បញ្ជូនបុរសម្នាក់ដែលបុកសមត្ថកិច្ចចរាចរណ៍នៅចំណុចស្តុបផ្សារដីហុយទៅកាន់សាលាដំបូងរាជធានីភ្នំពេញ

រាជធានីភ្នំពេញ ៖ សមត្ថកិច្ច នៃការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកនៅព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣ បានបញ្ជូនបុរសម្នាក់ដែលជាម្ចាស់រថយន្តបើកល្មើសភ្លើងសញ្ញាចរាចរណ៍ និងបុកសមត្ថកិច្ចកាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣ នៅចំណុចស្តុបផ្សារដីហុយ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីអនុវត្តបន្តនីតិវិធីច្បាប់។ នេះបើតាមអគ្គស្នងការដ្ឋាននគរបាលជាតិនៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣។

សូមរំលឹកថា កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣ ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចេញសេចក្តីបកស្រាយបំភ្លឺ និងបដិសេធព័ត៌មានទាក់ទងទៅនឹងការបង្ហោះវីដេអូចែកចាយតាមបណ្ដាញសង្គមថា មានករណីសមត្ថកិច្ចវាយបំបែកកញ្ចក់រថយន្ត គឺជាការផ្សព្វផ្សាយព័ត៌មានមិនពិត ក្នុងគោលបំណងអាក្រក់ទម្លាក់កំហុសមកលើមន្ត្រីអនុវត្តច្បាប់។

តាមការពិតជាក់ស្ដែង នៅវេលាម៉ោង ២:៤០នាទីរសៀលថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣ មានរថយន្តមួយគ្រឿងម៉ាក Toyota Prius ពណ៌ប្រផេះ ពាក់ស្លាកលេខ 2BT-0591 បានបើកបរល្មើសភ្លើងសញ្ញាចរាចរណ៍ (ល្មើសភ្លើងស្តុបក្រហម) នៅចំណុចស្តុបស្ពានអាកាសផ្សារដីហុយ ពេលនោះសមត្ថកិច្ចបានចេញមកឃាត់ តែអ្នកបើកបរមិនត្រឹមតែមិនព្រមឈប់ ថែមទាំងបន្ថែមល្បឿនបើកបុកសមត្ថកិច្ចថែមទៀតផង ដោយឃើញស្ថានភាពបែបនេះសមត្ថកិច្ចបានផ្តេកខ្លួនទៅរថយន្ត ឃើញដូច្នេះអ្នកបើកបររថយន្តមិនព្រមឈប់ នៅតែបើកបរទៅមុខរហូតដល់ចម្ងាយជាង ១គីឡូ។ ដោយមាការចេញជួយឃាត់ពីប្រជាពលរដ្ឋនៅម្ដុំនោះទើបរថយន្តបង្កព្រមឈប់ ជាសំណាងល្អដែលមិនបណ្ដាលឲ្យមានគ្រោះថ្នាក់ដល់សមត្ថកិច្ច ត្រឹមតែរងរបួសតែប៉ុណ្ណោះ។

ពេលនេះសមត្ថកិច្ចជំនាញកំពុងឃាត់ខ្លួនម្ចាស់រថយន្ត យកមកការិយាល័យចរាចរណ៍ផ្លូវគោក ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីអនុវត្តបន្តតាមនីតិវិធីច្បាប់៕