សម្តេច ស ខេង ៖ រាជរដ្ឋាភិបាលនីតិកាលទី៦ នៃរដ្ឋសភា បានចាត់តាំងក្រុមការងាររាជរដ្ឋាភិបាលជាង ៤ ម៉ឺននាក់ពង្រាយនៅទូទាំងប្រទេស

ភ្នំពេញ៖ សម្ដេច ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប.) បានលើកឡើងថា រាជរដ្ឋាភិបាលសម្រាប់នីតិកាលទី៦ នៃរដ្ឋសភា បានបន្តរៀបចំចាត់តាំងក្រុមការងាររាជរដ្ឋាភិបាលជាង ៤ម៉ឺននាក់ ក្នុងនោះ មានមន្ត្រីមកពីថ្នាក់ជាតិជាង ២ម៉ឺននាក់ ត្រូវបានដាក់ពង្រាយនៅតាមរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ និងភូមិនានា ទូទាំងប្រទេសកម្ពុជា។

ការលើកឡើងរបស់ សម្តេច ស ខេង ធ្វើឡើងនារសៀលថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣ ក្នុងពេលសម្តេច អញ្ជើញចូលរួមក្នុងពិធីបិទកិច្ចប្រជុំបូកសរុបសកម្មភាព និងលទ្ធផលការងាររបស់ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានរាជធានី ខេត្ត ក្នុងអាណត្តិរាជរដ្ឋាភិបាល សម្រាប់នីតិកាលទី៦ នៃរដ្ឋសភា និងទិសដៅបន្ត ក្រោមអធិបតីភាព សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលពិធីនេះធ្វើឡើងនៅវិមានសន្តិភាពរាជធានីភ្នំពេញ។

សម្ដេច ស ខេងបន្ដថា ក្នុងរយៈពេល ៥កន្លងមកនេះ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន បានយកអស់កម្លាំងកាយ ស្មារតី ខិតខំប្រឹងប្រែង បំពេញការងារចុះមូលដ្ឋានយ៉ាងសកម្ម និងសម្រេចបានសមិទ្ធផលនានាជាច្រើនស្ទើគ្រប់វិស័យ ហើយក្រុមការងារគ្រប់លំដាប់ថ្នាក់ បានរួមគ្នាចុះជួបប្រជាពលរដ្ឋដោយផ្ទាល់នៅតាមមូលដ្ឋាន និងនៅតាមខ្នងផ្ទះ និងបានរៀបចំវេទិការសាធារណៈ ជាមួយប្រជាពលរដ្ឋនៅតាមមូលដ្ឋានជាប់ជាប្រចាំ ដើម្បីស្វែងយល់ដោយផ្ទាល់នូវបញ្ហាប្រឈមនានា ជាក់ស្តែងដែលកើតមាននៅតាមមូលដ្ឋាន និងទទួលយកសំណើរសំណូមពរបស់ប្រជាពលរដ្ឋ ដើម្បីដាក់ចេញនូវវិធានការជំរុញ ដោះស្រាយប្រកបដោយប្រសិទ្ធភាព និងទាន់ពេលវេលា ស្របតាមតួនាទីសមត្ថកិច្ច របស់ក្រសួង-ស្ថាប័ន និងរដ្ឋាបាលថ្នាក់ក្រោមជាតិ ពាក់ព័ន្ធដោយផ្អែកលើលិខិតបទដ្ឋាន គតិយុទ្ធជាធរមាន។

សម្ដេចបន្ថែមថា ទន្ទឹមនឹងនេះ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ក៏បានយកចិត្តទុកដាក់ ផ្សព្វផ្សាយអប់រំប្រជាពលរដ្ឋអំពីគោលនយោបាយ និងវិធានការនានា របស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីលើកកម្ពស់ការចូលរួមរបស់ប្រជាពលរដ្ឋ ក្នុងការអភិវឌ្ឍន៍សង្គមជាតិលើគ្រប់វិស័យ ពិសេសក្នុងពេលដែលមានជំងឺកូវីដ-១៩ ផ្ទុះឡើង ក្នុងឆ្នាំ២០១៩។

សម្ដេច ស ខេង បន្ថែមទៀតថា ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានរាជធានី-ខេត្ត ក៏បានចុះទៅអប់រំប្រជាពលរដ្ឋអំពីវិធានការសុខាភិបាល ការចូលរួមចាក់វ៉ាក់សាំង និងកៀរគរគាំទ្រសម្ភារៈផ្សេងៗ ដើម្បីការពារការឆ្លងកូវីដ១៩ ព្រមទាំងការចូលរួមជួយឧបត្ថម្ភគាំទ្រជាស្បៀង គ្រឿងឧបភោគបរិភោគដល់ក្រុមគ្រួសារប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាត និងជនងាយរងគ្រោះនៅមូលដ្ឋានដោយមិនមានការរើសអើង ផ្អែកតាមសកម្មភាពចុះបំពេញការងារមូលដ្ឋាន ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ដោយមានការគាំទ្រ និងកម្លាំងមានសមត្ថកិច្ចពាក់ព័ន្ធ និងដោយមានការគាំទ្រការចូលរួមពីប្រជាពលរដ្ឋរួមគ្នាថែរក្សា ពង្រឹងសន្តិភាព ស្ថេរភាពនយោបាយដោយរក្សាបានសុវត្ថិភាពសារធារណៈ ជំរុញឱ្យមានការអភិវឌ្ឍន៍សង្គមលើគ្រប់វិស័យក្នុងមូលដ្ឋាន។

