ក.អ.ក អំពាវនាវឱ្យសមាជិកខ្លួនអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវក្រមសីលធម៌វិជ្ជាវីវៈសារព័ត៌មាន បន្ទាប់ពីសមាជិកម្នាក់ត្រូវបានសមត្ថកិច្ចចាប់ខ្លួន

ភ្នំពេញ៖ ក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក) បានបង្ហាញការការភ្ញាក់ផ្អើល និងសោកស្តាយជាខ្លាំងក្រោយពីទទួលបានព័ត៌មានថាឈ្មោះ មូល រតនៈ ភេទប្រុស អាយុ ៣០ឆ្នាំ មុខរបរនិពន្ធនាយកកាសែតសេនាបតីញូស៍ និង ជាសមាជិករបស់ក្លិបអ្នកកាសែតកម្ពុជា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនលើបណ្តឹងបទល្មើសព្រហ្មទណ្ឌពីបទក្លែងបន្លំធ្វើជាបុគ្គលិករបស់អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍បាយ័ន ដើម្បីជម្រិតទារប្រាក់ពីថ្នាក់ដឹកនាំតាមអង្គភាពស្ថាប័នរដ្ឋនានា។

ក្នុងសេចក្តីប្រកាសព័ត៌មានរបស់ខ្លួន ចុះថ្ងៃទី១៩ កក្កដានេះ ក.អ.ក អំពាវនាវជាថ្មីម្តងទៀតដល់សមាជិក សមាជិកាទាំងអស់ត្រូវបន្តអនុវត្តឲ្យបបានខ្ជាប់ខ្ជួននូវក្រមសីលធម៌វិជ្ជាវីវៈ ដើម្បីលើកតម្កើងភាពថ្លៃថ្នូរ និងធានាដល់សេរីភាពសារព័ត៌មាន។

ពាក់ព័ន្ធនឹងករណីនេះ ក.អ.ក បញ្ជាក់ថា សមាជិកភាពរបស់ឈ្មោះ មូល រតនៈ ត្រូវបានព្យួររួចហើយ ហើយយោងតាមលក្ខន្តិកៈរបស់ ក.អ.ក ប្រសិនបើតុលាការរកឃើញភស្តុតាងបទល្មើស ពិតប្រាកដមែន ក.អ.ក នឹងលុបឈ្មោះ មូល រតនៈ ចេញពីសមាជិកភ្លាម។

ព្រមជាមួយគ្នានេះ ក.អ.ក សង្ឃឹមថា សមាជិក សមាជិកាទាំងអស់នឹងបន្តដំណើរជាមួយ ក.អ.ក ដើម្បីលើកកម្ពស់ការអនុវត្តនូវក្រមសីលធម៌ និងវិជ្ជាជីវៈសារព័ត៌មាន សំដៅធ្វើយ៉ាងណាឲ្យស្ថាប័ន ក.អ.ក នៅតែរក្សាបាននូវកិត្តិយស សេចក្តីថ្លៃថ្នូរសមជាសមាគមសារព័ត៌មានដែលឈានមុខគេនៅកម្ពុជា៕