សៀមរាប៖ ព្រលានយន្តហោះថ្មី លើទឹកដីខេត្តសៀមរាប នឹងក្លាយជាកម្លាំងជំរុញវិស័យទេសចរណ៍របស់កម្ពុជាឲ្យកាន់តែមានសន្ទុះខ្លាំងជាងមុន ព្រោះអាកាសយានដ្ឋានមួយនេះ បានប្រកាន់យកនូវគោលការណ៍ អាកាសយានដ្ឋានបូកទេសចរ។
ប្រធានក្រុមហ៊ុន Angkor International Airport Investment (Cambodia) Co., Ltd. (AIAI) លោក LU Wei នៅក្នុងដំណើរទស្សនកិច្ចពិនិត្យបច្ចេកទេសរបស់សមាគមទេសចរណ៍កម្ពុជា (CATA)នៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ នាថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣នេះ បានលើកឡើងថា អាកាសយានដ្ឋានថ្មីនេះ ជាអាកាសយានដ្ឋានអន្តរជាតិធុនធំ និងជាទីកន្លែងទេសចរណ៍ដ៏ប្រណិត។
លោកបន្តថា អាកាសយានដ្ឋាននេះនឹងជំរុញការអភិវឌ្ឍន៏អាកាសចរណ៍ ផ្ដល់ភាពស្រួលដល់ភ្ញៀវដែលមកទស្សនាប្រាសាទអង្គរវត្តដ៏អស្ចារ្យ ជាពិសេសទាក់ទាញភ្ញៀវទេសចរចិនមកកាន់ប្រទេសកម្ពុជា បង្កើនទំនាក់ទំនង់រវាង ប្រទេសចិន និងប្រទេសកម្ពុជា ហើយជំរុញការអភិវឌ្ឍន៏វិស័យទេសចរណ៍កាន់តែមានសន្ទុះខ្លាំងជាងមុន។
លោក LU Wei បន្ថែមថា ជាមួយគ្នានេះ អាកាសយានដ្ឋានថ្មីនេះបានរួមចំណែកក្នុងការអភិរក្សបេតិកភណ្ឌកម្ពុជា ការអភិវឌ្ឍន៏វិស័យទេសចរណ៍ ការបង្កើនការងារ ការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមយុទ្ធស្ត្រ “ខ្សែក្រវាក់មួយផ្លូវមួយ” ហើយអាកាសយានដ្ឋានសៀមរាបអង្គរ ក៏ជាគំរូការអនុវត្ត និងយុទ្ធស្ត្រ “ចតុកោណ” របស់កម្ពុជាផងដែរ ហើយវាក៏ជាសមិទ្ធផលមិត្តភាពកម្ពុជា-ចិន និងជាលទ្ធផលការសហការកម្ពុជា-ចិនផងដែរ។
លោកសង្កត់ធ្ងន់ថាអាកាសយានដ្ឋានអន្តរជាតិសៀមរាប មានចំងាយប្រមាណជា៤០គីឡូងម៉ែត្រពីទីក្រុងសៀមរាប និងប្រាសាទអង្គរ មានទំហំដី៧០០ហិកតា ដែលមានស្ដង់ដា កម្រិត៤។
លោកស៊ិន ចាន់សេរីវុត្ថា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ នៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានមានប្រសាសន៍ឲ្យដឹងថា តាមការគ្រោងទុកអាកាសយានដ្ឋានអន្តរជាតិនេះ នឹងចាប់ផ្តើមដំណើការនៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣ខាងមុខនេះ។
លោកថា នៅពេលដែលអាកាសយានដ្ឋានដ៏ធំមួយនេះចាប់ដំណើការ គេរំពឹងថា វានឹងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ជាពិសេសវិស័យទេសចរណ៍។
លោកបន្ថែមថា សម្រាប់វិស័យអាកាសចរស៊ីវិល ការដឹកជញ្ជូនតាមផ្លូវអាកាស ក្នុងរយ:ពេល៦ខែ ចាប់ពីខែមករា ដល់ខែមិថុនា ឆ្នាំ២០២៣នេះ ប្រទេសកម្ពុជា ទទួលបានអ្នកដំណើរតាមផ្លូវអាកាស បានចំនួនជាង ២,៤៨០,០៣២នាក់ កើនឡើង២៧០% ធៀបនឹងរយ:ពេលដូចគ្នាក្នុងឆ្នាំ២០២២ និងទទួលបានចលនាជើងហោះហើរទ្វេទិសចំនួន ២៤,៧២៥ជើង កើនឡើង១៤៨% ធៀបនឹងរយ:ពេលដូចគ្នាក្នុងឆ្នាំ២០២២។
ក្នុងដើមខែកក្កដា ឆ្នាំ២០២៣នេះ ប្រតិបត្តិការហោះហើរដឹកអ្នកដំណើរជាតិ និងអន្តរជាតិ និងទំនិញ ជាមធ្យម មានចលនាហោះហើរទ្វេទិស ៨៥០ជើង ក្នុងមួយសប្ដាហ៍ ចេញ និងចូលអាកាសយានដ្ឋានអន្តរជាតិទាំង៣ និងមានក្រុមហ៊ុនអាកាសចរណ៍ជាតិ និងអន្តរជាតិចំនួន២៦ ដែលកំពុងតភ្ជាប់ជើងហោះហើរឡើងវិញ ជាមួយប្រទេសអាស៊ានទាំង៩ ព្រមទាំងចិន កូរ៉េខាងត្បូង រដ្ឋបាលពិសេសហុងកុង កោះតៃវ៉ាន់ និងកាតា។ យើងអាចនិយាយជារួមបានថា សកម្មភាពដឹកជញ្ជូនតាមផ្លូវអាកាសនៅកម្ពុជា បានវិលត្រឡប់មកវិញ ឬស្តារឡើងវិញ បាន ៥០% ប្រៀបធៀបឆ្នាំ២០១៩ មុនវិបត្តិជំងឺកូវីដ-១៩៕