស៊ី)របស់ខ្លួនលើកកំាបិតមកកាប់ខ្ញុំ នោះខ្ញុំនឹងលើកកាំបិតកាប់កូនចៅរបស់អ្នកវិញ” ។

សម្តេច បន្តថា “ចំណុចនេះមូលហេតុងាយយល់នោះទេ ព្រោះមានភស្តុតាងមានស្រាប់អំពីអ្នកខ្លះបង្កើតឆានែលតេឡេក្រាមសប្បាយ? ខ្ញុំបានចូលខំមិនផ្ទាល់ក្នុងហ្នឹង ហើយយើងរកឃើញមុខសញ្ញាមួយចំនួនដែលចេញពីស្រុកក្រៅមកក្នុងគណបក្សនយោបាយមួយ ។ អីចឹងទេ តើគណបក្សនេះ (គណបក្សភ្លើងទៀន)គួរត្រូវបានរំលាយឬអត់?”។

សម្តេចលើកឡើងថា បើមេគេមានបំណងអាក្រក់មកលើសម្តេចហើយ គឺសម្តេចក៏មិនញញើតក្នុងការតវ៉ាផ្តាច់ផ្តិលកាប់ឬសគល់ប្រវាត់ចោលដែរ។ សម្តេចតេជោ “ចំណុចនេះយើងតថ្លៃគ្នានៅចំណុចនេះ អ្នកឯងប្រព្រឹត្តិខុសច្បាប់ ហើយមានអ្នកចេញមកសារភាពទៀត ។ ជាក់ស្តែងមានតេឡេក្រាមសប្បាយទៀត រួចហើយអ្នកដែលថតបានបង្ហោះបានទៅទៀត! យើងមានភស្តុតាងគ្រប់គ្រាន់ថា បក្សនយោបាយនោះ កំពុងជាប់ពាក់ព័ន្ធហើយបក្សនយោបាយនោះ បានដាក់មេធាវីការពារចំពោះអ្នកដែលកំពុងធ្វើការ ងារនោះ តើនេះជាភស្តុតាងមួយទេ?” ។

សម្តេចក៏បានផ្ញើសារផ្តាំទៅគណបក្សមួយនោះទៀតថា គួរដឹងខ្លួនហើយ តើសមាជិកខ្លួនបានធ្វើអ្វីខ្លះហើយមានចេញសារភាព និងមួយចំនួនទៀតក៏ត្រូវបានគ.ជ.ប ពិន័យ និងកាត់សិទ្ធិធ្វើនយោបាយ ខណៈមួយចំនួនអាជ្ញាធរកំពុងស្វែងរកដោយមានភស្តុតាងភ្ជាប់មកដេរ៕