ភ្នំពេញ៖ ក្រុមការងាររដ្ឋបាលខណ្ឌឫស្សីកែវ បានចុះឃាត់ និងណែនាំឲ្យម្ចាស់សំណង់ខុសច្បាប់រុះរេីសំណង់រោងដែក ដែលកំពុងសាងសង់រំលោភលេីដីផ្លូវ ៣០ម៉ែត្រ និងដីគម្រោងប្រឡាយសាធារណៈប្រវែង ៦ម៉ែត្រ ជាដីសាធារណៈរបស់រដ្ឋ ។
រដ្ឋបាលខណ្ឌឫស្សីកែវ បាន ឱ្យដឹងថា ដោយអនុវត្តតាមប្រសាសន៍ដឹកនាំរបស់លោក ឯក ឃុនដឿន អភិបាល នៃគណៈអភិបាលខណ្ឌប្ញស្សីកែវ នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣ លោក លឹម សាម៉ឺឌី នាយករដ្ឋបាលខណ្ឌ បានដឹកនាំក្រុមការងារចម្រុះរដ្ឋបាលខណ្ឌ ចុះឃាត និងណែនាំម្ចាស់សំណង់រោងដែក ឈ្មោះ គង់ គឹមស្រេង ដែលបាននឹងកំពុងសាងសង់រោងដែក ទំហំ ១៥មx១០ម រំលោភលើដីផ្លូវ៣០ម៉ែត្រ និងដីគម្រោងប្រឡាយសាធារណៈប្រវែង ៦ម៉ែត្រ ស្ថិតនៅបណ្តោយផ្លូវ ៣០ម៉ែត្រ ភូមិឡកំបោរ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
រដ្ឋបាលខណ្ឌឫស្សីកែវ បានតម្រូវឲ្យការដ្ឋានសាងសង់ និងក្រុមជាងសាងសង់ ត្រូវផ្អាកសកម្មភាពសាងសង់ជាបន្ទាន់ចាប់ពីការចុះផ្អាករបស់ក្រុមការងាររដ្ឋបាលខណ្ឌ ហើយត្រូវរុះរើសំណង់ដែលបានសាងសង់ខុសច្បាប់រំលោភដីសាធារណៈចេញវិញ។ ក្នុងករណីបន្តលួចសាងសង់ រដ្ឋបាលខណ្ឌឫស្សីកែវ នឹងចុះអនុវត្តវិធាការរដ្ឋបាលតាមផ្លូវច្បាប់ទាំងម្ចាស់ការដ្ឋានសាងសង់ និងក្រុមជាងសាងសង់៕