នគរបាលខេត្តស្វាយរៀងបំភ្លឺករណី បុគ្គលិកក្នុងក្រុមហ៊ុនកាស៊ីណូបារីសបូព៌ា វាយកញ្ចក់អាគារជាន់ទី៦

ខេត្តស្វាយរៀង៖ ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ឲ្យដឹងថា កាលពីល្ងាចថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣ មានសារព័ត៌មានមួយចំនួនបានចុះផ្សាយថា កាស៊ីណូនៅក្រុងបាវិតមួយកន្លែង មានមនុស្សជាច្រើនស្រែកឲ្យជួយ មិនទាន់ដឹងមានរឿងអ្វីនោះទេ ធ្វើឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ។

ករណីនេះ ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀងនៅថ្ងៃទី១៩ ខែកក្កដានេះ បំភ្លឺថា នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោង ១៥ និង៣០នាទីល្ងាច មានប្រជាពលរដ្ឋបានរាយការណ៍មកសមត្ថកិច្ចយើងថា៖ បានឃើញបុគ្គលិកក្នុងក្រុមហ៊ុនកាស៊ីណូបារីសបូព៌ា វាយកញ្ចក់អាគារជាន់ទី៦ ផ្នែកខាងក្រោយ ហើយស្រែកស្នើសុំអន្តរាគមន៍។

ក្រោយពីទទួលបានព័ត៌មានខាងលើភ្លាម និងដោយមានការសម្របសម្រួលពី លោក ព្រះរាជអាជ្ញា សមត្ថកិច្ចយើង និងអាជ្ញាធរពាក់ព័ន្ធ បានចុះទៅដល់កន្លែងកើតហេតុ ពិនិត្យឃើញមានបុគ្គលិកក្រុមហ៊ុនកាស៊ីណូ ជាជនជាតិវៀតណាម សរុបចំនួន ៣៥នាក់ ស្រី ១០ នាក់ ប្រមូលផ្តុំគ្នាមិនធ្វើការ នៅអាគារជាន់ទី៦ និងឃើញមានការខូចខាត សម្ភារតុកៅអី និងកុំព្យូទ័រ របស់ក្រុមហ៊ុនមួយចំនួនផងដែរ។

សមត្ថកិច្ចបានហៅបុគ្គលិកជាជនជាតិវៀតណាម ទាំង៣៥នាក់ ខាងលើ ទៅអធិការដ្ឋាននគរបាលក្រុងបាវិត ដើម្បីធ្វើការសាកសួរ។ ក្រោយពីសមត្ថកិច្ច បានធ្វើការសាកសួរជាបឋម បុគ្គលិកទាំង៣៥នាក់ខាងលើ ពួកគាត់បានឆ្លើយប្រាប់សមត្ថកិច្ចយើងថា៖ ពួកគេតវ៉ាសុំអន្តរាគមន៍ ពាក់ព័ន្ធទៅនឹងលក្ខខណ្ឌការងារមួយចំនួន ។

បច្ចុប្បន្នបុគ្គលិកទាំង ៣៥នាក់ រួមជាមួយ រដ្ឋបាលក្រុមហ៊ុន ០១នាក់ និងអ្នកគ្រប់គ្រង ០១នាក់ កំពុងត្រូវបានសមត្ថកិច្ចជំនាញធ្វើការសាកសួរ  និងបន្តនីតិវិធី នៅអធិការដ្ឋាននគរបាលក្រុងបាវិត៕