ឆេះផ្ទះប្រជាពលរដ្ឋ ២ ខ្នង និងរាលដាលដល់ផ្ទះ ២ខ្នងទៀត នៅច្បារអំពៅ គិតជាប្រាក់ប្រមាណ ៤ ម៉ឺន ដុល្លារ

ភ្នំពេញ៖ ផ្ទះប្រជាពលរដ្ឋចំនួន០២ខ្នង ត្រូវអគ្គិភ័យលេបត្របាក់អស់ទាំងស្រុង និងផ្ទះចំនួន០២ខ្នងទៀតរងការខូចខាតអស់ប្រហែល៣០% កាលពីវេលាម៉ោង ១និង០០នាទីរសៀល ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៣ ដែលស្ថិតនៅតាមបណ្តោយផ្លូវបេតុង ភូមិមិត្តភាព១ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ គិតជាទឹកប្រាក់ប្រមាណ ៤ ម៉ឺនដុល្លារអាមេរិក។

លោក ព្រហ្ម យ៉ន នាយការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ហេតុការណ៍អគ្គិភ័យឆាបឆេះខាងលើនេះ គឺបណ្តាលមកពីឆ្លងចរន្តអគ្គីសនីបង្ករជាអគ្គិភ័យ ក្នុងនោះបានបណ្តាលឲ្យឆាបឆេះផ្ទះអស់ចំនួន ០២ខ្នងទាំងស្រុង និងរាលដាលដល់ផ្ទះចំនួន ០២ខ្នងទៀតប្រហែល៣០%, សាឡុង ១ឈុត, ម៉ាស៉ីនដេកចំនួន០៤, មាស០៥ជី និងលុយចំនួន ៤០០០០ដុល្លារ។

លោកបន្តថា អគ្គិភ័យខាងលើនេះ ត្រូវបានគ្រប់គ្រងបានទាំងស្រុងនៅវេលាម៉ោង ២និង០០នាទីរសៀលនាថ្ងៃដដែល ដោយក្នុងនោះប្រើប្រាស់រថយន្តការិយាល័យរាជធានីភ្នំពេញ ចំនួន ០២គ្រឿង ប្រើប្រាស់ទឹកអស់ ០២ឡាន ស្មើរនឹង ០៨ម៉ែត្រគូប និងរថយន្តជំនួយមកពីក្រសួងមហាផ្ទៃ ចំនួន ០១គ្រឿង ប្រេីប្រាស់ទឹកអស់ ០១ឡាន ស្មេីរនឹង ០៨ម៉ែត្រគូប, រថយន្តស្នងការដ្ឋានហិរញ្ញកិច្ច និងភស្តុតាង ក្រសួងមហាផ្ទៃ ចំនួន ០២គ្រឿង ប្រេីប្រាស់ទឹកអស់ ០២ឡាន ស្មេីរនឹង ១៦ម៉ែត្រគូប, រថយន្តសាលាខណ្ឌច្បារអំពៅ ចំនួន ០១គ្រឿង ប្រេីប្រាស់ទឹកអស់ ០១ឡាន ស្មេីរនឹង ០៤ម៉ែត្រគូប, រថយន្តបុរី ប៉េង ហួត បឹងស្នោ ចំនួន ០២គ្រឿង ប្រេីប្រាស់ទឹកអស់ ០២ឡាន ស្មេីរនឹង ២០ម៉ែត្រគូប, រថយន្តទីក្រុងកោះនរា ចំនួន ០២គ្រឿង ប្រេីប្រាស់ទឹកអស់ ០២ឡាន ស្មេីរនឹង ២០ម៉ែត្រគូប៕