សម្តេច ស ខេង ៖ វិសោធនកម្មច្បាប់បោះឆ្នោតអនុម័តរួច មិនប៉ះពាល់ទៅដល់សិទ្ធិបោះឆ្នោតរបស់ប្រជាពលរដ្ឋឡើយ

ភ្នំពេញ ៖ សម្តេច ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃតំណាងរាជរដ្ឋាភិបាល បានអះអាងថា ក្រោយវិសោធនកម្មច្បាប់បោះឆ្នោតអនុម័តរួចហើយ គឺមិនប៉ះពាល់ទៅដល់សិទ្ធិបោះឆ្នោតរបស់ប្រជាពលរដ្ឋឡើយ ដោយពលរដ្ឋទៅបោះឬមិនបោះជាសិទ្ធិរបស់ពួកគាត់ គ្មានអ្នកណាចាប់បង្ខំ។

ការអះអាងពីសំណាក់រដ្ឋមន្រ្តីមហាផ្ទៃនេះ បន្ទាប់ពីសេចក្តីព្រាងវិសោធនកម្មច្បាប់បោះឆ្នោតដែលមានចំនួន៨មាត្រា ត្រូវបានសមាជិករដ្ឋសភាចំនួន១១១រូប នៃចំនួនសមាជិកសភាទាំងមូល បានលើកដៃអនុម័តជាឯងច័ន្ទនៃខ្លឹមសារទាំងស្រុងក្នុងសម័យប្រជុំពេញអង្គរដ្ឋសភា លើកទី៩ នីតិកាលទី៦ ក្រោមអធិបតីភាពសម្ដេច ហេង សំរិន ប្រធានរដ្ឋសភា នាព្រឹកថ្ងៃ២៣ មិថុនា។

សម្តេច ស ខេង តំណាងរាជរដ្ឋាភិបាលបានថ្លែងការពារក្នុងសម័យប្រជុំពេញនោះថា សេចក្តីព្រាងវិសោធនកម្មច្បាប់បោះឆ្នោតត្រូវបានតំណាងរាជរដ្ឋាភិបាលជួបពិភាក្សាជាមួយគណៈកម្មាធិការជំនាញរដ្ឋសភា កាលពីពេលកន្លងមក ដោយពេលនោះគណៈកម្មការទាំងអស់នៃរដ្ឋសភាបានឯកភាពទាំងស្រុងនៃខ្លឹមសារដែលរាជរដ្ឋាភិបាលដាក់មក។

សម្តេច ស ខេងបន្តថា សេចក្តីព្រាងវិសោធនកម្មច្បាប់បោះឆ្នោតនេះមានខ្លឹមសារពាក់ព័ន្ធតែលក្ខខណ្ឌឲ្យគេឈរឈ្មោះបោះឆ្នោតឲ្យប៉ុណ្ណោះ ដោយមិនបានធ្វើឲ្យប៉ះពាល់ឡើយនូវសិទ្ធិបោះឆ្នោតប្រជាពលរដ្ឋខ្មែរដែលធានាដោយរដ្ឋធម្មនុញ្ញកម្ពុជា។

សម្តេចគូសបញ្ជាក់ថា «ដូចនេះការទៅបោះឆ្នោត ឬការមិនទៅបោះឆ្នោត នៅតែជាសិទ្ធិរបស់ប្រជាពលរដ្ឋខ្មែរ និងពុំមានជាកាតព្វកិច្ចដែលមានចរិកចាប់បង្ខំឲ្យទៅបោះឆ្នោតនោះទេ។ ចំពោះអ្នកដែលមិនបានទៅបោះឆ្នោតជ្រើសតាំងអ្នកតំណាងរាស្ត្រឆ្នាំ២០២៣នេះ ពលរដ្ឋដែលមានបំណងឈរឈ្មោះឲ្យគេបោះឆ្នោត និងត្រូវបាត់បង់នូវសិទ្ធឈរឈ្មោះឲ្យគេបោះឆ្នោតសម្រាប់ការបោះឆ្នោតចំនួន៤បន្តបន្ទាប់គ្នា»។

សម្តេច ស ខេងថា ការបោះឆ្នោតចំនួន៤ត្រូវអាចឈរឈ្មោះបានមាន ៖ ១.ការបោះឆ្នោតជ្រើសសមាជិកព្រឹទ្ធសភានីតិកាលទី៥ ឆ្នាំ២០២៤ , ២.ការបោះឆ្នោតក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤ , ៣.ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៦ នៅឆ្នាំ២០២៧ និង៤.ការបោះឆ្នោតជ្រើសតាំងអ្នកតំណាងរាស្ត្រនៅអាណត្តិទី៨នៅឆ្នាំ២០២៨។

ជាមួយគ្នានោះដែរ សម្តេចក៏បានលើកឡើងថា វិសោធនកម្មច្បាប់បោះឆ្នោតក៏បានចែងពីទោសផងដែរពោលគឺអ្នកដែលរារាំងប្រជាពលរដ្ឋមានសិទ្ធិបោះឆ្នោតមិនឲ្យទៅបោះឆ្នោត និងអ្នកដែលបានណែនាំ ឬញុះញង់ ឲ្យអ្នកបោះឆ្នោតបំផ្លាញ ឬធ្វើឲ្យខូចសន្លឹកឆ្នោត ត្រូវពិន័យជាប្រាក់ពី៥លានទៅ២០លានរៀល និងដកហូរសិទ្ធិឈរឈ្មោះឲ្យគេបោះឆ្នោតរយៈពេលយ៉ាងតិច៥ឆ្នាំ។ ចំពោះគណបក្សនយោបាយវិញក៏ត្រូវរងការផាកពិន័យជាប្រាក់ពី១០លានរៀលទៅ៣០លានរៀល និងអាចដកហូតសិទ្ធិជាបណ្តឡអាសន្ននៃសិទ្ធិចូលរួមបោះឆ្នោតរយៈពេល៥ឆ្នាំបន្ថែម ពីទោសផ្សេងទៀតដែលមានក្នុងច្បាប់ជាធរមាន។

សម្តេច ស ខេង ក៏បានលើកឡើងឲ្យដឹងថា ការធ្វើវិសោធនកម្មច្បាប់បោះឆ្នោតនេះ មានគោលបំណងការពារដំណើរការបោះឆ្នោតពីផែនការ ឬឧបាយកលនយោបាយនានានៃការប៉ុងប៉ង បំផ្លាញការបោះឆ្នោត។ ការធ្វើវិសោធនកម្មច្បាប់នេះ ក៏រួមចំណែកលើកស្ទួយគុណតម្លៃ នៃលទ្ធិប្រជាធិបតេយ្យសេរីពហុបក្សដែលមានចែងក្នុងរដ្ឋធម្មនុញ្ញជាច្បាប់កំពូលរបស់ជាតិក៏ដូចជាការលើកកម្ពស់ការទទួលខុសត្រូវរបស់អ្នកនយោបាយដែលមានបំណងឈរឈ្មោះឲ្យគេបោះឆ្នោត ក្នុងការគោរពករណីយកិច្ចរបស់ខ្លួនក្នុងសង្គមប្រជាធិបតេយ្យ៕