ក្រុមការងារចម្រុះអង្គភាពការពារកុមារ (CPU) ស៊ើបអង្កេតករណីឃាតកម្មទៅលើស្ត្រីម្នាក់ និងកូនអាយុ៦ខែ យ៉ាងឃោរឃៅនៅស្រុកបសេដ្ឋ

កំពង់ស្ពឹ៖ អង្គភាពការពារកុមារ (CPU) បានសម្រេចបង្កើតក្រុមការងារចម្រុះ ដើម្បីធ្វើការស៊ើបអង្កេតករណីឃាតកម្មទៅលើស្ត្រីអាយុ២៤ឆ្នាំម្នាក់កំពុងបោកខោអាវ និងកូនអាយុ៦ខែកំពុងគេងក្នុងអង្រឹង ដែលត្រូវបានជនល្មើសកាប់សម្លាប់យ៉ាងឃោរឃៅបំផុត នៅវេលាម៉ោង៦ និង៤៥នាទីព្រឹក ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣ ក្នុងភូមិត្រពាំងឈូក ឃុំកក់ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។

អង្គភាពការពារកុមារ (CPU) នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣ បានឱ្យដឹងថា សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុភ្លៀមៗនោះ បន្ទាប់ពីបានទទួលការរាយការណ៍ពីអ្នកភូមិ។ អង្គភាពការពារកុមារកុមារ (CPU) បានទទួលដំណឹង ហើយក៏បានបញ្ជូនក្រុមការងារស៊ើបអង្កេតបទល្មើសឃាតកម្ម (HIT) និងក្រុមការងារបច្ចេកទេសវិទ្យាសាស្រ្ត (FST) ទៅពិនិត្យកន្លែងកើតហេតុ ដោយមានកិច្ចសហប្រតិបត្តិការជាមួយនាយកដ្ឋានបច្ចេកទេស និងវិទ្យាសាស្រ្ត នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។

អង្គភាពការពារកុមារ (CPU) បន្ថែមថា ការពិនិត្យកោសល្យវិច្ច័យទៅលើកន្លែងកើតហេតុ និងសាកសពត្រូវបានធ្វើឡើងយ៉ាងលម្អិត។ បុរសម្នាក់ត្រូវបានកម្លាំងសមត្ថកិច្ចកំណត់ជាជនសង្ស័យ។ ការស្វែងរកជនសង្ស័យនេះក៏បានចាប់ផ្តើម។

អង្គភាពការពារកុមារ (CPU) ក្នុងកិច្ចសហប្រតិបត្តិការជាមួយក្រសួងមហាផ្ទៃ និងស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានបង្កើតក្រុមការងារចម្រុះ ECHO23 ដើម្បីបន្តការស៊ើបអង្កេតទៅលើរឿងហេតុនេះ៕