ឃាត់ខ្លួន ជនសង្ស័យ២នាក់ ក្នុងករណី យកកាំភ្លើងបាញ់រះជាច្រើនគ្រាប់ទៅលើរថយន្ត១គ្រឿងនៅក្រុងព្រះសីហនុ

ព្រះសីហនុ៖ នគរបាលនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានឃាត់ខ្លួនជនសង្ស័យចំនួន ២ នាក់ពាក់ព័ន្ធនឹង ករណីផ្ទុះអាវុធបានកើតឡើង បង្កដោយជនសង្ស័យចំនួន២នាក់ បានបាញ់រះជាច្រើនគ្រាប់ ទៅលើរថយន្តម៉ាក Prius ១គ្រឿង នៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ ២០២៣ វេលាម៉ោង៩:៤០នាទី នៅចំណុចម្តុំឆ្នេរអូរឈើទាល ស្ថិតក្នុងភូមិ៤ សង្កាត់លេខ៤ ខេត្តព្រះសីហនុ។

លោក ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៣ ឱ្យដឹងថា ក្រោយពីទទួលបានព័ត៌មាននេះភ្លាម លោកក៏បានដាក់បញ្ជារផ្ទាល់ទៅកម្លាំងចម្រុះ និងបានសហការជាមួយកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលដោយបើកប្រតិបត្តិការយ៉ាងយកចិត្តទុកដាក់បំផុត រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យទាំង២នាក់ ភេទប្រុស នៅវេលាម៉ោង០០:៥០នាទីរំលងអធ្រាត្រថ្ងៃទី០៩ ខែ-ឆ្នាំដដែលយកមកសួរនាំ។

លោក បន្តទៀតថា ជនងសង្ស័យបានធ្វើសកម្មភាពដោយប្រើមធ្យោបាយជិះម៉ូតូ១គ្រឿងម៉ាក ហុងដា សេ១២៥ ពណ៌ខ្មៅ គ្មានស្លាកលេខ បានបាញ់រះជាច្រើនគ្រាប់ ទៅលើរថយន្ត ១គ្រឿង ម៉ាក Prius ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ព្រះសីហនុ 2B-6673។

លោកបន្ថែមថា ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចខេត្តបានដកហូត វត្ថុតាង និងសម្ភារមួយចំនួន រួមមាន សំបកគ្រាប់កាទុសចំនួន៣គ្រាប់, អាវុធខ្លី១ដើម ម៉ាកK59 មានលេខសម្គាល់ A7007, បង់១ មាន៣គ្រាប់ ,ស្រោមអាវុធខ្លី១ និងទូរស័ព្ទ២គ្រឿង និងម៉ូតូមួយគ្រឿង។

ករណីខាងលើនេះ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល កំពុងបន្តធ្វើការសួរនាំ តាមនិតិវិធីជំនាញ ដើម្បីចាត់វិធានការតាមច្បាប់៕