មិនធម្មតា! មន្ទីរសាធារណការរាជធានីភ្នំពេញប្រើ “រ៉ូបូកាមេរ៉ា” ពិនិត្យប្រព័ន្ធលូ

ភ្នំពេញ៖ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានសហការជាមួយអ្នកជំនាញការ មកពីទីក្រុង Kitakyushu ប្រទេសជប៉ុន និងដោយមានការចូលរួមពីតំណាងអង្គការ JICA Cambodia Office ផងនោះ បានអនុវត្តសាកល្បងប្រើឧបករណ៍ប្រតិបត្តិការត្រួតពិនិត្យក្នុងប្រព័ន្ធលូ (រ៉ូបូកាមេរ៉ា) នៅចំណុចតាមបណ្ដោយផ្លូវនេហ៍រុ ក្នុងសង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក។

មន្ទីរសារធារណការរាជធានីភ្នំពេញ ឱ្យដឹងនៅថ្ងៃទី ២៧ ខែមិថុនានេះ ថា ឧបករណ៍ប្រតិបត្តិការត្រួតពិនិត្យក្នុងប្រព័ន្ធលូ (រ៉ូបូកាមេរ៉ា) ជាជំនួយឧបត្ថម្ភរបស់ គម្រោង KUSANONE ទីក្រុងKitakyushu ប្រទេសជប៉ុន ដែលជាឧបករណ៍វៃឆ្លាត អាចជួយឱ្យយើងអាចពិនិត្យឃើញដោយផ្ទាល់ពីបញ្ហាផ្សេងៗនៅក្នុងប្រព័ន្ធលូបង្ហូរទឹក ដូចជាការកកស្ទះដោយដី ឬសម្រាម ជញ្ជាំងឬបំពង់លូមានភាពខូចខាត ប្រេះស្រាំនិងមានឫសឈើជាដើម ។ល។

ប្រភពដដែលនេះបន្តថា ក្រោយពីទទួលការបណ្ដុះបណ្ដាល និងអនុវត្តការថែទាំប្រព័ន្ធលូ ដល់មន្ត្រីជំនាញ របស់មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញរួចមក នាពេលអនាគតយើងរំពឹងថាការងារគ្រប់គ្រង ថែទាំប្រព័ន្ធលូ កាន់តែមានភាពប្រសើរឡើង និងមានប្រសិទ្ធភាពខ្ពស់ ដើម្បីកាត់បន្ថយការជន់លិចក្នុងរាជធានីភ្នំពេញ៕