ភ្នំពេញ៖ មានមនុស្សចំនួន៧៥៦នាក់ បានស្លាប់ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេស ក្នុងរយៈពេល ៦ ខែ ឆ្នាំ២០២៣ បើធៀបទៅនឹងរយៈពេលដូចគ្នា ឆ្នាំ២០២២ មានមនុស្សស្លាប់ចំនួន ៩៤២នាក់ ថយចុះ ១៨៦ នាក់ ស្មើនឹង ២០%។
យោងតាមរបាយការណ៍របស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកនៃអគ្គស្នងនការនគរបាលជាតិ នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣នេះ បានបញ្ជាក់ថា រយៈពេល ០៦ខែ ឆ្នាំ២០២៣ គ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសកើតឡើង ១.៥៤៨ បណ្តាលឲ្យមនុស្សស្លាប់ ៧៥៦ និងរងរបួស ២.០៧២។
របាយការណ៍នេះបន្តថា បើធៀបជាមួយនឹង រយៈពេល ០៦ខែ ឆ្នាំ២០២២ គ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសកើតឡើង ១.៦០៩លើក ថយចុះ ៦១លើក ស្មើ ៤% បណ្តាលឲ្យមនុស្សស្លាប់ ៩៤២នាក់ ថយចុះ ១៨៦នាក់ ស្មើ ២០% និង ២.២៣៥នាក់ ថយចុះ ១៦៣នាក់ ស្មើ ៧%។
លោក ឆាយ គឹមខឿន អគ្គស្នងការរងនិង ជាអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ ប្រាប់Khmer CM ឱ្យដឹងនៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ ២០២៣ នេះ ថា កត្តាដែលបង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍គឺ កត្តាមនុស្ស បើកបរល្មើសល្បឿន ៣៩% មិនគោរពសិទ្ធិ ២៥% បត់មិនប្រយ័ត្ន ១០% បើកបរមិនប្រកាន់ស្តាំ ៩% វ៉ាជែងក្នុងស្ថានភាពគ្រោះថ្នាក់ ៧% ស្រវឹង ៣% និងងងុយដេក ១%។
លោកបន្តថា ចំណែក កត្តាយានយន្ត ៤% និង កត្តាអាកាសធាតុ ១%។
ជុំវិញបញ្ហានេះ លោក គឹម បញ្ញា នាយកអង្គការមូលនិធិបង្ការរបួសអាស៊ីប្រចាំនៅកម្ពុជា ឱ្យដឹងដែរថា លោកសាទរចំពោះទិន្នន័យដែលបានធ្លាក់ចុះនៃការស្លាប់ របួស និងគ្រោះថ្នាក់ចរាចរណ៍ ក្នុងរយៈពេលកន្លងមកនេះ ព្រោះជាអ្វីដែលអ្នកធ្វើការពាក់ព័ន្ធ លើផ្នែកចរាចរណ៍ចង់បាន និងចង់ឃើញមានការធ្លាក់ចុះជាលំដាប់។
លោកសង្កត់ធ្ងន់ថា បើទោះបីមានការថយចុះក្នុងរយៈពេល ៦ខែមកនេះក្តី ប៉ុន្តែ ភាគីពាក់ព័ន្ធមិនអាចធ្វេសប្រហែសបាននោះទេ លើបញ្ហាគ្រោះថ្នាក់ចរាចរណ៍នេះ ព្រោះមិនប្រាកដថា ក្នុងរយៈពេល ៦ ខែទៅមុខទៀត មានការថយចុះនោះទេ ៕