ហាមខ្ចីប្រាក់តាមអនឡាញ! ស្ត្រីម្នាក់រងគ្រោះ ព្រោះខ្ចីប្រាក់តាមអនឡាញ ក៏សម្រេចចិត្តប្តឹងម្ចាស់ប្រាក់កម្ចី ក្រោយបង្ហោះរូបបរិហារជាសាធារណ:លើហ្វេសប៊ុក

បន្ទាយមានជ័យ: នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង ១៦ និង ៣០នាទី ការិយាល័យជំនាញប្រឆាំងបទល្មើសបច្ចេកវិទ្យា បានទទួលពាក្យបណ្តឹងពីស្ត្រីម្នាក់ ឈ្មោះ ធាន សាមួន ភេទ ស្រី អាយុ ២៣ ឆ្នាំ រស់នៅភូមិផ្គាំ ឃុំ ផ្គាំ ស្រុក ស្វាយចេក ខេត្តបន្ទាយមានជ័យ ពាក់ពន្ធ័ករណីវិវាទចងការប្រាក់តាមអនឡាញ។ នេះបើតាមស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យនៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣។

ពាក់ព័ន្ធនឹងបញ្ហានេះ លោក សោម សារុន នាយការិយាល័យ នគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា បានឲ្យដឹងថា យោងពាក្យបណ្តឹងនារីរងគ្រោះបានរៀបរាប់ថា កាលពីថ្ងៃទី២២ ខែ មីនា ឆ្នាំ២០២៣ ខ្លួនបាន កម្ចីប្រាក់តាមអនឡាញ ដែលមានឈ្មោះថា” ត្រូវការលុយបង្វិល Online “ចំនួន ៥០ដុល្លារ តែខាងកម្ចី ឲ្យតែ ៣២ ដុល្លារ ក្នុងរយះពេល ១ សប្តាហ៍ត្រូវសង ចំនួន ៥០ ដុល្លារ។ ដល់ថ្ងៃត្រូវសង ខ្លួនគ្មាន លទ្ធភាពសង ក៏មានខាងកម្ចីអនឡាញ ម្នាក់ផ្សេងទៀត ទូរស័ព្ឌមកផ្តល់កម្ចី ៥០ ដុល្លារ ត្រូវសង ដូចកម្ចីលើកមុន។ ដោយសារខ្លួនគ្មានលទ្ធភាពសង។ ខ្លួនបាន កម្ចីតាមអនឡាញ ផ្សេងៗបន្ថែមទៀត រហូតដល់ ១៤ លើក (១៤ លាន) សរុបប្រាក់ដើម ៣០០០ ដុលារ។

លោកបន្តថា លុះ នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣ ខ្លួនបានទំនាក់ទំនងជាមួយ ខាងកម្ចី សុំសងតែដើម ៣០០០ ដុល្លារ។ តែខាងកម្ចីមិនព្រម។ ទើបយករូបភាព ក្រុមគ្រួសារ បងប្អូនមិត្តភក្ដិ មកធ្វើការបង្ហោះ បរិហាកេរ្តិ៍ និងគំរាមគំហែង។

ដោយឡែកនៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង ១២ និង ៣០នាទី ខាងបងប្អូន មិត្តភក្តិ បានឲ្យខ្លួន ទាក់ទងសារព័ត៌មាន” អាបងស្អាត” ដើម្បីឡាយក្នុងហ្វេសបុក បកស្រាយអំពីកម្ចីតាមអនឡាញ ថា មិនជាប់ពាក់ព័ន្ធ និង បងប្អូនមិត្តភក្តិទេ គឺ ខ្លួនធ្វើការកម្ចីតែម្នាក់ឯងទេ គឺមិនបានយកឈ្មោះ បងប្អូន មិត្តភក្តិ មកធានាទេ។

ករណីនេះ ដោយអនុវត្តន៍តាមបទបញ្ជារបស់លោក សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ លោកបានដឹកនាំកម្លាំង ការិយាល័យជំនាញប្រឆាំងបទល្មើសបច្ចេកវិទ្យាបានកំពុងបើកធ្វើការស្រាវជ្រាវ ដោយយកចិត្តទុកដាក់ ជុំវិញករណី បរិហាកេរ្ដិ៏សាធារណៈ និងគំរាមគំហែងនេះ ដើម្បីចាត់ការតាមនីតិវិធី៕