នាឱកាសនោះដែរ សម្ដេច ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាលបានមានប្រសាសន៍លើកឡើងថា ក្រោយថ្ងៃ ៧ មករា ១៩៧៩ រហូតមកដល់បច្ចុប្បន្នរាជរដ្ឋាភិបាលកម្ពុជា បានរៀបចំផែនការចុះពង្រឹងមូលដ្ឋាន ដើម្បីផ្សារភ្ជាប់ភាពជិតស្និតរវាងរាជរដ្ឋាភិបាលជាមួយប្រជាពលរដ្ឋ ចូលរួមដោះស្រាយបញ្ហាប្រឈមនានា នៅតាមមូលដ្ឋានទូទាំងប្រទេស ដោយទទួលបានសមិទ្ធផលសំខាន់ៗផងដែរ។

សម្ដេច បន្ដថា រាជរដ្ឋាភិបាលកម្ពុជា គឺជារដ្ឋាភិបាលដែលបម្រើផលប្រយោជន៍ប្រទេសជាតិ និងប្រជាជន នៅតែបន្តចាត់ទុកការរៀបចំក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន គឺជាការលើកកម្ពស់គណនេយ្យភាព តម្លាភាព និងការទទួលខុសត្រូវ រួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋគ្រប់គ្រាលំបាក និងគ្រប់កាលៈទេសៈ។

សម្ដេច នាយករដ្ឋមន្ដ្រី បន្ថែមថា ដូច្នេះសម្រាប់ដំណាក់កាលពីពេលនេះរហូតដល់ពេលរដ្ឋាភិបាលថ្មី ដែលកើតចេញពីការបោះឆ្នោតចូលកាន់តំណែង ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានត្រូវបន្តចុះបំពេញបេសកកម្មតាមូលដ្ឋានឱ្យបានសស្រាក់សស្រាំ តាមរយៈការពង្រឹងកិច្ចការសំខាន់ៗ រួមមាន ៖ ត្រូវបន្តថែរក្សាពង្រឹងសុខសន្ដិភាព ស្ថិរភាព និងរក្សាការពារសណ្ដាប់ធ្នាប់ នៅតាមមូលដ្ឋានឱ្យបានល្អប្រសើរ ដើម្បីបន្តជំរុញការអភិវឌ្ឍសង្គម សេដ្ឋកិច្ច ការលើកកម្ពស់ជីវភាពប្រជាជន។ ត្រូវបង្កបរិយាកាសល្អប្រសើរ សម្រាប់ការបោះឆ្នោតថ្នាក់ជាតិ ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខ។

សម្ដេច ហ៊ុន សែន បន្ថែមថា ត្រូវសហការអប់រំ បំផុស លើកទឹកចិត្តប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត អញ្ជើញទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា ហើយត្រូវចូលរួមគោរពអនុវត្តឱ្យបានត្រឹមត្រូវនូវច្បាប់ បទបញ្ជា នីតិវិធីនៃការបោះឆ្នោត សំដៅរួមគ្នាធានាឱ្យមានបោះឆ្នោត ខាងមុខនេះ ប្រព្រឹត្តទៅប្រកបដោយលក្ខណៈសេរី ត្រឹមត្រូវ យុត្តិធម៌ ដើម្បីបន្តជំរុញ និងលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ និងការអភិវឌ្ឍប្រទេសជាតិ ឱ្យកាន់តែមានការរីកចម្រើនបន្ថែមទៀត។

ជាមួយគ្នានេះ សម្ដេច ហ៊ុន សែន ក៏បានគូសបញ្ជាក់ទៀតថា ត្រូវពង្រឹង និងចាត់វិធានការស្របតាមច្បាប់ដើម្បីការពារ រារាំងគ្រប់សកម្មភាពដែលប៉ុនប៉ងបំផ្លាញដល់ដំណើរការបោះឆ្នោត ដែលនឹងប្រព្រឹត្តទៅនាពេលឆាប់ៗខាងមុខនេះ។ ត្រូវខិតខំរួមគ្នាធានាប្រក្រតីភាព និរន្តភាព និងប្រសិទ្ធភាព ការងារនៅតាមក្រសួងស្ថាប័ន និងរដ្ឋបាលគ្រប់ថ្នាក់នៅថ្នាក់ក្រោមជាតិ ដើម្បីជំរុញការអភិវឌ្ឍសង្គម សេដ្ឋកិច្ច ប្រកបដោយចីរភាព ដោយបង្កើនការយកចិត្តទុកដាក់ក្នុងការផ្ដល់សេវាសាធារណៈ ជាមួយនឹងការដោះស្រាយសំណូមពរនានារបស់ប្រជាពលរដ្ឋ ក៏ដូចជាបញ្ហាប្រឈមនៅតាមមូលដ្ឋាន ប្រកបដោយតម្លាភាព ប្រសិទ្ធភាព រហូតដល់រាជរដ្ឋាភិបាលថ្មី ដែលកើតចេញពីការបោះឆ្នោតចូលកាន់តំណែង៕