បន្ទាយមានជ័យ៖ ជិះម៉ូតូឌុបគ្នា២នាក់បងប្អូនឆ្លងផ្លូវ មិនប្រយ័ត្នត្រូវបានរថយន្តហ្វតសេរីឆ្នាំ២០២៣បុកពេញទំហឹងបណ្តាលស្លាប់ម្នាក់និងរបួសធ្ងន់ម្នាក់នៅល្ងាចថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣ តាមបណ្តោយផ្លូវជាតិលេខ៥ស្ថិតភូមិ ឃុំបន្ទាយនាង ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។
របាយការណ៍របស់សមត្ថកិច្ច ឱ្យដឹងថា ជនរងគ្រោះដែលស្លាប់មានឈ្មោះ ចិត្ត ភេទប្រុស អាយុ៣០ឆ្នាំ(ត្រូវជាបងប្រុស)ជនរងគ្រោះដែលរបួសធ្ងន់ឈ្មោះ រុណ ភេទប្រុសអាយុ១៨ឆ្នាំ(ត្រូវជាប្អូនប្រុសពៅ)ដែលរស់នៅភូមិពង្រ ឃុំបន្ទាយនាង ស្រុកមង្គលបូរី។
ប្រភពពីកន្លែងកើតហេតុឱ្យដឹងថា មុនពេលគ្រោះថ្នាក់ចរាចរណ៍កើតឡើងជនរងគ្រោះ២នាក់បងប្អូនបានជិះម៉ូតូម៉ាក់ហុងដាឌ្រីមឆ្លងបំបែកពីខាងកើតមកលិចហើយមានរថយន្តម៉ាក់ហ្វតសេរីឆ្នាំ២០២៣ពាក់ផ្លាក់លេខភ្នំពេញ2BU.5682បានបើកបរតាមផ្លូវជាតិលេខ៥ទិសដៅពីជើងត្បូងក្នុងកន្លងផ្លូវខាងស្តាំបានបុកពេញទំហឹងបណ្តាលជនរងគ្រោះម្នាក់ជាបងប្រុសស្លាប់និងកន្លែង និងប្អូនប្រុសរបួសធ្ងន់ត្រូវបានសង្គ្រោះបន្ទាន់ទៅកាន់មន្ទីពេទ្យ។
ក្រោយថ្នាក់ចរាចរណ៍កើតឡើងឃើញមានមន្ត្រីនគរបាលចរាចរណ៍ផ្លូវគោកស្រុកមង្គលបូរីបានដល់កន្លែងកើតហេតុនិងធ្វើការសម្រួលចរាចរណ៍ដល់អ្នកដំណើរហើយធ្វើការវាស់វែងហើយប្រគល់សាកសពជូនសាច់ញាតិជនរងគ្រោះដឹកតាមគោយន្តកន្ត្រៃទៅផ្ទះដើម្បីធ្វើបុណ្យតាមប្រពៃណី ហើយមន្ត្រីនគរបាលជំនាញបានបញ្ជាក់ថា៖មូលហេតុដែលគ្រោះថ្នាក់ចរាចរណ៍កើតឡើងគឺជនរងគ្រោះបានជិះម៉ូតូឆ្លងផ្លូវបំបែកពីកើតមកលិចត្រូវបានរថយន្តមកពីជើងទៅត្បូងបុកពេញទំហឹងបណ្តាលស្លាប់ម្នាក់និងកន្លែងរបួសធ្ងន់ម្នាក់ត្រូវបានសង្គ្រោះបន្ទាន់ទៅកាន់មន្ទីពេទ្យ។
ក្រោយពិនិត្យវាស់វែងហើយរថយន្តបង្កនិងម៉ូតូជនរងគ្រោះត្រូវបានរថយន្តសន្ទូចស្ទូចយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកមង្គលបូរី ដើម្បីដោះស្រាយគ្នាតាមច្បាប់៕